en     km
en     km

អ្នកជំនាញអប់រំណែនាំឱ្យសិស្សប្រឡងធ្លាក់បាក់ឌុបកុំបាក់ទឹកចិត្តតែងាកមករៀនជំនាញបន្ត

Share

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ បានលើកទឹកចិត្តដល់សិស្សដែលប្រឡងបាក់ឌុបធ្លាក់គួររៀនថ្នាក់ទី១២ ម្តងទៀត ឬគួររៀនជំនាញ គឺអាស្រ័យលើគោលបំណងនិងឧបនិស្ស័យរៀងៗខ្លួន។ លទ្ធផលបាក់ឌុប ជាចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់អ្នកសិក្សាគ្រប់រូប ប៉ុន្តែវាមិនគួរជាទីបញ្ចប់នៃការសិក្សាទេ។ ចំណែកលោក គួច ម៉េងលី គួរបន្តរៀនយកថ្នាក់បរិញ្ញាបត្ររងបន្ត តែមិនគួរទៅរៀនថ្នាក់ទី១២ឡើងវិញនោះទេ។

លោក គីម សុបញ្ញា រាយការណ៍

អ្នកជំនាញអប់រំផ្ដល់នូវការណែនាំទាំងនេះ ស្របពេលដែលក្រសួងអប់រំបាន នៅថ្ងៃទី២៣ ខែធ្នូនេះ បានចេញផ្សាយនូវលទ្ធផលប្រឡងបាក់ឌុបទូទាំងរាជធានី/ខេត្ត ដោយមានសិស្សជាប់៩០,៩៥០នាក់ ស្មើនឹង៧២.៣៣% នៃបេក្ខជនសរុប១២៥,៧៣៥នាក់ និងបេក្ខជនប្រឡងធ្លាក់៣៤,៧៨៥នាក់។ ក្នុងបេក្ខជនទទួលបាននិទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២,៤៥០នាក់។

លោក រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២៣ ខែធ្នូនេះថា ការសិក្សាជាដំណើរប្រព្រឹត្តទៅពេញមួយជីវិត។ អ្នកសិក្សាគ្រប់រូប ត្រូវបន្តមានក្តីសង្ឃឹមដើម្បីសម្រេចគោលបំណងជីវិត។ ក្នុងនាមជាមន្ត្រីអប់រំ ដែលយល់ច្បាស់ពីមនោសញ្ចេតនារបស់មាតាបិតាដែលមានសម្រាប់កូនៗ លោកលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យយល់ថានៅក្នុងជីវិតរបស់យើងតែងជួបជោគជ័យ និងបទពិសោធន៍ផ្សេងៗ។ លោកបានលើកឡើងក្នុងប្រសាសន៍ដើមថា៖

«យើងត្រូវយកបទពិសោធន៍ទាំងឡាយ ជាមេរៀនជីវិតដើម្បីកសាងអនាគត។ យើងមិនអាចកែប្រែអតីតកាលបានទេ។ អ្វីដែលសំខាន់គឺយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពហើយហ៊ានទទួលយកលទ្ធផលក្រោយការព្យាយាមអស់ពីចិត្តដើម្បីរៀបចំអនាគតឱ្យរឹតតែប្រសើរ។ ធ្វើដូចនេះទើបយើងគ្មានវិប្បដិសារី។ ការសម្រេចចិត្តរបស់មនុស្សយើងត្រូវឈរលើគោលបំណងជីវិតបុគ្គល។ យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិតរបស់យើង។ ការរៀនជំនាញមិនគួរជាជម្រើសទីពីរ របស់មនុស្សទេ។ មានន័យថា មនុស្សគ្រប់រូបអាចជ្រើសរើសរៀនជំនាញទោះជាប្រឡងបាក់ឌុបជាប់ ឬធ្លាក់ក៏ដោយ។ ប្រសិនបើបុគ្គលម្នាក់ស្រឡាញ់ជំនាញណាមួយគាត់អាចជ្រើសរើសរៀនជំនាញនោះបានក្រោយប្រឡងបាក់ឌុបជាប់។ អ្នកជាប់បាក់ឌុបក៏អាចជ្រើសរើសរៀនបន្តនៅកម្រិតឧត្ដមសិក្សាទៅតាមគោលបំណងជីវិត និងឧបនិស្ស័យរៀងៗខ្លួន។»

ទោះយ៉ាងណា លោក គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន  មានប្រសាសន៍ជាសារសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលប្រឡងធ្លាក់បាក់ឌុប គួរបន្តរៀនយកថ្នាក់បរិញ្ញាបត្ររង ហើយនៅពេលចប់បរិញ្ញាបត្ររង អាចបន្តយកបរិញ្ញាបត្រ តែមិនគួរទៅរៀនថ្នាក់ទី១២ឡើងវិញនោះទេ។ ចំពោះការលើកនេះ អ្នកជំនាញដដែលបានសោកស្ដាយថា យុវជនខ្មែរមួយចំនួនគ្មានអ្នកប្រឹក្សាយោបល់ ហើយក៏មិនបានគិតឱ្យបានស៊ីជម្រៅនោះដែរ នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបធ្លាក់ ក៏ចាប់ផ្ដើមចូលរៀនថ្នាក់ទី១២ឡើងវិញ។ លោកកត់សម្គាល់ឃើញថា សិស្សមួយចំនួនដែលរៀនថ្នាក់ទី១២ឡើងវិញក៏នៅតែប្រឡងធ្លាក់មួយឆ្នាំទៀត ដែលនាំឱ្យខាតពេលវេលានិងថវិកា ជាជាងការទៅរៀនបរិញ្ញាបត្ររង។

សម្រាប់លោក រស់ សុវាចា បញ្ជាក់ថា ការជ្រើសរើសមុខវិជ្ជាសម្រាប់រៀនសូត្រនៅកម្រិតឧត្តមសិក្សា និងជំនាញ គឺជាជម្រើសបុគ្គលនិងគ្រួសារដោយផ្សារភ្ជាប់រវាងចំណង់ចំណូលចិត្តនិងឧបនិស្ស័យផ្ទាល់ខ្លួននិងទីផ្សារការងារ។ កត្តារៀនសូត្របន្ត អាស្រ័យលើការពិចារណារបស់សាម៉ីខ្លួនដោយឈរលើមូលដ្ឋានចំនួនបួន គឺទី១-ការយល់ដឹងច្បាស់ពីមុខជំនាញ ទី២-ឧបនិស្ស័យបុគ្គល ទី៣-ការពិនិត្យមើលលទ្ធភាពផ្ទាល់ខ្លួន និង ទី៤-តម្រូវការទីផ្សារការងារ។

នាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡាចំនួនបី (នាយកដ្ឋានឧត្តមសិក្សា, នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងនាយកដ្ឋានយុវជន ដោយមានការរួមចំណែកពីក្រុមប្រឹក្សាយុវជនកម្ពុជា) បានចុះយុទ្ធនាការក្នុងការពន្យល់តម្រង់ទិសមុខជំនាញដល់សិស្សថ្នាក់ទី១២ នៅទូទាំងប្រទេស ដើម្បីបង្កើនការយល់ដឹងក្នុងការចាប់យកមុខជំនាញ អភិវឌ្ឍសង្គមសេដ្ឋកិច្ច៕

Share

ព័ត៌មានទាក់ទង

Image