en     km
en     km

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តដំណោះស្រាយបន្ទាន់ស្ដីពីអំពើហិង្សានៅភូមា

Share

 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាលើកទីមួយស្ដីពីដំណោះស្រាយអំពីហិង្សានៅភូមាកាលពីថ្ងៃពុធទី២១ ធ្នូ ឆ្នាំ២០២២។សេចក្តីសម្រេចនេះតម្រូវឱ្យរបបយោធាដែលបានឡើងកាន់កាប់អំណាចដោយរដ្ឋប្រហារ ត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអ្នកស្រីឱងសានសូជីផងដែរ ដើម្បីស្ថារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ដំណោះស្រាយនេះបានរំលឹកឡើងវិញនូវការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន 15 ឱ្យប្រទេសដែលមានទស្សនៈជំទាស់បន្តការសន្ទនា និងការផ្សះផ្សាគ្នា ដើម្បីជំរុញឱ្យភាគីទាំងអស់ “គោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងនីតិរដ្ឋ”។

លទ្ធផលនៃការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខគឺ 12-0 សំឡេង ដែលប្រទេស៣ទៀតបោះឆ្នោតអនុប្បវាទគឺ ចិន រុស្ស៊ី និងឥណ្ឌា។

លោក Barbara Woodward ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា វាគឺជាការអនុម័តលើកដំបូងដោយស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីប្រទេសភូមាបានចូលអង្គការសហប្រជាជាតិក្នុងឆ្នាំ 1948 ។លោកបានបន្ថែមថាដោយសារយោធាបានបំផ្លាញលទ្ធផលនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងដណ្តើមអំណាចកាលពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 ធ្វើឱ្យភូមាធ្លាក់ចូលក្នុងវិបត្តិជាបន្តបន្ទាប់និងមាន “អស្ថិរភាពតំបន់”។ លោក Woodward បាននិយាយថា “ថ្ងៃនេះ យើងបានផ្ញើសារយ៉ាងម៉ឺងម៉ាត់មួយទៅកាន់របបយោធាភូមាថា វាច្បាស់ពិតប្រាកដហើយ យើងរំពឹងថាដំណោះស្រាយនេះនឹងត្រូវអនុវត្តយ៉ាងពេញលេញ” ។ “យើងឈរជាមួយប្រជាជនមីយ៉ាន់ម៉ា។ ដល់​ពេល​ដែល​របប​យោធា​ត្រូវ​ប្រគល់​ប្រទេស​ឲ្យ​ពួក​គេ​វិញ»។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken បានសាទរចំពោះការអនុម័តដំណោះស្រាយនេះថាជាជំហានដ៏សំខាន់ ប៉ុន្តែបាននិយាយថា ក្រុមប្រឹក្សាមានការងារបន្ថែមទៀត “ដើម្បីជំរុញដំណោះស្រាយ​ដ៏ត្រឹមត្រូវ” ចំពោះវិបត្តិនេះ។លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមប្រឹក្សាសន្តិសុខគួរតែប្រើប្រាស់ឱកាសនេះ ដើម្បីស្វែងរកមធ្យោបាយបន្ថែម ដើម្បីលើកកម្ពស់មាគ៌ាប្រជាធិបតេយ្យ ទំនួលខុសត្រូវខ្ពស់ចំពោះរបបយោធា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីសម្រេចបាននូវផែនការប្រាំចំណុចដែលបានព្រៀមព្រាងគ្នារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងការស្តារសន្តិភាព និងស្ថិរភាព»។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា អគ្គលេខាធិការ លោកAntonio Guterres នៅតែ “ព្រួយបារម្ភយ៉ាងខ្លាំង” អំពីស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបានប្រាប់ AP ថា “យើងស្វាគមន៍សារដ៏រឹងមាំនេះពីក្រុមប្រឹក្សាសន្តិសុខ” ។ អស់​រយៈពេល​ប្រាំ​ទសវត្សរ៍ មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​យោធា​ដ៏​តឹងរ៉ឹង ដែល​នាំឱ្យ​មានការ​ ​ទណ្ឌកម្ម​​ពី​អន្តរជាតិ ។ ក្រោយមកក្រុមយោធាបានបន្ធូរបន្ថយការគ្រប់គ្រងរបស់ពួកគេ បាននាំដល់ការ បោះឆ្នោតឆ្នាំ 2015 តាមបែបលទ្ធិប្រជាធិបតេយ្យ និងបានដឹកនាំដោយលោកស្រី ស៊ូជី។ សហគមន៍អន្តរជាតិបានឆ្លើយតបដោយការដកទណ្ឌកម្មភាគច្រើន និងដាក់ការវិនិយោគជាច្រើននៅភូមា។

 

ប្រភព៖ AP ថ្ងៃទី២២ ធ្នូ ២០២២

Share

ព័ត៌មានទាក់ទង

Image