en     km
en     km

ប្រធានាធិបតីអាមេរិកថា អ៊ុយក្រែននឹងមិននៅតែឯងទេក្នុងសង្រ្គាមជាមួយរុស្ស៊ី

Share

 

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថាសហរដ្ឋអាមេរិកនឹងនៅក្បែរចាំជួយប្រទេសអ៊ុយក្រែនមិនឱ្យមានភាពឯកោ ដរាបណាសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមិនទាន់បញ្ចប់។

(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា កែវ សុជាតា)

បើយោងតាមសារព័ត៌មាន​ BBC បានរាយការណ៍ថា លោក Zelensky​ បានចាកចេញពីប្រទេសអ៊ុយក្រែនឆ្ពោះទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២១ ខែធ្នូនេះ។នេះទស្សនកិច្ចនៅខាងក្រៅប្រទេសជាលើកដំបូងរបស់លោក Zelensky បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់លុកលុយឈ្លានពានប្រទេសខ្លួន។

ស្របពេលនោះដែរ  លោក Biden បាន​បញ្ជាក់​ពី​កញ្ចប់​ថវិកាថ្មី​ចំនួន​ជាង ២ ពាន់​លាន​ដុល្លារអាមេរិក ដែលជា​ជំនួយ​សម្រាប់ប្រទេស​អ៊ុយក្រែន ជាពិសេស លោកបាន​​សន្យា​ថា នឹងផ្តល់ជំនួយចំនួនជាង ៤៥ ពាន់​លាន​ដុល្លារអាមេរិក​បន្ថែមទៀត។

លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃពុធកន្លងទៅនេះថា លោកមិនមានការព្រួយបារម្ភអ្វីទាំងអស់ចំពោះសម្ព័ន្ធមិត្តអន្តរជាតិរួមគ្នាមួយនេះ។ ដោយឡែក លោក Biden បានបង្ហាញការយល់ឃើញដូច្នេះ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្មាន​ចេតនា​បញ្ឈប់​សង្រ្គាម​ដ៏​សាហាវឃោរឃៅ​នេះ​ឡើយ។

យ៉ាងណាមិញ លោក Zelensky បង្ហាញគោលជំហរមិនរាថយ និងប្តេជ្ញាថា អ៊ុយក្រែននឹងមិនចុះចាញ់ឡើយលើសង្គ្រាមនេះ ប៉ុន្តែខណៈនេះអ៊ុយក្រែនត្រូវការជាចាំបាច់នូវសភាវុធបន្ថែមទៀត។

សូមគូសបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ ទី២១ ខែធ្នូកន្លងទៅនេះ លោក ពូទីន បានជឿជាក់ថា ប្រទេសរុស្ស៊ីនឹងមិនត្រូវបានស្តីបន្ទោសចំពោះសង្គ្រាមនៅអ៊ុយក្រែននោះទេ។ យ៉ាងណាមិញ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក យ៉ាងហោចណាស់ ទាហានរុស្ស៊ីចំនួនប្រមាណ ១ សែននាក់ និងទាហានអ៊ុយក្រែនចំនួនប្រមាណ ១ សែននាក់ ត្រូវបានសម្លាប់ ឬរងរបួស គួបផ្សំនឹងចំនួនប្រជាជនស្លូតត្រង់ប្រហែលប្រមាណជា៤ម៉ឺននាក់ត្រូវបានស្លាប់។

បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិវិញ ប្រជាជនចំនួនជាង ៧ លាននាក់ ជាជនភៀសខ្លួនមកពីប្រទេសអ៊ុយក្រែននៅទូទាំងទ្វីបអឺរ៉ុប រួមបញ្ចូលទាំងជនភៀសមកពីប្រទេសរុស្ស៊ីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះមិនរាប់បញ្ចូលចំនួនអ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទេ៕

ប្រភព៖ BBC ថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image