លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០១៥ បានអំពាវនាវឲ្យមន្ត្រីរាជការតាមស្ថាប័នពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ ជួយអន្តរាគមន៍បូមទឹកដាក់ស្រូវប្រជាកសិករ ក្នុងគ្រាដែលដំណាំស្រូវ ទាំងស្រូវវស្សា ទាំងស្រូវប្រាំងឆ្នាំនេះ នៅតាមតំបន់មួយចំនួន កំពុងប្រឈមនឹងការខ្វះខាតទឹក ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី០៧ខែធ្នូនេះ បានកត់សម្គាល់ថា កសិកម្មឆ្នាំនេះ ពិសេសដំណាំស្រូវ ទាំងស្រូវវស្សា ទាំងស្រូវប្រាំង បាននឹងកំពុងប្រឈមនឹងការខ្វះខាតទឹក ។
ក្នុងសភាពការណ៍បែបនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ណែនាំដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាក់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយត្រូវអន្តរាគមន៍ ជួយបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ដោយមិនត្រូវទុកឲ្យស្រូវខូចនៅតំបន់ដែលមានប្រភពទឹកនោះឡើយ។
ក្នុងសំណេរលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះ លោកបានបញ្ជាថា រាល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ ត្រូវចាត់តាំងកម្លាំងចុះជួយច្រូតកាត់ប្រមូលផល សម្រាប់គ្រួសារដែលខ្វះកម្លាំងពលកម្ម ដូចជាក្នុងក្រុមគ្រួសារដែលមាន ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារយុទ្ធជន។
មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏បានស្នើដល់ស្ថាប័នកសិកម្ម ត្រូវផ្ដល់ពូជដំណាំដល់ប្រជាកសិករដែលមិនអាចធ្វើស្រែប្រាំងបាននោះ ត្រូវជំរុញឲ្យពួកគាត់ដាំដុះដំណាំរួមផ្សំវិញ និងត្រូវត្រៀមអន្តរាគមន៍ កម្ចាត់សត្វបំផ្លាញដំណាំ និងទប់សា្កត់ជំងឺសត្វគ្រប់ប្រភេទ។
មួយវិញទៀត លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើឲ្យស្ថាប័នហិរញ្ញវត្ថុ និងធនាគារ ត្រូវធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីរកវិធីអនុគ្រោះមួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូចជាពន្យារពេលសង ឬពន្យារពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់ ទប់ស្កាត់ ការឆ្លៀតឱកាស រឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែលកំពុងជួបការលំបាក ដោយសារគ្រោះធម្មជាតិ ។
ឆ្លើយតបនឹងការក្រើនរំឭកពីសំណាក់ប្រមុខរដ្ឋាភិបាលនៅពេលនេះ លោក អ៊ាង សុផល្លែត អ្នកនាំពាក្យក្រ សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុស្ត្រីថា ក្រសួងក៏ដូចជាមន្ទីរកសិកម្មតាមបណ្តាលខេត្តធ្លាប់បានអនុវត្ត និងកំពុងអនុវត្តជាបន្តបន្ទាប់មកហើយ ព្រោះការចុះជួយកសិករក្នុងគ្រាដែលដំណាំស្រូវជួបបញ្ហា គឺជាផែនការមួយរបស់ក្រសួងកសិកម្មផងដែរ។ លោកបន្តថា កាលពីឆ្នាំកន្លងទៅ គ្រោះរាំងស្ងួតបានបង្កផលប៉ះពាល់ផ្ទៃដីកសិកម្មប្រមាណ២៥ម៉ឺនហិកតា តែតាមរយៈការចុះជួយស្តារឡើងវិញពីសំណាក់ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ទើបការខូចខាតបានកាត់បន្ថយនៅសល់តែប្រមាណ១ម៉ឺនហិកតាតែប៉ុណ្ណោះ។
លោក អ៊ាង សុផល្លែត៖ «កន្លងមកហ្នឹង! គឺយើងបានអនុវត្តការងារហ្នឹង។ អ្វីដែលសម្តេចលោកមានប្រសាសន៍គឺជាការត្រឹមត្រូវហើយ ហើយយើងក្រសួងកំពុងតែអនុវត្តតាមហ្នឹងហើយបាន។
កសិករមួយរូបរស់នៅស្រុកកំពុងស្វាយ ខេត្តកំពុងធំ អ្នកស្រី ឡេង យៀត លើកឡើងថា ផលស្រូវរបស់អ្នកស្រី ក៏ដូចជាកសិករដទៃទៀត បានខូចខាតជាច្រើន ព្រោះជួបនឹងគ្រោះរាំងស្ងួត។ អ្នកស្រីបញ្ជាក់ថា កន្លងមកមិនដែលមានមន្ត្រីកសិកម្មណា ចុះអន្តគមន៍ជួយកសិករនោះទេ គឺមានតែអ្នកបច្ចេកទេសកសិកម្មរបស់អង្គការតែប៉ុណ្ណោះ ដែលមកជួយណែនាំពីបច្ចេកទេសកសិកម្មដល់កសិករ។
អ្នកស្រី ឡេង យៀត៖ មិនដែលមានខាងមន្ត្រីកសិកម្មណាមកជួយទេ គឺប្រហែលឆ្នាំ២០១៤ធ្លាប់មានខាងកាតកាបាតក្រហមគេធ្លាប់មកជួយច្រូតម្តង។ ហើយតំបន់នេះ ប្រសិនបើខ្វះទឹកវិញក៏គ្មានប្រព័ន្ធស្រោចស្រប់ឯណាមកបូមដាក់ស្រូវដែល គឺមានតែខាតហ្នឹងឯង។
លោក យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាសេដាក និយាយថា លោកសាទរចំពោះវិធានការរបស់រដ្ឋាភិបាល ដែលជួយដល់កសិករក្នុងគ្រាមានភាពអាសន្នបែបនេះ។ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលគួរមានដំណោះស្រាយវែងឆ្ងាយក្នុងការជួយដល់កសិករ ដើម្បីឲ្យប្រជាកសិករចេះត្រៀមខ្លួនទប់ទល់នឹងបញ្ហាផ្សេងៗដូចជា គ្រោះរាំងស្ងួតជាដើម។ លោក យ៉ង សាំងកុមារ៖ ដំណោះស្រាយវែងឆ្ងាយ ទី១ រដ្ឋាភិបាលត្រូវមានមន្ត្រីជំនាញកសិកម្មគ្រប់គ្រាន់ចុះធ្វើការតាមភូមិឃុំ។ ទី២ ត្រូវគិតគូរពីបញ្ហាធារាស្ត្រឲ្យបានច្រើនជាងមុន។ មួយទៀតគឺត្រូវមានទុនសម្រាប់កសិករ ដើម្បីឲ្យកសិករធ្វើស្រះ ឬអាងទឹកតូចៗតាមគ្រួសារដើម្បីជាដោះស្រាយរឿងទឹកហ្នឹងដែរ។
តាមការព្យាកររបស់អ្នកជំនាញឃើញថា ការប្រែប្រួលអាកាសធាតុអាចនឹងធ្វើឱ្យទិន្នផលកសិកម្មកម្ពុជាថយចុះប្រមាណជា២០ភាគរយ នៅក្នុងឆ្នាំ២០២០ ហើយនៅក្នុងឆ្នាំ២០៥០ អាចធ្លាក់រហូតដល់ទៅ ៤០ភាគរយ។ ដោយឡែកសម្រាប់ខេត្តកោះកុងវិញ បើនីវូទឹកសមុទ្រឡើងដល់ កម្រិត១ម៉ែត្រម នោះវានឹងធ្វើឱ្យផ្ទៃដីខេត្តកោះកុងប្រមាណជា ៥៦ភាគរយ ត្រូវជន់លិច ហើយសីតុណ្ហភាពនៅក្នុងប្រទេសអាចនឹងមានការកើនឡើងនៅក្នុងរង្វង់ប្រមាណជាពី១.៣៥ អង្សាសេ ទៅដល់ ២.៥ អង្សាសេ ខណៈដែលសីតុណ្ហភាពប្រក្រតីនៅកម្ពុជា គឺនៅ ក្នុងចន្លោះពី ២២ អង្សាសេទៅដល់៣៨អង្សាសេ៕