(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២។ តាមលទ្ធផលដែលចេញផ្សាយនេះបញ្ជាក់ថា សិស្សសិស្សជាប់៩០,៩៥០នាក់ ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២,៤៥០នាក់។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨,១៣៥នាក់ ស្រី៦៨,៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់។ ដើម្បីធានាដំណើរការសំណេរការប្រឡង ប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា៕