en     km
en     km

សម្ដេច ហ៊ុន សែន ប្រតិកម្មតបលោកសម រង្ស៊ីរឿងប្លន់ភាពជាប្រធានអាស៊ានចូលរួមប្រជុំជាមួយអឺរ៉ុប

Share

នាយករដ្ឋមន្ដ្រីកម្ពុជា ទើបចេញមុខប្រតិកម្ម និងការលើកឡើងរបស់អ្នកនយោបាយនិរទ្ទេសខ្លួនក្រៅប្រទេស ថា អឺរ៉ុប និងសមាជិកអាស៊ាន មិនល្ងង់ឱ្យសម្ដេចប្លន់ភាពជាប្រធានអាស៊ាន ហើយដឹកនាំកិច្ចប្រជុំរម្លឹកខួបអាស៊ាន-សហភាពអឺរ៉ុបនោះទេ។ ការប្រតិកម្មនេះក្រោយពេលលោក សម រង្ស៊ី ចោទថា សម្ដេចលួចប្រើឈ្មោះថាខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង លោក ម៉ាក្រុងទទួលជាផ្លូវការ។ សម្ដេច ហ៊ុន សែនថាការចោទបែបនេះ ជាការប្រមាថប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំប្រទេសអឺរ៉ុប និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានផងដែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាសហប្រធានអាស៊ាន ដែលបានដឹកនាំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប កាលពីជិតពាក់កណ្ដាលខែធ្នូកន្លងទៅ ទើបចេញមុខប្រតិកម្មតបនឹងការលើកឡើងរបស់លោកសម រង្ស៊ី ដែលថា សម្ដេចប្លន់ភាពជាប្រធានអាស៊ាន ទៅជួបជាមួយអឺរ៉ុប។

ការប្រតិកម្មបែបនេះ ខណៈសម្ដេចចូលរួមបើកសម្ពោធផ្លូវមួយខ្សែ នៅខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២២នេះ។ សម្ដេចបន្ថែមថា លោក សម រង្ស៊ី ជាមនុស្សល្ងង់តជំនាន់ ដែលមិនដឹងពីធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន និងជាការប្រមាថប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំប្រទេសអឺរ៉ុប និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានផងដែរ។

កាលពីពេលសម្ដេចដឹកនាំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន សហភាពអឺរ៉ុប, លោក សម រង្ស៊ី បានបង្ហោះសារអមដោយរូបភាពមួយថា សម្ដេច ហ៊ុន សែន លួចប្រើឈ្មោះថាខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង Emmanuel Macron ទទួលជាផ្លូវការនៅថ្ងៃ ១៣ ធ្នូ ២០២២។ លោកបន្ថែមថា ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ទេ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន។

លោក សម រង្ស៊ីថែមទាំងបានរម្លឹកទៅកាលពីឆ្នាំ ២០០៧ ថាអតីតប្រធានាធិបតីបារាំង Nicolas Sarkozy បានភ្លាត់ស្នៀតម្តងហើយ ដោយទទួលជនផ្តាច់ការ ប្រទេសលីប៊ី ឈ្មោះ Moammar Gaddafi ដែលត្រូវប្រជារាស្ត្រខ្លួនឯង កាត់ទោសប្រហារជីវិត នៅឆ្នាំ ២០១១។

ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន វាយបកខ្លាំងៗថា តើអឺរ៉ុប និងសមាជិកអាស៊ានល្ងង់ឬ ដែលឱ្យសម្ដេច ប្លន់ភាពជាប្រធានបាន។

យ៉ាងណា ជម្លោះរវាងអ្នកនយោបាយចាស់វស្សាទាំងពីររូបនេះ បានកើតឡើងជារឿយទៅហើយ។ អ្នកវិភាគនយោបាយកន្លងមកយល់ថា ជម្លោះរវាងអ្នកទាំងពីរមានភាពចំណេញ និងខាតបង់ផ្នែកនយោបាយរៀងៗខ្លួន៕

Share

ព័ត៌មានទាក់ទង

Image