នៅថ្ងៃទី២១ ខែធ្នូនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានឱ្យភាគីពាក់ព័ន្ធធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ជាតិ ហើយចង់ផ្ដួលរំលំរដ្ឋាភិបាល»។ នៅក្នុងថ្ងៃសាវនាការលើកនេះ ឃើញថាមានសភាពអ៊ូអរខ្លាំង ដោយមានពលរដ្ឋមកគាំទ្រ និងមានអ្នកឃ្លាំមើលពីស្ថាប័នមួយចំនួនផងដែរ។ លោក គីម ចាន់ចាវ រាយការណ៍
ទិដ្ឋភាពនៅខាងមុខតុលាការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែធ្នូនេះ គេឃើញមានមន្ត្រីអង្គការសង្គមស៊ីវិល លោកបណ្ឌិតឡៅ ម៉ុងហៃអ្នកវិភាគនយោបាយ និងជាអតីតទីប្រឹក្សាលោកកឹម សុខា និងលោក យ៉េង វីរះ អ្នកនយោបាយ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រួមទាំងពលរដ្ឋអ្នកគាំទ្របានធ្វើដំណើរពីបណ្ដាខេត្តមកបន្តបន្ទាប់ ដើម្បីតាមដានសាវនាការ ដែលជាថ្ងៃធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ជាតិ ហើយចង់ផ្ដួលរំលំរដ្ឋាភិបាល»។
ក្រៅពីអ្នកតាមដានស្ថានភាពសាវនាការ អាជ្ញាធរក៏ដាក់ពង្រាយកងសមត្ថកិច្ចនៅខាងក្រៅផងដែរ។ នៅខាងមុខតុលាការមានរថយន្តនគរបាលជាច្រើនគ្រឿង និងរថយន្តដឹកអ្នកទោសនៃពន្ធនាគារព្រៃសផងដែរ។ ដូចសាវនាការរាល់ដង នៅពេលចេញពីតុលាការ ក្រោយពីការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយនៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោកកឹម សុខា មិនបាននិយាយអ្វីប្រាប់អ្នកសារព័ត៌មានឡើយ ដោយធ្វើដំណើរតាមរថយន្ត ពណ៌ខ្មៅ ដែលចូលទៅទទួលលោកដល់ក្នុងតុលាការតែម្ដង។ នៅពេលដែលអ្នកសារព័ត៌មានវិទ្យុស្ត្រីសួរពីចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងសាវនាការព្រឹកនេះ លោក កឹម សុខា បានប្រាប់ពីលើរថយន្តមកថា នៅរង់ចាំតាមដានសាវនាការបន្តនៅពេលល្ងាចបន្តទៀត។
«កុំអាលនិយាយអូនណា៎ នៅបន្តចាំល្ងាចទៀត ល្ងាចនេះគេបន្តម៉ោង២ទៀតណា៎ ហ្នឹងហើយម៉ោង២យើងបន្តទៀត»
ទោះយ៉ាងពលរដ្ឋម្នាក់មកពីខេត្តកំពង់ស្ពឺ ដោយលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់វិទ្យុស្ត្រីនៅខាងតុលាការថា ទោះតុលាការសម្រេចបែបណាក៏ដោយ តែអ្នកស្រីនៅតែមិនជឿថា លោកកឹម សុខា ក្បត់ជាតិឡើយ។
«ខ្ញុំអត់មានចាប់អារម្មណ៍ពីរឿងគាត់នេះទេ! គាត់ដើម្បីជួយប្រទេសខ្មែរយើងដើម្បីយកសិទ្ធិសេរីភាពឱ្យបានប្រជាធិបតេយ្យ ហើយពីរឿងថាគាត់ក្បត់ជាតិខ្ញុំមិនជឿជាដាច់ខាតព្រោះគាត់អត់ទាន់មានអស់ដើមឈើអីមួយដើម ឬមួយគាត់ទៅលក់ដីណាមួយដុំក៏អត់ដែរ ឬមួយក៏គាត់ផ្លូវណាដូចថាធ្វើបាបប្រជាពលរដ្ឋឱ្យរលាត់ដៃបន្តិចក៏អត់ដែរ គឺគាត់ស្រឡាញ់ប្រជាពលរដ្ឋ ហើយចំពោះរូបខ្ញុំ ខ្ញុំស្រឡាញ់គាត់ដែលគាត់ល្អ»
ចំណែកលោកយាយជុំ ម៉ន មានវ័យជាង៨០ឆ្នាំ ដែលអង្គុយបត់ជើងបែរមុខទៅតុលាការ បានចាត់ទុកលោកកឹម សុខា ជាអ្នកនយោបាយដែលស៊ូលំបាកក្នុងប្រទេសទោះកាលៈទេសៈណាក៏ដោយ។
«ខ្ញុំថាចោទគាត់ ដោយសារ នែរំលោភបំពានសិទ្ធិរបស់គាត់ គាត់អត់មានទៅក្បត់ទៅអីណាទេ បើគាត់ក្បត់ គាត់អត់នៅក្នុងប្រទេសរបស់យើងទេគាត់ទៅឆ្ងាយបាត់ហើយ។ ខ្ញុំមកដោយសារចិត្តឯង ចង់មកគាំទ្រគាត់ហ្មងអត់មានគ្នាខ្នរណាអីទេ»
ស្ត្រីម្នាក់ទៀតដែលអង្គុយក្បែរលោកយាយជុំ ម៉ន នេះដែរ បានផ្អាកការលក់ដូររបស់ខ្លួនមួយថ្ងៃដើម្បីមកតាមដានសាវនាការនៅថ្ងៃនេះ។ អ្នកស្រីបានឱ្យដឹងថា ចង់ឃើញលោកកឹម សុខា មានសេរីភាព ដូចពលរដ្ឋទូទៅ និងអាចធ្វើនយោបាយបានជាធម្មតាឡើងវិញ។
«លក់អីវ៉ាន់តិចតួចតាមផ្សារ បន្លែបន្លុកអីហ្នឹង ប៉ុន្តែដល់ពេលដល់ថ្ងៃ គឺត្រូវតែមកចឹងហ្មង តាំងពីអើយមក មករហូត មកអត់ដែលខានទេ អត់មានជួលអីទេ ចំណាយលុយខ្លួនឯង ហូបបាយខ្លួនឯង ព្រលឹមឡើងភ្ញាក់ធ្វើបាយហូបហើយជិះឡានមកហ្មង។ តស៊ូដើម្បីជាតិហ្នឹងហ្មង ឱ្យជួយដោះលែងគាត់ឱ្យរួចពីតុលាការហ្នឹងហ្មង ឱ្យមានសេរីភាពដូចយើងគ្រប់គ្នាអីចឹង ដើរទៅនេះទៅនេះបានចឹងទៅ»
ព្រះតេជគុណមួយអង្គ ដែលនិមន្តមកពីខេត្តបន្ទាយមានជ័យមកតាមដានសាវនាការនេះដែរ បានមានសង្ឃដីការថា លោកកឹម សុខា ជាអ្នកនយោបាយមិនបែកឆ្វេង តែងតស៊ូនៅក្នុងស្រុកខ្មែរ។ ការនិមន្តមកចម្ងាយប្រមាណ៤០០គីឡូម៉ែត្រមកនេះ ដោយសារថ្ងៃនេះជាថ្ងៃធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ លើសំណុំរឿងនេះ។
«ពរ! ដូចថាថ្ងៃហ្នឹងជាថ្ងៃទឹកចុងបង្ហើយណាបង ទឹកចុងក្រោយដូចថាមានសេរីភាព មិនមានសេរីភាពបានដឹងថ្ងៃហ្នឹង ទើបបានមក។ ការចោទប្រកាន់ មិនសមរម្យ ព្រោះឯកឧត្តម កឹម សុខាមិនបានក្បត់ជាតិក្បតិអីទៅណាផង គេចេះតែចោទហ្នឹង»
ដោយឡែក ពលរដ្ឋម្នាក់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ គឺលោក ឃឹម ខែម បានលើកឡើងថា លោកមកតាមដានសាវនាការនៅថ្ងៃនេះ ដើម្បីគាំទ្រលោក កឹម សុខា ដោយសារស្ដាយស្រណោះ អ្នកនយោបាយ ដែលស្មោះត្រង់នឹងប្រទេសជាតិ ដោយលោកឆ្លៀតពេលពីការងារដើម្បីចូលរួម។
«យើងគិតពិចារណា មើលទៅយើងគួរស្ដាយគួរស្រណោះដែរ ហើយយើងមកគាំទ្រចឹងដើម្បីអី ការងារប្រទេសជាតិរបស់យើង ហើយប្រជាពលរដ្ឋយើងនៅស្រុកខ្មែររបស់យើង ហើយទូទាំងប្រទេស ទោះប្រទេសក្រៅក៏ដោយ គឺគេគាំទ្រយើងណាស់។ មូលហេតុអីបានគេគាំទ្រ ដោយសារតែយើងហ្នឹងស្មោះត្រង់នឹងប្រទេសជាតិ ប្រជាពលរដ្ឋ ស្មោះត្រង់នឹងប្រទេសជាតិហ្មង។ ខ្ញុំសុខចិត្តលះបង់ពីក្នុងគ្រួសាររបស់ខ្ញុំសុខចិត្តមក ដើម្បីមកទទួលស្គាលគាត់ហ្នឹង ដើម្បីជា ជួយអាណិតជួយស្រឡាញ់គាត់»
លោក យឹម ស៊ីណន ជំនួយការផ្ទាល់លោក កឹម សុខា ដែលបានចូលស្ដាប់ក្នុងសាវនានៅព្រឹកនេះ បានឱ្យដឹងថា តុលាការគ្រោងនឹងបញ្ចប់សំណុំរឿងនេះឱ្យបានឆាប់ ប៉ុន្តែដោយសារសំណុំរឿងមានភាពស្មុគស្មាញ។ ទោះយ៉ាងណាលោក មិនទាន់អាចអះអាងបែបណានោះទេ ប៉ុន្តែលោក យឹម ស៊ីណន នៅតែទាមទារ ឱ្យតុលាការទម្លាក់ចោលនូវបទចោទ លើលោក កឹម សុខា ដែលធ្វើឱ្យខាតបង់សិទ្ធិ បុគ្គលកឹម សុខា និងប៉ះពាល់ដល់ប្រជាធិបតេយ្យ។
«យើងនៅតែទាមទារឱ្យទម្លាក់ចោល ក៏ដូចជាទាត់ចោលនូវរឿងក្ដីដែលបានអូសបន្លាយដល់រយៈពេល៥ឆ្នាំ ព្រោះបានបំបិទនូវសេរភាព សិទ្ធិ ខាតបង់នូវប្រយោជន៍ ទី១ប្រយោជន៍បុគ្គល ឬសេរីភាពបុគ្គលលោកប្រធានកឹម សុខាផ្ទាល់ ទី២សំឡេងអ្នកប្រជាធិបតេយ្យ ដែលកម្ពុជាយើងកាន់ប្រជាធិបតេយ្យ ហើយគួរមានតំណាងនៃក្រុមជំទាស់មួយក្រៅរដ្ឋាភិបាល ដើម្បីធ្វើកិច្ចការងារបម្រើសង្គម»
ជុំវិញសំណុំរឿងលោក កឹម សុខានេះ គិតមកដល់ថ្ងៃដែលតុលាការប្រកាសបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលគ្រប់អង្គហេតុ នៅថ្ងៃទី១៩ ខែតុលា គឺសវនាការនេះបានបន្តអូសបន្លាយលើកទី ៦៣ មកហើយ។ តុលាការបានជម្រាបអង្គសវនាការថា សាក្សីចំនួន ២៧នាក់ ត្រូវបានកោះហៅឱ្យមកផ្តល់សក្ខីកម្ម ប៉ុន្តែមានតែសាក្សី៨នាក់ទេដែលចូលបំភ្លឺទៅតាមការកោះហៅរបស់តុលាការ៕