ដោយសារអត្រាកំណើនសេដ្ឋកិច្ចដ៏រឹងមាំដែលធ្លាប់មានកាលពីមុនមានជំងឺកូវីដ នឹងពិបាកធ្វើឱ្យបានដូចដើមវិញធនាគារពិភពលោក Word Bank បានផ្ដល់ឥណទានទឹកប្រាក់ ២៧៤លានដុល្លាអាមេរិក ដល់
កម្ពុជា ដើម្បីខិតខំប្រឺងប្រែងស្ដាសេដ្ឋកិច្ចឡើងវិញឱ្យមានភាពធន់។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ធនាគារពិភពលោក Word Bank បានផ្ដល់ឥណទានទឹកប្រាក់ ២៧៤លានដុល្លាអាមេរិក ដល់កម្ពុជា ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញឱ្យមានភាពធន់ បន្ទាប់ពីរងនូវវិបត្តិនាពេលថ្មីៗនេះ ជាពិសេសជំងឺកូវីដ១៩ នៅឆ្នាំ២០២០ ធ្វើឱ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក -៣,១ ភាគរយ។ នេះបើតាមគេហំព័រ word bank ដែលបង្ហោះនៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២២។
Word Bank ថាផ្អែកលើការវិភាគទិន្នន័យ អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២,៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០ ០០០នាក់ ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញ។
ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារៀម សាលីម បានលើកឡើងថាកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៅឡើយ។ លោកស្រីបន្ថែមថា ប្រតិបត្តិការរបស់ហិរញ្ញប្បទានទ្រទ្រង់សេដ្ឋកិច្ចរបស់ Word Bank នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន។
រដ្ឋាភិបាលកម្ពុជា បានឆ្លើយតបយ៉ាងរហ័សទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ។ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធនឱ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត។ ប្រភពពីWord Bank ដដែលសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញនៅឆ្នាំ២០២១ និង២០២២ តែបរិយាកាសចុះខ្សោយនៅខាងក្រៅ ធ្វើឱ្យលទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មាននៅមុនការផ្ទុះជំងឺរាតត្បាត នឹងមិនងាយរកបានទេ។
បញ្ហាសង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន បាននឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ ក្រៅពីនេះ កម្ពុជាក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួត។
Word Bank ថាហិរញ្ញប្បទានដែលខ្លួនផ្ដល់នេះ ទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។
សូមជម្រាបថា ក្នុងឆ្នាំ២០២២នេះ Word Bank ធ្លាប់បានផ្ដល់ជំនួយហិរញ្ញប្បទាន៦៩លានដុល្លា ដល់កម្ពុជាលើការអប់រំមូលដ្ឋាន និងវិបត្តិនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំ។ បន្ថែមពីនេះធ្លាប់បានផ្ដល់ហិរញ្ញប្បទាន១១៣លានដុល្លាអាមេរិកផងដែរ ក្នុងការលើកកម្ពស់សេវាថែទាំងសុខភាព៕