មន្ដ្រីអាជ្ញាធរមីនបានប្ដេជ្ញាចិត្តជាថ្មីដើម្បីសម្រេចទស្សនវិស័យកម្ពុជា គ្មានមីននៅឆ្នាំ២០២៥ ខណៈដែលផ្ទៃដីមីននៅសល់ជាង ៦៧០ គីឡូម៉ែត្រក្រឡាទៀត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅសល់តែជាង៣ឆ្នាំទៀតតែប៉ុណ្ណោះ ទស្សនវិស័យកម្ពុជាគ្មានមីន នឹងត្រូវបញ្ចប់។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា មន្រ្តីរបស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងអស់ បានប្តេជ្ញាអនុវត្តសម្រេចឲ្យបាននូវទស្សនវិស័យរបស់កម្ពុជា ដើម្បីកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ សូន្យរងគ្រោះថ្នាក់ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ការលើកឡើងរបស់អនុប្រធានទី១ នៃអាជ្ញាធរមីនេះ នៅក្នុងឱកាសបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២២នេះ។ លោកបានបន្តថា រដ្ឋាភិបាលបានប្រគល់សមរភូមិមួយជូនដល់អាជ្ញាធរមីន ដូច្នេះត្រូវតែទទួលជ័យជម្នះជាដាច់ខាត។
កាលពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២២កន្លងទៅ ខេត្តត្បូងឃ្មុំបានក្លាយជាខេត្តចុងក្រោយគេ ដែលគ្មានគ្រាប់មីនប្រឆាំងមនុស្ស។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថា CMAC ថានេះជោគជ័យមួយជំហានថ្មីទៀត ដែលប្រែក្លាយកម្ពុជា ជាប្រទេសដែលគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា កម្ពុជាបានឈានទៅដល់ការប្រកាសរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះភូមិចំនួន ១, ៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ។
ក្នុងគម្រោងរបស់រដ្ឋាភិបាល គឺផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម បានគូសបញ្ជាក់ដែរថា ខេត្តមួយចំនួនទៀត នឹងត្រូវប្រកាសជាខេត្តអស់មីន រួមមាន កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ។
យ៉ាងណាលោក លី ធុច ដែលជាអនុប្រធានទី១អាជ្ញាធរមីនថា រាជរដ្ឋាភិបាលចង់ឃើញផ្ទៃដីនៅសល់មីនប្រមាណ ៦៧០ គីឡូម៉ែត្រក្រឡា ត្រូវតែដោះស្រាយបញ្ចប់ឲ្យអស់ពីទឹកដីកម្ពុជា។
ស្របពេលជាមួយនៃការជិតបិទបញ្ចប់គម្រោងមីនប្រឆាំងមនុស្សលើទឹកដីកម្ពុជាឆ្នាំ២០២៥ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៏បានឱ្យដឹងថា CMAC ត្រៀមសាងសង់សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ខេត្តសៀមរាបផងដែរ ដែលចំណាយពេលសាងសង់៣ឆ្នាំ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
លោកបញ្ជាក់ថា ការកសាងសារមន្ទីរនេះ ដើម្បីទុកជាអាគារដ៏សំខាន់ជាប្រវត្តិសាស្ត្រ អាគាររាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលើពិភពលោក ជាធាតុរឹងក្នុងការរចនាសំណង់សិល្បះនៃសារមន្ទីរ និង ការកសាងធាតុទន់ មានជាការកសាងធនធានមនុស្សគ្រប់គ្រងសារមន្ទីរ និងការកសាងឯកសាររឿងរ៉ាវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនាក្នុងសង្គ្រាម និងបន្តប្រឈមមុខជាមួយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម៕