វាពិតជាពិបាក ក្នុងការផលិត ឬការកែច្នៃអ្វីដោយខ្លួនឯង ដោយគ្មានអ្នកជួយបង្ហាត់បង្ហាញ។ កាន់តែពិបាកទៅទៀតនោះ គឺការធ្វើអ្វីដែលមិនធ្លាប់មានគំរូពីមុនមក និងស្ថិតក្នុងដំណាក់កាលដំបូង។ អ្នកបង្កើតអ្វីដែលថ្មី ពិតជាទាមទារឲ្យមានឆន្ទៈ ព្រមជាទាំងការបង្កប់នូវកម្លាំងចិត្តដ៏រឹងមាំមួយ។ ជាក់ស្តែង ការបង្កើតអាជីកម្មធ្វើវត្ថុអនុស្សាវរីយពីសំរាម ដែលមនុស្សភាគច្រើនគិតថាគ្មានតម្លៃ យកមកច្នៃធ្វើជាវត្ថុពេញនិយម និងមានតម្លៃនៅលើទីផ្សារ។
សូមស្តាប់អំពីការច្នៃវត្ថុអនុស្សាវរីយខ្មែរ ពីសំរាម ដែលរៀបចំដោយកញ្ញាប៉ូ សុភា ដូចតទៅ៖
អ្នករស់នៅក្នុងធានីភ្នំពេញភាគច្រើន បានស្គាល់ផ្សាររាត្រីក្រុងភ្នំពេញស្ទើរគ្រប់ៗគ្នា។
ចាប់ផ្តើមគិតដល់ផ្សាររាត្រី គេផ្តើមស្រមៃឃើញទិដ្ឋភាពរីករាយ លាយស្មាមញញឹមជាមួយសកម្មភាពនៃការដើរមើល និងទិញអ៊ីវ៉ាន់ ពីសំណាក់អ្នកដើរកម្សាន្តនាពេលរាត្រី។ ផ្សារដែលបើកលក់តែពេលយប់ ហើយមានការប្រគុំតន្ត្រីផងនោះ មានលក់ផលិតផលប្រើប្រាស់ និងវត្ថុអនុស្សាវរីយ ដែលជាផលិតផលខ្មែរ កើតចេញពីការច្នៃប្រឌិត ដោយស្នាដៃកូនខ្មែរ លក់នៅក្នុងផ្សារនេះ។
អ្វីដែលទាក់ទាញចំណាប់អារម្មណ៍មុនគេនោះ គឺកន្លែងលក់វត្ថុអនុស្សាវរីយ ដែលស្តិតនៅចំហៀងខាងឆ្វេង ជិតទៅនឹងខ្លោងទ្វារច្រកចេញចូលផ្សារ។ ផ្កាចម្រុះពណ៌ គ្រឿងតុបតែងលម្អផ្ទះ និងការិយាល័យ ព្រមទាំងគ្រឿងតែងលម្អកាយដ៏ពេញនិយម កើតចេញពីការច្នៃប្រឌិតថ្មី ហើយប្លែក របស់លោកស្រីកែវ ដាវី ត្រូវបានរៀបចំដាក់លក់ប្រកបដោយភាពទាក់ទាញ។
ទឹកដៃនៃការច្នៃប្រឌិតវត្ថុអនុស្សាវរីយទាំងនេះ សឹងតែមិនអាចឲ្យជឿបានថា ជាស្នាដៃកើតឡើងពីការច្នៃប្រឌិតរបស់កូនខ្មែរនោះទេ។ «ការច្នៃប្រឌិត តាំងពីដើមមកមិនមានអ្នកណាជួយបង្ហាត់ពីគេឡើយ អ្វីខ្ញុំជាអ្នកបង្កើត…» ។
ការផ្តើមបង្កើតនូវការច្នៃប្រឌិតនេះ មិនមែនកើតចេញដោយឯងៗនោះទេ។ ស្ត្រីវ័យ៥២ឆ្នាំរូបនេះនិយាយទាំងទឹកមុខរីករាយថា អ្វីៗដែលបានបង្កើតឡើងនេះ គឺដោយសារតែអ្នកស្រីចង់ឃើញខ្មែរគ្រប់គ្នា មានវត្ថុប្រើប្រាស់ដែលធ្វើដោយស្នាដៃរបស់កូនខ្មែរ មិននាំចូលពីបរទេស។
មិនត្រឹមតែជាផលិតផលរបស់ខ្មែរប៉ុណ្ណោះទេ តែអ្វីដែលពិសេសបង្កប់នូវក្នុងការច្នៃប្រឌិតនោះគឺវត្ថុអនុស្សាវរីយទាំងអស់ ប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិឲ្យអស់ពីលទ្ធភាព និងការគិតគូរពីបរិស្ថាន ដែលទាំងនេះហើយជាការឲ្យតម្លៃទៅលើផលិតផល។
ជាក្តីសង្ឃឹមរបស់ផលិត គឺមានអ្នកគាំទ្រ ហើយការគាំទ្រទាំងនេះ ជាសារដែលបង្ហាញថា អ្នកជាមនុស្សស្រលាញ់ផលិតផលជាតិ និងជាអ្នកការពារបរិស្ថានផងដែរ ហើយនេះជាការជំរុញលើកទឹកចិត្ត គាំទ្រឲ្យមានផលិតផលខ្មែរនៅលើទីផ្សារ។
ទីក្រុងស្អាត គ្មានការបំពុលទាំងបរិស្ថាន បានទាំងវត្ថុប្រើប្រាស់ តើយើងទាំងអស់គ្នាគួរចូលរូមគាំទ្រដែរឬទេ?