en     km
en     km

ក្រសួងបរិស្ថានសហការជាមួយអង្គការជីវិតធម្មជាតិការពារសត្វក្រៀល

Share

ភ្នំពេញ៖ នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២ក្រសួងបរិស្ថានបានឱ្យដឹងថា សត្វក្រៀលចំនួន ២៦ក្បាលបានមកដល់និងបានមករស់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ រហូតមកដល់បច្ចប្បន្ន។ សម្រាប់ក្រសួងបានតាមដាននិងការពារទីជម្រកសត្វក្រៀលដែលរងគ្រោះជិតផុតពូជនេះ តាមរយៈការសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាផងដែរ។

យោងតាមក្រសួងបរិស្ថានដដែលបញ្ជាក់ថា សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យតំបន់ការពារទេសភាពអន្លង់ព្រីងខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវ ដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូរចំណី។ សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី វិញពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំខណៈនៅរដូវពងកូន។

បើតាមក្រសួងបរិស្ថានដដែល ក្រសួងបាននឹងកំពុងធ្វើការជាមួយអង្គការដៃគូដើម្បីអភិរក្សសត្វក្រៀលនិងទីជម្រកដោយមានមន្ត្រីឧទ្យានុរក្សចុះល្បាតជាប្រចាំកន្លែងដែលសត្វក្រៀលរស់នៅ។ ក្រៅពីនេះក្រសួងបានសិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ដីសើមដែលបានកំណត់។

ផ្អែកតាមលទ្ធផលជំរឿនសត្វក្រៀលឆ្នាំ ២០២០ កម្ពុជាមានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ចំនួនសត្វក្រៀលមានការធ្លាក់ចុះនៅសល់តែ ១៦៤ក្បាល ហើយនៅឆ្នាំ២០២២នេះ របាយការណ៍បណ្តោះអាសន្នបង្ហាញថា ចំនួនសត្វក្រៀលបានបន្តធ្លាក់ចុះនៅសល់ត្រឹមជាង ១៥០ក្បាលប៉ុណ្ណោះ។
បើយោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វក្រៀលនៅលើពិភពលោកសព្វថ្ងៃនេះ មានចន្លោះពី ១៣,០០០ ទៅ ១៥,០០០ ក្បាល ដែលរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជាផងដែរ៕

រូបថតដោយ ឈឿន សុជាតិ, អង្គការជីវិតធម្មជាតិ

Share

ព័ត៌មានទាក់ទង

Image