ភ្នំពេញ៖លោក យ៉ង សាំងកុមារ ជាអតីតប្រធានអង្គការផ្នែកកសិកម្មនិងជាអតីតមន្រ្តីនយោបាយម្នាក់ផង ត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងមុខតំណែង ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្ថែមលើមុខងារបច្ចុប្បន្ន។នេះបើតាមព្រះរាជក្រឹត្យចុះព្រះហស្តលេខាពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២។
លោក យ៉ង សាំងកុមារ បានលើកឡើងលើទំព័រហ្វេសប៊ុករបស់លោកថា ការតែងតាំងមុខតំណែងនេះ ជាមធ្យោបាយដើម្បីអាចឲ្យលោកចូលរួមសម្រេចបេសកកម្មចូលរួមចំណែកអភិវឌ្ឍន៍កសិកម្ម និង ជនបទនៅកម្ពុជាដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល។
តាមរយៈទំព័រហ្វេសប៊ុកដដែល លោក យ៉ង សាំងកុមារ បានឆ្លៀតថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលបានផ្តល់ឱកាសនិងទំនុកចិត្តដល់លោកក្នុងការទទួលមុខងារបន្ថែមនេះ។
សូមរំលឹកថា កាលពីដើមខែធ្នូលោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម។ មុខតំណែងនេះបន្ទាប់ពីលោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕