en     km
en     km

នាវិកថៃ​៣១នាក់បានបាត់ខ្លួន ក្រោយពេលលិចនាវាចម្បាំង

Share

 

ប្រភព៖ BBC ថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២

កងទ័ពជើងទឹកថៃបានរាយការណ៍ថា មានករណីក្រឡាប់និងលិចនាវាចម្បាំងរបស់ថៃ ដោយសារមានព្យុះបក់បោកនៅឈូងសមុទ្រថៃនៅយប់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ ដែលបណ្តាលឱ្យនាវិកចំនួន៣១នាក់បានបាត់ខ្លួនភ្លាមៗក្នុងហេតុការណ៍នេះ។

តាមឱ្យការដឹងពីសារព័ត៌មាន BBC នាវាចម្បាំងថៃដែលលិចនោះមានឈ្មោះថា HTMS Sukhothai ប្រវែង ៧៦.៨ ម៉ែត្រ បានដឹកនាវិកចំនួន ១០៦ នាក់ ដើម្បីល្បាតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ជាអកុសល នៅពេលនាវាខាងលើនេះធ្វើដំណើរដល់ភាគខាងលិចនៃតំបន់ Bang Saphan ក្នុងខេត្ត Prachuap Khiri Khan បានប្រទះនឹងព្យុះដ៏កំណាចមួយ។

បើតាមប្រភពដដែលបានឱ្យដឹងថា ព្យុះនេះបានធ្វើឱ្យទឹកសមុទ្រលិចចូលទៅក្នុងបំពង់ផ្សែងរបស់នាវា ហើយប្រព័ន្ធអគ្គិសនីនៅក្នុងនាវាត្រូវបានកាត់ផ្តាច់ជាបន្តបន្ទាប់។ ការកាត់ផ្តាច់ចរន្តអគ្គិសនីនេះ បានបណ្តាលឱ្យប្រព័ន្ធថាមពលសំខាន់ៗនៅក្នុងនាវាត្រូវគាំងខូចភ្លាមៗ ដែលធ្វើឱ្យនាវិកមិនអាចគ្រប់គ្រងស្ថានភាពបានទាន់ពេលវេលា។

ជុំវិញករណីនេះដែរ អាជ្ញាធរថៃបាននិយាយថា មកទល់នឹងពេលនេះ ពួកគេបានជួយសង្គ្រោះនាវិកចំនួន៧៥នាក់ ប៉ុន្តែជាអកុសល នាវិក៣១នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការតាមរកយ៉ាងសស្រាក់សស្រាំងនៅក្នុងឈូងសមុទ្រថៃ។

លោក​ Pogkrong Monthardpalin អ្នកនាំពាក្យឧត្តមនាវីឯកបានប្រាប់សារព័ត៌មាន BBC ថា ពួកលោកបានព្យាយាមស្វែងរកនាវិកដែលបានបាត់ខ្លួនអស់រយៈពេលជាង១២ម៉ោងមកហើយ ដោយរាប់ចាប់តាំងពីយប់កើតហេតុ។ លោកបន្តថា ករណីនេះស្ទើរតែមិនដែលកើតឡើងសោះនៅក្នុងប្រវត្តិសាស្រ្តរបស់កងកម្លាំងថៃ ជាពិសេសចំពោះនាវាដែលប្រើជាប្រចាំ។

សូមបញ្ជាក់ថា បច្ចុប្បន្ននាវាកងទ័ពជើងទឹកថៃចំនួន៣គ្រឿង និងឧទ្ធម្ភាគចក្រចំនួនបីគ្រឿងបានបញ្ជូនឱ្យទៅជួយជាកម្លាំងស្វែងរកជនរងគ្រោះក្នុងហេតុការណ៍នេះ៕

Share

ព័ត៌មានទាក់ទង

Image