en     km
en     km

អភិបាលខេត្តជាប់មាត់សមុទ្រណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះធ្វើដំណើរលើផ្ទៃសមុទ្រ

Share

អភិបាលខេត្តជាប់មាត់សមុទ្រ បានអំពាវនាវឱ្យពលរដ្ឋ ជាពិសេសប្រជានេសាទត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលធ្វើដំណើរលើផ្ទៃសមុទ្រតាមទូកនេសាទ ឬកប៉ាល់ជាដើម ខណៈដែលក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថាពីថ្ងៃទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ កម្ពុជា​ មាន​ខ្យល់មូសុង​បក់​ក្នុង​ល្បឿន​ខ្លាំងនៅតាមបណ្ដាខេត្តមួយចំនួនស្របពេលនឹងរដូវរងារនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២​បាន​ប្រកាស​ឱ្យ​ស្នងការ​នគរបាល និង​អភិបាល​ក្រុង​កោះ​រុង  ក៏​ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​នាវាចរណ៍ ឱ្យ​ផ្អាក​ការធ្វើ​ចរាចរណ៍​លើ​សមុទ្រ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៩ ខែ​ធ្នូ​នេះ ជា​បណ្ដោះអាសន្ន​សិន ដោយសារ​តែ​ស្ថានភាព​ខ្យល់​នៅលើ​ផ្ទៃសមុទ្រ​មានការ​បោកបក់​ខ្លាំង និងរង់ចាំការណែនាំពីស្ថានភាពវិវត្តបន្ត​។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

 

វិទ្យុស្ត្រីមិនអាចទាក់ទង់សុំការបំភ្លឺពីស្ថានភាពវិវត្តបន្តនៃអាកាសធាតុនៅខេត្តព្រះសីហនុ ពីលោកអភិបាលខេត្ត គួច ចំរើន បាននៅឡើយទេនៅរសៀលថ្ងៃទី១៩ ខែធ្នូនេះ ដោយលោកជាប់ប្រជុំ។ ដោយឡែកងាកមកខេត្តកោះកុងវិញ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានឱ្យដឹងថា បើទោះបីជាអ្នកស្រីមិនបានហាមឃាត់ការធ្វើដំណើរលើផ្ទៃសមុទ្រក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តបានណែនាំឱ្យពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ត្បិតអាកាសធាតុនៅខេត្តកោះកុង ក៏មានសភាពខ្យល់កន្ត្រាក់ខ្លាំងដូចនៅខេត្តព្រះសីហនុដែរ។

 

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

គួរ​ជម្រាប​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ កម្ពុជា​នឹងរង​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន​ដែល​បាន​ធ្លាក់​យ៉ាង​គំហុក​មកក្រោម​ជាមួយនឹង​ខ្យល់មូសុង​បក់​ក្នុង​ល្បឿន​ខ្លាំង ខណៈ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​ផងដែរ។ ពាក់ព័ន្ធបញ្ហានៅផ្ទៃសមុទ្រនេះដែរ នៅប្រទេសថៃក្បែរខាងកម្ពុជា នាវារបស់កងទ័ពជើងទឹកមួយគ្រឿង ដែលផ្ទុកទាហ៊ានចំនួនប្រមាណជាង១០០នាក់ បានលិចនៅឈូងសមុទ្រប្រទេសនេះ នៅម៉ោង១១ យប់ថ្ងៃទី១៨ ខែធ្នូ។ ក្នុងហេតុការនេះកងទ័ពចំនួនប្រមាណ៣៣នាក់បានបាត់ខ្លួន និង៧៣នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះភ្លាមៗ៕

 

 

Share

ព័ត៌មានទាក់ទង

Image