en     km
en     km

សម្តេចហ៊ុន សែន ជំរុញឱ្យអាស៊ាន-ចិន ពន្លឿនការធ្វើសមាហរណកម្មសង្គមសេដ្ឋកិច្ច និងការលុបបំបាត់របាំងពាណិជ្ជកម្ម

Share

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ចាត់ទុកការអភិវឌ្ឍរបស់ចិន គឹជាសមិទ្ធិផលដ៏ល្អអស្ចារ្យ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យជាវិជ្ជមានយ៉ាងច្រើនសម្រាប់អាស៊ាន និងកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអាស៊ាន-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសពន្លឿនការធ្វើសមាហរណកម្មសង្គមសេដ្ឋកិច្ច និងការលុបបំបាត់របាំងពាណិជ្ជកម្ម។ លោក​ គីម​ ចាន់ចាវ រាយការណ៍

 

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់៣.០» នាពេលឆាប់ៗខាងមុខ។ ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១ របស់អាស៊ានដោយពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិនបានកើនឡើងរហូតដល់ប្រមាណ ៦៦៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ កើនឡើង២៨ភាគរយ ខណៈដែលលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ពីចិនមកអាស៊ាន មានចំនួន១៣,៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ សម្តេច ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពេលទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។

 

មេដឹកនាំកម្ពុជាបន្តថា ទំនាក់ទំនងរវាងកម្ពុជា​ និងចិនមានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួលស្គាលថាជា «មិត្តដែកថែប» ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ១១ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ២០២១ ដែលគិតជាភាគរយមានការកើនឡើង៣៧% បើធៀបនឹងឆ្នាំ២០២០។ កម្ពុជាតែងទទួលការជួយគាំទ្រ និងជ្រោមជ្រែងជាបន្តបន្ទាប់ពីចិន ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ជាពិសេសក្នុងពេលវេលាដែលលំបាកបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩ ដែលបានចូលរួមបង្កលក្ខណៈឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរ និងជាពិសេសចូលរួមកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច។

 

ប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកការអភិវឌ្ឍរបស់ចិន គឹជាសមិទ្ធិផលដ៏ល្អអស្ចារ្យ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យជាវិជ្ជមានយ៉ាងច្រើនសម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ។ ក្នុងពេលទប់ស្កាត់ការរាតត្បាតកូវីដ១៩ ស្របពេលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សម្តេចរំពឹងថាកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន រួមចំណែកក្នុងការពង្រឹងតំបន់ទាំងពីរឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត។

 

សម្តេចហ៊ុន សែន នៅតែលើទឹកចិត្តឱ្យ អាស៊ាន-ចិនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ តម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្តេញជំរុញឱ្យអាស៊ាន-ចិនចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសពន្លឿនការធ្វើសមាហរណកម្មសង្គមសេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្ម ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់ ព្រមទាំងចាប់យកកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល កំណើនបៃតង អន្តរកាលថាមពល និងការបង្កើនសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី និងពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងដោះស្រាយរាល់បញ្ហានានា៕

Share

Image
Image
Image