en     km
en     km

អត្រាសិស្សបោះបង់ការសិក្សាកម្រិតវិទ្យាល័យ មាន១៨,៥% ក្នុងឆ្នាំសិក្សា២០២១-២០២២

Share

របាយការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បញ្ជាក់ថា ការបោះបង់ការសិក្សារបស់សិស្សនេះ គឺបណ្តាលមកពីកត្តាបុគ្គល និងកត្តាមួយចំនួន។

លោក គីម ចាន់ចាវ រាយការណ៍

យោងតាមឯកសារស្តីពីការបោះបង់ការសិក្សារបស់សិស្សរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៦បានបង្ហាញថា មានកត្តាចំនួន៤ ដែលជះឥទ្ធិពលដល់ការបោះបង់ការសិក្សារបស់សិស្ស។ កត្តាទាំង៤ នោះរួមមានកត្តាបុគ្គល គឺសិស្សលែងមានទឹកចិត្តក្នុងការរៀនសូត្រ និងលែងឱ្យតម្លៃលើសាលារៀន និងភាពជោគជ័យនៃការរៀនសូត្ររបស់ខ្លួន។ ការជះឥទ្ធិពលទៅវិញទៅមករវាងកង្វះចំណាប់អារម្មណ៍ និងបញ្ហាជួបប្រទះក្នុងការសិក្សា កង្វះចំណាប់អារម្មណ៍ និងកង្វះឆន្ទៈ។  ចំណែកកត្តាគ្រួសារ គឺជីវភាពគ្រួសារក្រីក្រក៏ជាបញ្ហាប្រឈមមួយធ្ងន់ធ្ងរដែរ ដែលបណ្ដាលឱ្យសិស្សបោះបង់ការសិក្សា។ កុមារកើតមកនិងរស់នៅជាមួយគ្រួសារតាំងពីតូច ហើយគ្រួសារបានក្លាយជាការសម្រេចចិត្តលើអនាគតរបស់ពួកគេ រួមទាំងការសិក្សាផងដែរ។ គ្រួសារក្រីក្រមួយចំនួនតែងតែផ្លាស់ប្ដូរទីលំនៅនិងនាំកូនៗរបស់គេទៅជាមួយ។

កត្តាសាលារៀនវិញ បើតាមគំរូទ្រឹស្ដីពន្យល់ពីការបោះបង់ការសិក្សា បានបង្ហាញថា កុមារនិងបរិស្ថាននៃថ្នាក់រៀនរបស់ពួកគេ ព្រមទាំងទំនាក់ទំនងរបស់ពួកគេនៅសាលារៀនជាកត្តាសំខាន់បំផុតក្នុងការព្យាករណ៍ពីភាពជោគជ័យ និងការបោះបង់ការសិក្សា។ តាមការស្រាវជ្រាវ បានបង្ហាញថា បញ្ហានៅក្នុងសាលារៀនដែលជះឥទ្ធិពលអវិជ្ជមានដល់សិស្សមានដូចជា សមត្ថភាពគ្រូ កម្រិតនៃកម្មវិធីសិក្សាលំបាកខ្លាំង និងវិធីសាស្ត្របង្រៀនមិនមានភាពទាក់ទាញជាដើម។

ដោយឡែកកត្តាទី៤ គឺកត្តាសហគមន៍និងអាជ្ញាធរ ព្រោះថា សិស្សអាចបន្តការសិក្សានៅសាលារៀនបានយូរអង្វែងអាស្រ័យលើការលើកទឹកចិត្តពីខ្លួនគេផ្ទាល់ និងមនុស្សនៅជុំវិញ។ តាមការស្រាវជ្រាវ បានបញ្ជាក់ថា ទីណាដែលមានការគាំទ្រទាបពីសំណាក់សហគមន៍ទីនោះមានការបោះបង់ការសិក្សាច្រើន។

 

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុស្ត្រីតាមសារអេឡិចត្រូនិក នៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ ថា ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សនៅគ្រប់កំរិតឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលជួយធានាឱ្យសិស្សទទួលបានការអប់រំប្រកបដោយសមធម៌និងពេញមួយជីវិត។ វិធានការដែលក្រសួងអប់រំបានដាក់ចេញនោះរួមមាន ការពង្រឹងការចូលរួមពីអ្នកពាក់ព័ន្ធ ការដឹកនាំគ្រប់គ្រងតាមសាលារៀន ការពង្រឹងប្រសិទ្ធិភាពនៃការផ្តល់អាហារូបករណ៍ លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដល់ការបង្រៀននិងរៀន លើកកម្ពស់ការអប់រំដល់អាណាព្យាបាលសិស្សពីគុណតម្លៃនៃការសិក្សានិងការយកចិត្តទុកដាក់ទៅលើជីវភាពរបស់គ្រូបង្រៀនដើម្បីកាត់បន្ថយអត្រាការបោះបង់ការសិក្សារបស់សិស្សពិសេសនៅកំរិតវិទ្យាល័យ។

ទន្ទឹមនេះក្រសួងអប់រំក៏នឹងពង្រឹងគុណភាពគ្រូបង្រៀន ពង្រីកសាលារៀននៅគ្រប់កំរិត ពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយតាមសាលារៀន ការអភិវឌ្ឍកម្មវិធីសិក្សានិងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយផងដែរដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ននិងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ហើយក្រសួងនឹងខិតខំបង្កើនការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រចាប់ពីកំរិតបឋមសិក្សារហូតដល់មធ្យមសិក្សានិងឧត្តមសិក្សា។

នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះដែរ នៅទូទាំងប្រទេសមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន១,៨១២ ក្នុងនោះមានអនុវិទ្យាល័យចំនួន ១,២៥៣ មានសិស្ស៦៦២,១០៦នាក់ និងវិទ្យាល័យចំនួន៥៥៩ មានសិស្ស ៣៦០,៦១៧នាក់៕

Share

ព័ត៌មានទាក់ទង

Image