en     km
en     km

បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវនិងរ៉ាំរ៉ៃក្នុងចំណោមស្រ្តីនិងកុមារនៅខ្ពស់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសុខភាព

Share

ក្រសួងកិច្ចការនារី បានអះអាងថា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ និងរ៉ាំរ៉ៃក្នុងចំណោមស្រ្តី និងកុមារនៅខ្ពស់នៅឡើយ ប្រការនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសុខភាព និងបញ្ហាមួយចំនួនផ្សេងទៀត។ ជំងឺស្ត្រីមួយចំនួន ដែលជាប្រភេទជំងឺមិនឆ្លងត្រូវបានព្យាករណ៍ថា នឹងកើនឡើងថែមទៀត ដោយសារតែផលវិបាកនៃការផ្លាស់ប្តូររបៀបរស់នៅ និងបរិស្ថានដែលកំពុងតែមានការប្រែប្រួល រួមទាំងរបបចំណីអាហារផងដែរ។ លោក គីម ចាន់ចាវ រាយការណ៍

 

នៅប្រទេសកម្ពុជា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ និងរ៉ាំរ៉ៃក្នុងចំណោមស្រ្តី និងកុមារនៅមានអត្រាខ្ពស់នៅឡើយ ដែលប្រការនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសុខភាព និងស្មារតីនៅដំណាក់កាលក្រោយៗនៃជីវិតរស់នៅរបស់មនុស្ស។ កង្វះអាហារូបត្ថម្ភក៏ធ្វើឱ្យមនុស្សបាត់បង់កំលាំងពលកម្ម ធ្លាក់ខ្លួនឈឺ មានពិការភាព កើតចេញជាអំពើហិង្សាទាក់ទងនឹងយេនឌ័រ ភាពក្រីក្រ និងតម្រូវឱ្យមានការខាតបង់ថវិកាច្រើនទៅលើការចំណាយលើការថែទាំសុខភាពសម្រាប់ស្រ្តី និងសមាជិកគ្រួសារ។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារី។

ជាមួយគ្នានេះដែរ យោងតាមផែនការយុទ្ធសាស្រ្តជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងឆ្នាំ២០២២-២០៣០ ជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូន ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង ៤ រួមមាន ជំងឺបេះដូងសរសៃឈាម បណ្តាលឱ្យមានអត្រាស្លាប់២៤% ជំងឺមហារីក ១៣% ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ៤% និងជំងឺទឹកនោមផ្អែម ២%។ បើតាមរបាយការណ៍ខាងលើជំងឺទាំងបួននេះ កំពុងតែកើនឡើង និងជាមូលហេតុនៃការស្លាប់ជាងពាក់កណ្តាលដែលស្មើនឹង៦៤% ក្នុងចំណោមការស្លាប់ទាំងអស់នៅប្រទេសកម្ពុជា ។ ជំងឺមិនឆ្លងត្រូវបានព្យាករណ៍ថា នឹងកើនឡើងថែមទៀត ដោយសារតែផលវិបាកនៃការផ្លាស់ប្តូររបៀបរស់នៅ និងបរិស្ថានដែលកំពុងតែមានការប្រែប្រួល រួមទាំងចំណីអាហារផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “អាហារូបត្ថម្ភសុខភាពភ្នែក ជំងឺមហារីកសុដន់និងជំងឺមហារីកមាត់ស្បូន”នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងកិច្ចការនារីបានបណ្តុះបណ្តាលដល់មន្រ្តីក្រសួង/មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ សរុបចំនួន ៤៥នាក់ (ស្រ្តី ៤១នាក់)។មន្រ្តីដែលទទួលបានចំណេះដឹងនេះ នឹងចុះអនុវត្តផ្សព្វផ្សាយបន្តដល់ប្រជាជននៅសហគមន៍ ជាពិសេសស្រ្តី និងកុមារ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់របស់ប្រជាជនកម្ពុជាដោយសារកង្វះអាហារូបត្ថម្ភ ជំងឺមិនឆ្លង មិនឲ្យធ្លាក់ខ្លួនជាជនមានពិការភាព និងឆាប់ស្លាប់។

បើតាមក្រសួងកិច្ចការនារីដដែល បញ្ហាសុខភាពភ្នែកនៅប្រឈមខ្លាំងដោយសារប្រជាពលរដ្ឋមិនយល់ដឹងពីសុខភាពភ្នែក និងមិនទៅទទួលយកសេវាថែទាំ និងព្យាបាលសុខភាពភ្នែកទាន់ពេលវេលា ធ្វើឲ្យគាត់ពិការភ្នែក។ បើយោងតាមការអង្កេតរហ័សពីស្ថានភាពពិការភ្នែកដែលអាចបង្ការបាននៅឆ្នាំ២០១៩ បានបង្ហាញថា អត្រានៃភាពពិការភ្នែកក្នុងចំណោមក្នុងចំណោមប្រជាជនទូទៅមាន០.៣៩%។ អត្រាភាគរយនេះឃើញមានការកើនឡើងដល់២.៥%ក្នុងចំណោមប្រជាជនដែលមានអាយុលើសពី៥០ឆ្នាំ (ក្នុងនោះស្រ្តីមានច្រើនជាងបុរស) និងរហូតដល់៩០.២%នៃភាពពិការភ្នែកនេះអាចចៀសវាងបាន ប្រសិនបើគាត់បានទៅទទួលសេវាថែទាំសុខភាពភ្នែកទាន់ពេលវេលា គឺ៧៩.១%អាចព្យាបាលបាន និង១១.១% អាចការពារបាន៕

Share

ព័ត៌មានទាក់ទង

Image