តុលាការជាន់ខ្ពស់ហុងកុង បានទម្លាក់ចោលការចោទប្រកាន់លើសកម្មជនម្នាក់ភេទស្រីឈ្មោះថា Chow Hang Tung ក្នុងការព្យាយាមធ្វើបាតុកម្មនៅទីលានធានអានមេនកាលពីឆ្នាំមុន។
(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា កែវ សុជាតា)
បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា អ្នកស្រី Chow Hang-tung អតីតអនុប្រធានចលនាគាំទ្រប្រជាធិបតេយ្យស្នេហាជាតិក្នុងប្រទេសចិន បានឈ្នះបណ្ដឹងឧទ្ធរណ៍នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។
តាមប្រភព BBC ដដែលបានបន្តថា ចៅក្រម Judiana Barnes បានសម្រេចទម្លាក់បទចោទប្តឹង ដោយសារប៉ូលិសមិនបានបង្ហាញភស្តុតាងសមស្របណាមួយចំពោះករណីនេះ។ ចៅក្រមរូបនេះបានបន្ថែមថា ប៉ូលីសមិនបានពិចារណាឱ្យបានហ្មត់ចត់ លើវិធានការការពារសុខមាលភាពប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ ប៉ូលីសបានចោទពួកគេថាបានជួបជុំគ្នាជាសាធារណដែលខុសទៅនឹងច្បាប់ទៅវិញ។
យ៉ាងណាមិញ ចៅក្រម Amy Chan បាននិយាយថា អ្នកស្រី Chow អត្មានិយម និងគោរពខ្លាចច្បាប់ ដោយគិតថាសេរីភាពនៃការជួបជុំមានសារៈសំខាន់ជាងសុខភាពសាធារណៈ។
សូមបញ្ជាក់ថា លោកស្រី Chow Hang Tung ត្រូវបានចាប់ខ្លួននៅខែមិថុនា ឆ្នាំ២០២១ ពីបទញុះញង់ សាធារណៈជនឱ្យចូលរួមក្នុងការធ្វើបាតុកម្មក្នុងឆ្នាំនោះ។ អ្នកស្រីបានដឹកនាំក្រុមសម្ព័ន្ធ Hong Kong Alliance ដែលជាក្រុមរៀបចំបាតុកម្មប្រចាំឆ្នាំ ហើយនៅក្នុងឆ្នាំនោះដែរ អ្នកស្រីបានបង្ហោះអត្ថបទនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រព័ត៌មានជំរុញប្រជាជនហុងកុងឱ្យងាកមកចាប់អារម្មណ៍ក្នុងរឿងនេះ។
គួរបញ្ជាក់ថា អាជ្ញាធរហុងកុងបានលើកឡើងពីការរឹតបន្តឹងជំងឺរាតត្បាត Covid ១៩ ដែលជាហេតុផលហាមឃាត់ការធ្វើបាតុកម្មរបស់ក្រុម Tiananmen ចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ។ ទោះបីជាយ៉ាងនេះក្តី ចៅក្រមតុលាការជាន់ខ្ពស់កាលពីថ្ងៃពុធបានរកឃើញថា ប៉ូលីសមិនបានស្វែងរកជម្រើសត្រឹមត្រូវសម្រាប់ឱ្យបាតុករអាចធ្វើបាតុកម្មក្នុងលក្ខខណ្ឌសុវត្ថិភាពក្នុងសម័យ Covid-19 ឡើយ ។
អ្នកស្រី Chow និងអ្នកតស៊ូមតិសិទ្ធិមនុស្សផ្សេងទៀត យល់ថាវិធានការរឹតបន្តឹង Covid ១៩ នេះ គ្រាន់តែជាលេសរបស់អាជ្ញាធរហុងកុងដើម្បីហាមឃាត់កុំឱ្យមានការប្រារព្ធពិធីរំលឹកដល់ការបង្គ្រាបបាតុករនៅ Tiananmen យ៉ាងធ្ងន់ធ្ងរ និងជាបញ្ហារសើបខ្លាំងនៅក្នុងប្រទេសចិនដីគោក៕
ប្រភព៖ BBC ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២