សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា កម្ពុជាមានក្រុមប្រឆាំងរដ្ឋាភិបាលតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស តែគ្មានក្រុមប្រឆាំងក្រៅច្បាប់ដែលបង្កើតជាចលនាឧទ្ទាមប្រដាប់អាវុធនោះទេ។ ទោះបែបនេះក្តី សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបង្កបរិយាកាសនយោបាយ និងដំណើរការនៃការបោះឆ្នោតឲ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ២០២៣ ខាងមុខ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
សម្ដេច ស ខេង កំពុងកាន់តំណែងជានាយរដ្ឋរមន្រ្ដីស្ដីទីនៃកម្ពុជា និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃផង បានលើកឡើងថា កម្ពុជាមានក្រុមប្រឆាំងរាជរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែក្រុមប្រឆាំងទាំងនោះជាក្រុមប្រឆាំងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺគ្មានក្រុមប្រឆាំងក្រៅច្បាប់ដែលបង្កើតជាចលនាឧទ្ទាមប្រដាប់អាវុធនោះទេ។ ការថ្លែងរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនេះធ្វើនៅឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសចូលរួមសាងសង់វិមានឯករាជ្យនៅសួនសម្ដេចក្រឡាហោម ខេត្តបាត់ដំបង។
សម្ដេចបន្ថែមថា កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលសរុបទាំងការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខនេះទៀត មាន ១២ដងទៅហើយដោយមិនគិតពីការបោះឆ្នោតអសកល។
លោក កន សាវ៉ាង មន្ដ្រីផ្នែកអង្កេតការបោះឆ្នោតនៃអង្គការខុមហ្វ្រែលយល់ថា ក្រុមប្រឆាំងនៅក្នុងសង្គមប្រជាធិបតេយ្យ គឺមានតួនាទីតាមដានការអនុវត្តគោលនយោបាយរបស់បក្សកាន់អំណាច ដូច្នេះពាក្យថាក្រុមប្រឆាំងសង្គមប្រជាធិបតេយ្យមិនអាក្រក់នោះទេ។
ទាក់ទងរឿងនេះដែរ គណបក្សភ្លើងទៀនបានដែលត្រូវបានមើលឃើញថា ជាបក្សកំពុងមានប្រជាប្រិយភាពមួយ ហើយអាចឈរជើងដល់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ បានប្រើគោលនយោបាយដោយស្នើសុំបរទេសជួយសង្កេតការណ៍ក្នុងការបោះឆ្នោត និងជំរុញសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នៅកម្ពុជា។
តែមន្ដ្រីផ្នែកអង្កេតការបោះឆ្នោតនៃអង្គការខុមហ្វ្រែល លោក កន សាវ៉ាង ដដែលយល់ថា ការស្នើសុំទៅកាន់បរទេសបែបនេះ ជាការសម្រេចចិត្តរបស់ប្រទេសមួយៗ មិនអាស្រ័យលើការស្នើសុំរបស់គណបក្សនយោបាយទេ។
ទោះបីសម្ដេច ស ខេង អះអាងថា កម្ពុជាមានក្រុមប្រឆាំងរដ្ឋាភិបាលតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សក៏ដោយ តែសង្គមស៊ីវិលធ្វើការលើការបោះឆ្នោតនេះ នៅតែស្នើឱ្យរដ្ឋាភិបាលបង្កបរិយាកាសនយោបាយ និងដំណើរការនៃការបោះឆ្នោតឲ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សូមរម្លឹកថា ការបោះឆ្នោតថ្នាក់ជាតិតំណាងរាស្ដ្រនិតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕