លោកឃុន ស្រ៊ុន ជាអ្នកនិពន្ធ ដែលបានបន្សល់ស្នាដៃល្បីល្បាញជាច្រើននៅទសវត្សរ៍៦០ និង៧០។ លោកត្រូវបានរដ្ឋការលន់ នល់ ចាប់ដាក់ពន្ធនាគារពីរដង ដោយសារអត្ថបទនិពន្ធបែបរិះគន់សង្គមរបស់លោក។
លោកឃុន ស្រ៊ុន ក៏ជាជនរងគ្រោះក្នុងរបបវាលពិឃាតខ្មែរក្រហមផងដែរ ដោយលោកត្រូវបានគេសម្លាប់នៅចុងខែធ្នូឆ្នាំ១៩៧៨ ក្រោយពេលលោកបានចូលរួមបម្រើចលនាខ្មែរក្រហមអស់រយៈពេល៥ឆ្នាំ។
ស្នាដៃនិពន្ធរបស់លោកឃុន ស្រ៊ុន បានទាក់ទាញចិត្តផលិតករភាពយន្តជនជាតិបារាំងម្នាក់ ឲ្យដកស្រង់ យកទៅបញ្ចូលក្នុងភាពយន្តឯកសារខ្នាតវែងរបស់ខ្លួន ដែលមានរយៈពេលជាង៦០នាទី ដោយដាក់ចំណងជើងថា «ចេតិយសម្រាប់ឃុន ស្រ៊ុន»។
នៅសប្ដាហ៍នេះ ខ្សែភាពយន្តនោះបានដាក់បញ្ចាំងនៅរាជធានីភ្នំពេញ នាមជ្ឈមណ្ឌលភាសាបារាំង និងមជ្ឈមណ្ឌលសោតទស្សន៍បុផ្ផាណា។
ចង់ដឹងព័ត៌មានលម្អិត សូមស្ដាច់សេចក្ដីរាយការណ៍របស់លោកណុល ដារ៉ា ដូចតទៅ
នេះជាកំណាព្យមួយ ក្នុងចំណោមកំណាព្យជាច្រើនផ្សេងទៀតរបស់អ្នកនិពន្ធឃុន ស្រ៊ុន ដែលជនជាតិបារាំងម្នាក់ ជាសាស្ត្រាចារ្យបង្រៀនផ្នែកភាពយន្ត បានដកស្រង់បញ្ចូលក្នុងខ្សែភាពយន្តឯកសាររបស់លោក មានចំណងជើងថា «ចេតិយសម្រាប់ឃុន ស្រ៊ុន»។
ខ្សែភាពយន្តឯកសារខ្នាតវែង ដែលមានរយៈពេលជិត៧០នាទីនេះ បានចាក់ផ្សាយនៅមជ្ឈមណ្ឌលភាសាបារាំងក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៥ ហើយតាមគម្រោង ខ្សែភាពយន្តនោះនឹងចាក់ផ្សាយពីរដងទៀត នៅមជ្ឈមណ្ឌលសោតទស្សន៍បុផ្ផាណា នៅថ្ងៃអាទិត្យ ទី៦ ខែធ្នូ វេលាម៉ោង៦ល្ងាច និងថ្ងៃចន្ទ ទី៧ ខែធ្នូ វេលាម៉ោង១០ និង៣០នាទីព្រឹក។
លោកអេរិក ហ្គាល់ម៉ារដ៍ ផលិតករខ្សែភាពយន្តឯកសារខ្នាតវែងនេះ បានបញ្ចូលសម្រង់ខ្លីៗ នៃអត្ថបទកំណាព្យ និងរឿងខ្លីរបស់លោកឃុន ស្រ៊ុន ដែលអត្ថបទទាំងនោះបានរិះគន់សង្គមដែលលោកឃុន ស្រ៊ុន បានរស់នៅកាលពីទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០។
លោកអេរិក ហ្គាល់ម៉ារដ៍ ដែលអាចនិយាយភាសាខ្មែរយ៉ាងល្អផងនោះ បានឲ្យវិទ្យុស្ត្រីFM 102ដឹងថា បានជាលោកជ្រើសរើសយកស្នាដៃរបស់អ្នកនិពន្ធឃុន ស្រ៊ុន មកផលិតជាខ្សែភាពយន្តឯកសារខ្នាតវែងនេះ ព្រោះលោកស្រឡាញ់ចូលចិត្តស្នាដៃរបស់លោកឃុន ស្រ៊ុន ។ លោកថា អត្ថន័យនៅក្នុងអត្ថបទទាំងនោះ ជាប់ទាក់ទងយ៉ាងជ្រាលជ្រៅជាមួយវប្បធម៌ខ្មែរបុរាណ។
លោកអេរិក ហ្គាលម៉ារដ៍ បន្ថែមថា តាមលោកយល់ អ្នកនិពន្ធឃុន ស្រ៊ុន បានទទួលឥទ្ធិពលច្រើនពីអក្សរសិល្ប៍ទំនើបបារាំង។ លោកបន្តថា លោកចាប់អារម្មណ៍ស្នាដៃនិពន្ធរបស់លោកឃុន ស្រ៊ុន ព្រោះស្នាដៃនេះមានលក្ខណៈមិនធម្មតានៅក្នុងអក្សរសិល្ប៍ខ្មែរ៖ «ហើយការសរសេររបស់គាត់ មិនមែនដូចអក្សរសិល្បិ៍ខ្មែរបុរាណ។ ប៉ុន្តែនៅពេលតែមួយនោះ ដោយសារគាត់មកពីខេត្តតាកែវ គាត់មកពីជនបទ គាត់ដូចជាមាន – គាត់ទាក់ទងយ៉ាងជ្រាលជ្រៅជាមួយវប្បធម៌ខ្មែរបុរាណ ហើយនិងអត្ថបទរបស់គាត់បង្ហាញថា គាត់ពេញចិត្តជីវភាពនៅស្រុកស្រែដែរ»។
ខ្សែភាពយន្តឯកសារខ្នាតវែងរបស់លោកអេរិក ហ្គាល់ម៉ារដ៍ ក្រៅពីការដាក់បញ្ចូលសម្រង់ខ្លីៗនៃអត្ថបទរបស់លោកឃុន ស្រ៊ុន ដែលបានរិះគន់សង្គមនៅទសវត្សរ៍៦០ និង៧០ លោកក៏ប្រៀបធៀបនឹងជីវិតពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលរងទុក្ខវេទនាដោយការបញ្ចេញចេញពីលំនៅដ្ឋាន ហើយជាពិសេសនោះ ភាពយន្តឯកសារនេះ ក៏ភ្ជាប់ទៅនឹងជីវិតកូនស្រីរបស់លោកឃុន ស្រ៊ុនផងដែរ ដែលជាក្មេងកំព្រា និងជាស្ត្រីមេម៉ាយកូនពីរនាក់ និងកំពុងរងគ្រោះដោយការរំលោភបំពានដីធ្លីផងដែរ។
ការប្រៀបធៀបរបស់ខ្សែភាពយន្តឯកសារនេះ អាចឆ្លុះឲ្យឃើញថា ការរិះគន់សង្គមរបស់លោកឃុន ស្រ៊ុន កាលពីទសវត្សរ៍៦០ និង៧០ នោះ នៅតែរស់រវើក ហើយស្របនឹងស្ថានភាពសង្គមកម្ពុជានាបច្ចុប្បន្ននេះ។
សូមជម្រាបថា អ្នកនិពន្ធឃុន ស្រ៊ុន បានកើតនៅស្រុកព្រៃកប្បាសខេត្តតាកែវ នៅឆ្នាំ១៩៤៥ ក្នុងគ្រួសារក្រីក្រមួយ ដែលមានកូន៧នាក់ក្នុងបន្ទុក ។ លោកឃុន ស្រ៊ុន និងបងប្អូន៣នាក់ផ្សេងទៀតរបស់លោក ត្រូវបានសម្លាប់ក្នុងរបបវាលពិឃាត ចន្លោះឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។
ស្នាដៃនិពន្ធរបស់លោកឃុន ស្រ៊ុន មានដូចជា គំហើញទី១ គំហើញទី២ និងគំហើញទី៣ បោះពុម្ពនៅឆ្នាំ១៩៧០ សៀវភៅសម្រស់ជីវិត បោះពុម្ពនៅឆ្នាំ១៩៧១ សៀវភៅលំនៅចុងក្រោយបោះពុម្ពឆ្នាំ១៩៧២ និងសៀវភៅជនជាប់ចោទ បោះពុម្ពឆ្នាំ១៩៧៣ ។ ក្រៅពីនោះ លោកឃុន ស្រ៊ុន ក៏បាននិពន្ធសៀវភៅជំទង់ និងគណិតវិទ្យាថ្នាក់ទី៨ ដល់ថ្នាក់ទី៣ ផងដែរ។
លោកឃុន ស្រ៊ុន ត្រូវរដ្ឋការលោកសេនាប្រមុខលន់ នល់ ចាប់ដាក់ពន្ធនាគារពីរដង នៅឆ្នាំ១៩៧១ និង១៩៧៣ ដោយសារអត្ថបទរិះគន់សង្គមរបស់លោក។ លើកទី១ លោកបានជាប់ពន្ធនាគាររយៈពេល៧ខែ ហើយលើកទី២ រយៈពេលពីរសប្ដាហ៍។
លោកវេជ្ជបណ្ឌិត ឃុន ង៉ែត ដែលជាប្អូនប្រុសរបស់លោកឃុន ស្រ៊ុន បានមានប្រសាសន៍នៅក្នុងកម្មវិធីសំណួរចម្លើយ ក្រោយការបញ្ចាំងភាពយន្តនេះកាលពីថ្ងៃសៅរ៍ ទី៥ ខែធ្នូ វេលាម៉ោងជិត៧យប់ថា រដ្ឋការលោកសេនាប្រមុខលន់ នល់ បានព្យាយាមទិញទឹកចិត្តលោកឃុន ស្រ៊ុន ដោយឲ្យជារថយន្ត និងផ្ទះវីឡាជាដើម ប៉ុន្តែលោកឃុន ស្រ៊ុន មិនបានលក់ឧត្តមគតិខ្លួនឡើយ។
លោកឃុន ស្រ៊ុន បានចូលព្រៃម៉ាគី ដែលជាចលនាតស៊ូរបស់ពួកខ្មែរក្រហមនៅឆ្នាំ១៩៧៣ ដោយប្រើឈ្មោះបដិវត្តន៍ថា ភឿន ដូចឈ្មោះតួអង្គក្នុងរឿងខ្លីរបស់លោក ដែលជាគ្រូពេទ្យចិត្តល្អ ជួយយកអាសារអ្នកជំងឺដោយមិនគិតពីលុយកាក់ជាធំ។
តាមព័ត៌មានថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោកឃុន ស្រ៊ុន បានធ្វើការនៅក្រសួងរថភ្លើង ហើយលោកត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧៨ គឺរយៈពេលជាង១០ថ្ងៃ មុនកងទ័ពវៀតណាមចូលឈ្លានពានកម្ពុជា។
សូមជម្រាបដែរថា លោកអេរិក ហ្គាល់ម៉ារដ៍ ដែលជាផលិតករខ្សែភាពយន្តឯកសារខ្នាតខ្លីនេះ គឺជាសាស្ត្រាចារ្យបង្រៀនខាងសិល្បៈភាពយន្តនៅសាកលវិទ្យាល័យ Strasburg នៃប្រទេសបារាំង ហើយលោកធ្លាប់បានរស់នៅប្រទេសអាស៊ី ប៉ាស៊ីហ្វិកជាច្រើនឆ្នាំ ដូចជានៅកម្ពុជា ហ្វីលីពីន ជប៉ុន និងនៅកោះហ្វីជីជាដើម៕