en     km
en     km

អង្គការសហប្រជាជាតិ នឹងចូលរួមក្នុងយុទ្ធនាការ សុវត្ថិភាពការដឹកជញ្ជូនកម្មករនៅកម្ពុជា

Share

អង្គការសហប្រជាជាតិនឹងចូលរួមគាំទ្រក្នុងយុទ្ធនាការទៅលើផែនការសុវត្ថិភាពនៅតាមដងផ្លូវ ដែលផ្ដោតលើសុវត្ថិភាពដឹកជញ្ជូនកម្មករ-និយោជិត ត្បិតជិត៥០ភាគរយកម្មករ-និយោជិតដែលរងគ្រោះដោយសារហានិភ័យការងារនៅកម្ពុជា គឺដោយសារ គ្រោះថ្នាក់ចរាចរណ៍។ លោក គីម ចាន់ចាវ រាយការណ៍

 

ពាក់ព័ន្ធនឹងការបន្តដោះស្រាយលើសុវត្ថិភាពចរាចរតាមដងផ្លូវ និងការដឹកជញ្ជូនកម្មករ ដែលបានជួបនូវគ្រោះថ្នាក់ចរាចរកន្លងមក បើយោងតាមរបាយការណ៍របស់ UNDP គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបានធ្វើអោយខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងមួយឆ្នាំៗ ហើយតាមការប៉ាន់ប្រមាណអាចខាតបង់ដល់ផលទុនជាតិសរុប ប្រមាណ ៣%។ លោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អះអាងថា នឹងចូលរួមគាំទ្រក្នុងយុទ្ធនាការទៅលើផែនការសុវត្ថិភាពនៅតាមដងផ្លូវ។ ក្នុងពេលឆាប់ៗនេះ នឹងមានទស្សនកិច្ចផ្លូវការមួយរបស់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ មកកម្ពុជា ដើម្បីពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ ការបញ្ជាក់របស់អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

 

បើយោងតាមរបាយការណ៍ស្តីពី លទ្ធផលការងារសម្រេចបាននៅក្នុងឆ្នាំ២០២១ របស់បេឡាជាតិសនិ្តសុខសង្គម(ប.ស.ស) ជាង៤៩ភាគរយ នៃកម្មករ-និយោជិតដែលរងគ្រោះដោយសារហានិភ័យការងារដែលបានរាយការណ៍គឺ ជាគ្រោះថ្នាក់ពេលធ្វើដំណើរ(គ្រោះថ្នាក់ចរាចរណ៍)។ ក្នុងចំណោមកម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ ប្រមាណពាក់កណ្តាលនៃពួកគេជាកម្មករនិយោជិត ដែលបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។ របាយការណ៍ដដែលបានឱ្យដឹងថា គិតជាមធ្យមក្នុងមួយខែៗ មានករណីគ្រោះថ្នាក់លើរថយន្តដឹកកម្មកររួមបែបនេះយ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់ស្រាលជាច្រើនសិបនាក់ក្នុងករណីនីមួយៗ(ករណីខ្លះរហូតដល់ស្លាប់ ឬពិការជាច្រើននាក់)។

 

តាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៅឆមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន ១ ៦៧២ករណី ជនរងគ្រោះចំនួន ១ ៩១៩នាក់ (ស្លាប់ ៤៧នាក់ របួសធ្ងន់ ៥៦៧នាក់ និងរបួសស្រាល ១ ៣០៥នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៥លើក របួសសរុប ១០៦នាក់ (របួសធ្ងន់ ១៦នាក់ និងរបួសស្រាល ៩០នាក់) មានការថយចុះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង