បូស្តុន៖ យោងតាម C N A រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃពុធ ទី១៤ ខែធ្នូ ថាពលរដ្ឋចិនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានសម្រុកចូលក្នុងមហាវិទ្យាល័យ Berklee College of Music ក្នុងទីក្រុងបូស្តុន និងបានតាមដាន យាយីសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់នៅក្នុងប្រទេសចិន ដែលបានបង្ហោះខិត្តប័ណ្ណផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យ។
រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Boston បាននិយាយថាលោកXiaolei Wu អាយុ 25 ឆ្នាំបានធ្វើដូច្នេះបន្ទាប់ពីបានគំរាមកំហែងតាមរយៈការផ្ញើសារអនឡាញ WeChat ថានឹងកាត់ដៃសកម្មជន និងទាមទារឱ្យបុគ្គលនោះឈប់បង្ហោះ “ផ្ទាំងរូបភាពប្រតិកម្ម” នៅក្បែរបរិវេណមហាវិទ្យាល័យ។លោកWu ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធទី១៤ ធ្នូ ឆ្នាំ២០២២ ហើយត្រូវបានដោះលែងនៅពេលបន្ទាប់។ មេធាវីរបស់លោកមិនបានឆ្លើយតបនឹងសំណើរបស់អ្នកសារព័ត៌មានសុំការអត្ថាធិប្បាយទេ។
មហាវិទ្យាល័យតន្ត្រីឯកជនBerklee បានចេញសេចក្តីថ្លែងការណ៍ថា “អាកប្បកិរិយារបស់ Xiaolei Wu គឺជាការយាយីរំខាន” ។ ខាងមហាវិទ្យាល័យបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម ដោយលើកឡើងថាករណីនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចិនជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់នៅសហរដ្ឋអាមេរិក មកពីប្រទេសចិនមានគ្រួសារនៅទីនោះ។ កាលពីថ្ងៃទី 22 ខែតុលា ២០២២ លោកបានបង្ហោះរូបខិត្តប័ណ្ណដែលបិតលើបង្អួចតាមរយៈInstagram ដែលសរសេរថា “ឈរជាមួយប្រជាជនចិន” “យើងចង់បានសេរីភាព” និង “យើងចង់បានលទ្ធិប្រជាធិបតេយ្យ។ ”
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាននិយាយថា តាមរយៈ WeChat លោក Wu បានទាមទារឱ្យមហាវិទ្យាល័យ លុបរាល់ការផ្សព្វផ្សាយ ហើយបាននិយាយថាគាត់បានរាយការណ៍អំពីសកម្មភាពទាំងនេះទៅទីភ្នាក់ងារសន្តិសុខសាធារណៈប្រទេសចិនរួចហើយ។
លោក Wu បានសរសេរថា “ខ្ញុំបានទូរស័ព្ទទៅបណ្តាញព័ត៌មាននៅក្នុងប្រទេសចិនរួចហើយ ភ្នាក់ងារសន្តិសុខសាធារណៈនឹងទៅសួរសុខទុក្ខគ្រួសាររបស់អ្នក” ។អាជ្ញាធរអាមេរិកបាននិយាយថា ពួកគេជឿថា លោក Wu កំពុងសំដៅទៅលើក្រសួងសន្តិសុខសាធារណៈ ឬក្រសួងសន្តិសុខរដ្ឋនៅក្នុងប្រទេសចិន “ដែលទាំងពីរនេះស៊ើបអង្កេតអ្នកប្រឆាំងនយោបាយ រួមទាំងអ្នកដែលបញ្ចេញសំឡេងគាំទ្រលទ្ធិប្រជាធិបតេយ្យ”។
រដ្ឋអាជ្ញាអាមេរិកបាននិយាយថាលោកWu បានផ្ញើសារតាម WeChat ទៅសកម្មជនពលរដ្ឋចិនឱ្យផ្ដល់ទីតាំងរស់នៅ។ពាក្យបណ្តឹងបាននិយាយថា នៅក្នុងអ៊ីមែលកាលពីថ្ងៃទី 24 ខែតុលា គាត់បានប្រាប់សកម្មជនចិនគាំទ្រលិទ្ធិប្រជាធិបតេយ្យថានឹងត្រូវចាប់ខ្លួននៅពេលត្រឡប់ទៅប្រទេសចិនវិញ ហើយសមាជិកគ្រួសាររបស់សកម្មជននោះនឹងទទួលបាន “ការពិនិត្យផ្នែកនយោបាយ” ពីរដ្ឋាភិបាលចិន។បើយោងតាមពាក្យបណ្តឹងលោក Wu បានសរសេរថា “អ្នកគួរតែលាងចានឱ្យឆ្កែមូលធននិយម”។
ប្រភព៖ C N A ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២