ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានគូសបញ្ជាក់ជាថ្មីម្តងទៀតចំពោះ ជំហររបស់កម្ពុជា ចំពោះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនថា កម្ពុជាអាចនឹងធ្វើសកម្មភាពមួយចំនួនដើម្បីជួយអ៊ុយក្រែន ជាជាងការបញ្ជូនជំនួយជាទាហ៊ាន។ ការបញ្ជាក់របស់សម្តេច ហ៊ុន សែន កើតមានឡើងគ្រាដែលសម្តេចចូលរួមសន្និសីទនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ លោក គីម ចាន់ចាវ រាយការណ៍
នៅចំពោះមុខមេដឹកនាំអាស៊ាន និង មេដឹកនាំអ៊ឺរ៉ុបសម្តេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការឈ្លានពាន ឬការកាត់យកទឹកដីពីសំណាក់រុស្ស៊ី។ ក្រៅពីនោះក្នុងឋានៈជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន ក៏បានសម្របសម្រួលដើម្បីចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងការសន្ទនា ឬបទឈប់បាញ់រវាងរុស្ស៉ីនិងអ៊ុយក្រែនផងដែរ។ បន្ថែមពីនោះទៀត សម្តេចប្រកាសជំហររបស់កម្ពុជា ដោយមិនត្រឹមតែមិនឯកភាពចំពោះការឈ្លានពានប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងដើរតួជាសហស្ថាបនិកក្នុងការបោះឆ្នោតថ្កោលទោសលើប្រទេសរុស្ស៊ី ដែលបានបង្កសង្រ្គាមវាតទីដណ្តើមយកទីតាំងមួយចំនួនរបស់អ៊ុយក្រែនមកធ្វើជារបស់ខ្លួន និងយល់ស្របតាមសេចក្ដីសម្រេចផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិផងដែរ។
«យើងមិនយល់ព្រម ជាមួយនឹងការឈ្លានពាន ការប្រើប្រាស់កម្លាំង ឬការកាត់យកទឹកដីនោះទេ ជំហរនេះគិតៗទៅយើងមិនមែនត្រឹមតែជាអ្នកគាំទ្រ ក៏ប៉ុន្តែយើងបានដើរតួនាទីជាអ្នធ្វើCo-fondateur
(សហស្ថាបនិក) ទៅលើសេចក្តីសម្រេចនានានៅឯអង្គការសហប្រជាជាតិ»។
លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់អំពីការបញ្ជូនមន្ត្រីបច្ចេកទេសរបស់កម្ពុជារួមជាមួយជប៉ុន ដើម្បីជួយអ៊ុយក្រែនលើការបណ្តុះបណ្តាលការដោះមីនផងដែរ។ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជានៅតែប្រកាសជំហរដាច់ណាត់មិនបញ្ជូនទាហ៊ានពីកម្ពុជាដើម្បីជួយអ៊ុយក្រែនឡើយ។
«យើងក៏នឹងទទួលយកសិក្ខាកាមអ៊ុយក្រែន១៥នាក់មកបណ្តុះបណ្តាលនៅខែមករានេះ ដើម្បីធ្វើជាអ្នកបំផ្លាញចោលគ្រាប់មីន ព្រោះវាជារឿងគ្រោះថ្នាក់ ហើយវាជារឿងមនុស្សធម៌ ប៉ុន្តែយើងមិនបញ្ជូនទាហានរបស់យើងចូលច្បាំងជាមួយរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែននោះទេ»។
គិតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ីនៅអ៊ុយក្រែន បានអូសបន្លាយរយៈពេលជាង ១០ ខែមកហើយតាំងពីខែកុម្ភៈមក ប៉ុន្តែស្ថានភាពនៃសង្រ្គាមនេះ ហាក់មិនទាន់មានភាពធូរស្រាលនៅឡើយទេ ពោលគឺនៅតែបន្តភាពក្តៅគគុកដដែលរវាងប្រទេសទាំង២។ សង្គ្រាមនេះទៀតសោត បានជះឥទ្ធិពលជាអវិជ្ជមានដល់ពិភពលោកទាំងមូលផងដែរ ខណៈរុស្ស៊ីបានព្រមានបើកការវាយប្រហារកាន់តែខ្លាំងឡើងនៅចុងខែធ្នូខាងមុខនេះ ចំពេលនៃរដូវកាលបុណ្យ ណូអែល នៅអឺរ៉ុប៕