ភ្នំពេញ៖ បវរកញ្ញាប្រទេសអង់ហ្គោឡា ឈ្មោះស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ (Swelia da silva antonio) សម្តែងការកោតស្ញប់ស្ញែងចំពោះភាពស្រស់ស្អាត និងភាពទាក់ទាញរបស់ឆ្នេរសមុទ្រកម្ពុជា។ បវរកញ្ញារូបនេះបានសន្យានាំយកព័ត៌មានអំពីភាពស្រស់បំព្រងនៃឆ្នេរខ្សាច់ដ៏សក្បុសលើទឹកដីកម្ពុជា ទៅបង្ហាញជូនប្រជាជនក្នុងប្រទេសខ្លួន ក៏ដូចជាទៅកាន់ពិភពលោក ខណៈឆ្នេរសមុទ្រកម្ពុជា គួរជាទីឱ្យចង់ទស្សនាកម្សាន្ត និងសម្រាកលម្ហែកាយដ៏សែនពេញចិត្ត។
(កញ្ញា គុជ ស៊ីកុល រាយការណ៍ពីព័ត៌មាននេះ)
បវរកញ្ញា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ បានរួមដំណើរជាមួយប្រតិភូអន្តរជាតិ ២០ ប្រទេសទៀតមកចូលរួមក្នុងមហាសន្និបាតលើកទី ១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកកាលពីពេលថ្មីៗកន្លងទៅនេះ(ថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២) នៅខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយពិធីបុណ្យសមុទ្រលើកទី៩។
ក្នុងដំណើរចូលរួមមហាសន្និបាតក្លឹបនៅកម្ពុជានេះបវរកញ្ញាអង់ហ្គោឡារួមទាំងប្រតិភូសមាជិកក្លឹបឆ្នេរស្អាតបំផុតលើសកលលោកមកពីបណ្តាប្រទេសដទៃទៀតត្រូវបានរៀបចំឱ្យមានដំណើរទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍទីក្រុងព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ដំណើរទស្សនកិច្ចកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅតំបន់សមុទ្រកម្ពុជានិងបានទៅទស្សនាព្រៃកោងកាងនៅខេត្តកោះកុង ដែលជាតំបន់ព្រៃកោងកាងដ៏ធំជាងគេនៅអាស៊ី។
បវរកញ្ញារូបនេះ បានបង្ហាញអារម្មណ៍ថា កញ្ញារីករាយណាស់ ដែលបានមកដល់ប្រទេសកម្ពុជាពិសេស គឺបានមកដល់ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា ព្រោះនេះជាលើកទីមួយហើយដែលកញ្ញាធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយក៏ជាលើកទីមួយដែលកញ្ញាធ្វើដំណើរមកតំបន់អាស៊ីផងដែរ។
ស្វេលីយ៉ា លើកឡើងបន្តថា ទឹកកខ្វក់ត្រូវបានធ្វើប្រព្រឹត្តកម្មមុនបង្ហូរ ទៅកាន់ សមុទ្រ ដូច្នេះវាមិនប៉ះពាល់ដល់បរិស្ថានសមុទ្រនោះទេ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថា ឆ្នេរ និងទឹកសមុទ្រចាំបាច់គួរតែត្រូវបានថែរក្សា។
កញ្ញាបានអះអាងថា កញ្ញា គឺជាអ្នកគាំទ្រខ្លាំងណាស់ចំពោះការផ្សារភ្ជាប់ ទំនាក់ទំនងអន្តរទ្វីបរវាងមនុស្ស ទំនាក់ទំនងសង្គម និងអន្តររដ្ឋ។
ជាមួយគ្នានេះដែរ ចំពោះវិស័យបរិស្ថាន និងអភិរក្សឆ្នេរ កញ្ញា ស្វេលីយ៉ា គិតថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចែករំលែកសេចក្តីល្អដែលមាន និងបង្កើតបណ្តាញទំនាក់ទំនង។ វាមិនមែនតែសំដៅទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសអង់ហ្គោឡា និងកម្ពុជានោះទេ តែវាជាទំនាក់ទំនងរវាងអង់ហ្គោឡាទៅកាន់ពិភពលោក និងកម្ពុជាទៅកាន់ពិភពលោក៕