en     km
en     km

លោក កឹម សុខា ចាត់ទុកទំនាក់ទំនងការទូតជារឿងដ៏សំខាន់ដោយត្រូវធ្វើជាមួយអ្នកមាន“តម្លៃការទូត”

Share

ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ លោក កឹម សុខា បានឆ្លើយតបដោយខ្លីចំពោះការលើកឡើងថា លោកមានតួនាទីអ្វីបានជាត្រូវជួបជាមួយតំណាងប្រទេសជាមិត្តពេលមកបំពេញ និងបញ្ចប់បេសកម្មនៅកម្ពុជា? លោកថា គេធ្វើទំនាក់ទំនងការទូតជាមួយអ្នកណាដែលមាន“តម្លៃការទូត”នៃប្រទេសនោះប៉ុណ្ណោះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រោយពេលមានការលើកឡើងថា តើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មានតួនាទីអ្វី បានជាមានមន្ត្រីជាន់ខ្ពស់តំណាងប្រទេសជាមិត្តរបស់កម្ពុជា និងអ្នកការទូតមកជួបលោក រួមទាំងមកជម្រាបសួរនៅពេលមកបំពេញបេសកម្ម និងជម្រាបលានៅពេលចប់បេសកកម្ម? លោកប្រធានអតីតគណបក្សរូបនេះបានឆ្លើយតបលើហ្វេសប៊ុកលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា ទំនាក់ទំនងការទូតពិតជាសំខាន់សម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស។ លោកសង្កត់ធ្ងន់ថា  ការធ្វើទំនាក់ទំនងការទូតនេះ គេធ្វើជាមួយអ្នកណាដែលមាន«តម្លៃការទូត»នៃប្រទេសនោះតែប៉ុណ្ណោះ។

ការឆ្លើយតបរបស់លោក គឺនៅថ្ងៃតែមួយដែលឯកអគ្គរាជទូតអូស្ដ្រាលី លោក Panlo Kang មកជម្រាបលាលោកដល់គេហដ្ឋាន ក្រោយពេលបំពេញបេសកម្មរយៈពេល៣ឆ្នាំ នៅកម្ពុជា។ យ៉ាងណាកាលពីថ្ងៃទី១២ ខែ ធ្នូ ឆ្នាំនេះដដែល ឯកអគ្គរាជូតជប៉ុនប្រចាំប្រទេសកម្ពុជា លោក មីកាមី ម៉ាសាហ៊ីរូ ក៏បានទៅជម្រាបលាលោក កឹម សុខា ដល់គេហដ្ឋានដែរ ដើម្បីត្រលប់ទៅប្រទេសវិញ ក្រោយបញ្ចប់បេសកម្មដូចគ្នា។

លោកកឹម សុខា ថា លោកមិនបកស្រាយ លម្អិតពីហេតុផលផ្សេងទៀតនោះទេ តែឲ្យពិចារណាយល់ដឹងតាមការគួរ។ កាលពីជំនួបរវាងលោក និងឯកអគ្គរាជទូតជប៉ុន លោកនៅតែបញ្ជាក់គោលជំហរប្រកបដោយជំនឿដដែលថា តំណាង ឬថ្នាក់ដឹកនាំរដ្ឋបរទេស និងថ្នាក់ដឹកនាំខ្មែរខ្លះប្រាកដជាយល់និងស្គាល់នូវចេតនា អាកប្បកិរិយា និងសកម្មភាពរបស់លោក ដែលប្រកាន់នូវគោលការណ៍អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនបង្កប្រទូសរ៉ាយដល់សង្គមជាតិ ឬមនុស្សជាតិ ជាពិសេសមិនបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជា សូម្បីតែការបង្កជម្លោះបុគ្គល និងគ្រួសារក៏លោកមិនធ្វើដែរ។

លោកបានបន្ដថា នេះជាហេតុផលដែលថ្នាក់ដឹកនាំរដ្ឋបរទេសជាមិត្ត និងថ្នាក់ដឹកនាំកម្ពុជានៅតែផ្តល់តម្លៃ គោរពរាប់អាន និងទំនាក់ទំនងជាមួយលោក ដែលផ្ទុយពីការចោទប្រកាន់មកលើរូបលោក ដោយមិនត្រឹមត្រូវ និងមិនសមហេតុផលផ្ទុយពីចេតនាពិត និងការប្រព្រឹត្តរបស់លោក។

ការអះអាងជាថ្មី ម្ដងហើយម្ដងទៀតនេះ ខណៈលោក កឹម សុខា ជិតដល់ថ្ងៃដែលតុលាការនឹងបិទបញ្ចប់សំណុំរឿងរបស់លោក ដែលរងការចោទប្រកាន់ថា ឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលឬ សន្ទិដ្ឋិភាពជាមួយបរទេស។

សូមជម្រាបថា សំណុំរឿងក្ដីក្ដាំងប្រធានអតីតគណបក្សដែលត្រូវរំលាយកាលពីឆ្នាំ២០១៧នេះ ត្រូវបានតុលាការធ្វើការសាកសួររយៈពេល ៥ ឆ្នាំមកហើយ នឹងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ស្របពេលនេះដែរ លោកអះអាងថា នៅចុងឆ្នាំនេះ និងដើមឆ្នាំក្រោយមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតជាមិត្តរបស់កម្ពុជាមួយចំនួនទៀត នឹងត្រូវចប់អាណត្តិមកជម្រាបលា និងត្រូវមកកាន់តំណែងទូតថ្មីនឹងមកជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោក បន្តបន្ទាប់ផងដែរ៕

Share

ព័ត៌មានទាក់ទង

Image