យុវជនគឺជាសក្តានុពល នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយអង្គការទស្សនៈពិភពលោក បានបញ្ចូល យុវជន និងក្មេងវ័យជំទង់នៅក្នុងកម្មវិធីអភិវឌ្ឍរបស់ខ្លួន ដែលមានក្រសួងអប់រំជាដៃគូចម្បង ដោយផ្ដោតលើវិស័យសំខាន់ៗ។ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានលើកឡើងថា ការងារស្ម័គ្រចិត្ត កាន់តែមានសារៈសំខាន់និងបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ ដែលគេលើកទឹកចិត្តមនុស្សគ្រប់វ័យ ចូលរួម ដើម្បី សង្គមជាតិរបស់ខ្លួន។ លោក គីម ចាន់ចាវ រាយការណ៍
លោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាយុវជនដែលមានវ័យក្មេងមានចំនួនជាងពាក់កណ្ដាលនៃប្រជាជនសរុប ដែលអាចនឹងបង្កើតបានឱកាសសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងឱកាសនេះវាក៏មាននូវបញ្ហាប្រឈមមួយចំនួនផងដែរ។ ដោយផ្អែកលើទិន្នន័យសន្ទស្សន៍ នៃការអភិវឌ្ឍយុវជន ដែលបានបង្ហាញថា យុវជនកម្ពុជានៅមានកម្រិតទាបនៅឡើយនៅក្នុងផ្នែកសុខុមាលភាព ដែលរួមមានសុខភាព ការអប់រំ ការងារ និងការចូលរួម ដែលការចូលរួមក្នុងការងារស្ម័គ្រចិត្តនៅមានកម្រិតទាបនៅឡើយ។ លោកថ្លែងបែបនែះក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងជ្រើសរើសគម្រោងឆ្នើមប្រចាំប្រទេសនៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការងារស្ម័គ្រចិត្ត” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូនេះ។
នាយកអង្គការដដែលនេះ បានបន្តថា ផ្អែកលើការលើកឡើងនេះបង្ហាញថា យុវជនគឺជាសក្តានុពល នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ប៉ុន្តែវាក៏បង្ហាញពីការផ្ដល់នូវឱកាសសម្រាប់ពួកគេចូលរួមក្នុងការអភិវឌ្ឍផងដែរ។ ហេតុនេះហើយទើបអង្គការទស្សនៈពិភពលោក បានបញ្ចូលយុវជន និងក្មេងវ័យជំទង់នៅក្នុងកម្មវិធីអភិវឌ្ឍរបស់ខ្លួន ដែលមានក្រសួងអប់រំជាដៃគូចម្បង ដោយផ្ដោតលើវិស័យសំខាន់ៗ។
«ចាប់តាំងពីឆ្នាំ២០១៩មក អង្គការទស្សនៈពិភពលោក ក្នុងភាពដៃគូជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា យើងបានអនុវត្តកម្មវិធី ដោយរួមបញ្ចូលយុវជន និងក្មេងវ័យជំទង់នៅក្នុងកម្មវិធីអភិវឌ្ឍរបស់ខ្លួន។ នៅក្នុងភាពជាដៃគូនេះយើងធ្វើការជាមួយUNV(កម្មវិធីអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ) អង្គការទស្សនៈពិភពលោក អង្គការវី អេស អូ និង CCC (អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា) ក៏ដូចជាអង្គការ BBCផងដែរ ដែលយើងបានគាំទ្រការអនុវត្តគម្រោង នៅទាំង២៥រាជធានី/ខេត្ត ដែលមានការចូលរួមពីយុវជនស្ម័គ្រចិត្ត៥០នាក់ជាង ដែលយើងអនុវត្តគម្រោង ចំនួន៨៤ ដែលផ្ដោតទៅលើវិស័យអប់រំ បរិស្ថាន កសិកម្ម ទេសចរណ៍ សុខភាព ក៏ដូចជាឧស្សាហកម្ម៤.០ផងដែរ»។
ក្នុងកម្មវិធីដែលដឹកនាំដោយយុវជន បានបំពាក់បំប៉ននូវបំណិនជីវិត និងមានទំនាក់ទំនងជាវិជ្ជមានជាមួយនឹងដៃគូ នៅថ្នាក់ក្រោមជាតិផងដែរ។ បើតាមលោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ យុវជនបានបង្ហាញនូវទំនុកចិត្ត បង្កើតនូវជំនាញ ក្នុងការដោះស្រាយបញ្ហា តាមរយៈបទពិសោធន៍ក្នុងដឹកនាំការអនុវត្តគម្រោង ដែលបង្ហាញជាលទ្ធផលការចូលរួមចំណែកបែបវិជ្ជមាន ក្នុងការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាសហគមន៍។ ហើយចំណុចសំខាន់មួយទៀត ក្នុងគម្រោងនេះបានកាត់បន្ថយឧបសគ្គនៃការចូលរួមអនុវត្តជាមួយគ្នារវាងក្មេងប្រុស និងក្មេងស្រី និងកាត់បន្ថយវិសមភាពយេនឌ័រផងដែរ។
«ភស្តុតាងក៏បានបង្ហាញតាមរយៈគម្រោង យុវជនយើងបានកាត់បន្ថយនូវឧបសគ្គ ដែលរារែកការចូលរួមរបស់ក្មេងប្រុស និងក្មេងស្រី នៅក្នុងការរៀន ការធ្វើការជាមួួយគ្នា ការដឹកនាំគម្រោងជាមួយគ្នា ក៏ដូចជាកាត់បន្ថយវិសមភាពយេនឌ័រផងដែរ»។
ជុំវិញប្រធានបទការងារស្ម័គ្រចិត្តនេះដែរ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នៅកម្ពុជា ការងារស្ម័គ្រចិត្ត បានផ្សារភ្ជាប់ទៅនឹងប្រពៃណីនៃការជួយគ្នាក្នុងសហគមន៍ ដែលខ្មែរមានតាំងពីសម័យបុរាណមកម្លេះ។ បច្ចុប្បន្នសេវាកម្មស្ម័គ្រចិត្តនេះ កាន់តែមានសារះសំខាន់សម្រាប់សង្គមជាតិ ដែលកំពុងរីកដុះដាល និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ ដែលមនុស្សគ្រប់វ័យត្រូវបានលើកទឹកចិត្តចូលរួម ដើម្បីអភិវឌ្ឍមូលដ្ឋាន សង្គមជាតិរបស់ខ្លួន។ លោកបន្ដថា នៅពេលដែលចូលរួមការងារស្ម័គ្រចិត្ត គឺបុគ្គលនោះចេះប្រើពេលវេលា ឱ្យមានប្រយោជន៍។
«កិច្ចការងារស្ម័គ្រចិត្ត គឺយើងចេះប្រើពេលវេលារបស់យើង ឱ្យមានប្រយោជន៍នៅក្នុងកិច្ចការផ្សេងៗ ដូចជាកិច្ចការងាររដ្ឋបាល កិច្ចការងារជួយអ្នកដទៃ ក៏ដូចជាកិច្ចការងារនៅក្នុងសង្គមជាតិទាំងមូលផងដែរ។ នៅពេលដែលយើងបានធ្វើកិច្ចការអ្វីមួយ ដែលរួមចំណែកជួយលំអរ ជីវិត ឬជីវភាពរបស់អ្នកដទៃ នោះជីវភាពរបស់យើង នឹងប្រសើរឡើងដោយស្វ័យប្រវត្តិ។ តម្លៃនៃការងារស្ម័គ្រចិត្ត គឺយើងជួយដោយឆន្ទះ ដោយស្រឡាញ់ និងមិនសង្ឃឹមថានឹងទទួលបានផលកម្រៃ ឬផលប្រយោជន៍តបស្នងនោះឡើយ»។
ដោយឡែកយុវតី ឃុន្ថា វឡាង សមាជិក«ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» មកពីខេត្តកំពុងស្ពឺ ដែលអនុវត្តលើគម្រោងក្នុងវិស័យអប់រំដែលមានឈ្មោះថា «យុវជនឆន្ទៈទំពាំងថ្មីក្នុងទឹកដីច្បារមន» បានលើកទឹកចិត្តដល់យុវជន ឱ្យចូលរួមក្នុងការងារស្ម័គ្រចិត្តទៅតាមលទ្ធភាពរៀងខ្លួន។
«ពួកយើងសូមសំណូមពរដល់យុវជន ឱ្យចេះស្វែងរកគោលដៅជីវិតឱ្យច្បាស់លាស់ សម្រាប់ខ្លួនងព្រមទាំងឆ្លៀតពេលវេលាចូលរួមកម្មវិធីការស្ម័គ្រចិត្តឱ្យបាន តាមដែលអាចធ្វើទៅរួច»
ដើម្បីបង្កើនការចូលរួមឱ្យបានផុសផុល លោកស្រី ពៅ វណ្ណា នាយិកា អង្គការ ឌីវីវី អន្តរជាតិ បានអំពាវនាវ ដល់ក្រសួងអប់រំ យុវជន និងកីឡា ជំរុញដល់ស្ថាប័នពាក់ព័ន្ធនានា ចូលរួមឱ្យច្រើនក្នុងកម្មវិធីទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ដោយអ្នកស្រីបានបង្ហាញក្ដីរំពឹងថាឆ្នាំបន្តបន្ទាប់ទៀត នឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត ដោយមិនគិតពីថវិកា៕