អ្នកការទូតបានរាយការណ៍ប្រាប់សារព័ត៌មាន Reuters ថា អ៊ីរ៉ង់ទំនងជាត្រូវបណ្តេញចេញពីស្ថាប័នស្ត្រីរបស់អង្គការសហប្រជាជាតិនៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ដោយសារគោលនយោបាយអ៊ីរ៉ង់ ប្រឆាំងនឹងសិទ្ធិស្ត្រីនិងក្មេងស្រី។
(ព័ត៌មាននេះប្រែសម្រួលដោយកញ្ញា កែវ សុជាតា)
បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា សមាជិកទាំង ៥៤ ប្រទេស របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) គ្រោងនឹងបោះឆ្នោតសម្រេចជាឯកច្ឆ័ន្ទ ដើម្បីដកប្រទេសអ៊ីរ៉ង់ចេញពីគណៈកម្មាធិការការស្តីពីស្ថានភាពស្ត្រីក្នុងអាណត្តិ២០២២-២០២៦ជាបន្ទាន់។ ជាពិសេស មន្ត្រីអាមេរិកម្នាក់បានប្រាប់ Reuters ថា មានសន្ទុះជាច្រើនគាំទ្រឱ្យដកអ៊ីរ៉ង់ចេញ។
ផ្ទុយទៅវិញ ប្រទេសអ៊ីរ៉ង់ ប៉ាឡេស្ទីន និងរដ្ឋចំនួន១៧ផ្សេងទៀត បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងនៅលើលិខិតមួយដែលបានផ្ញើឱ្យ ECOSOC កាលពីថ្ងៃចន្ទ ដោយមានខ្លឹមសារខាងក្នុងថា ការបោះឆ្នោតនេះពិតជាបង្កើតគំរូមិនល្អមួយ ជាពិសេសនឹងរារាំងប្រទេសដែលជាសមាជិកផ្សេងទៀតដែលមានវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខុសៗគ្នា ពីការចូលរួមចំណែកក្នុងសកម្មភាពរបស់គណៈកម្មការនេះ។
តួយ៉ាង លិខិតនេះបានជំរុញឱ្យសមាជិកមួយចំនួនបោះឆ្នោតប្រឆាំងនឹងសហរដ្ឋអាមេរិកវិញ ដើម្បីជៀសវាងនិន្នាការថ្មីបង្កើតឱ្យមានការបណ្តេញរដ្ឋអធិបតេយ្យ និងធានាបានថាការបោះឆ្នោតមានភាពសុក្រឹតចេញពីស្ថាប័នណាមួយក្នុងប្រព័ន្ធអន្តរជាតិ។
យ៉ាងណាមិញ មានតែសមាជិក ECOSOC ចំនួន ៥ តែប៉ុណ្ណោះ អាចបោះឆ្នោតនៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២នេះបាន។ គួរបញ្ជាក់ថា គណៈកម្មាធិការស្តីពីស្ថានភាពស្ត្រីបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។
តាមការឱ្យដឹងបន្ថែមពីសារព័ត៌មាន Reuters ថា កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រទេសអ៊ីរ៉ង់បានព្យួរកបុរសម្នាក់ជាសាធារណៈ ដោយកាត់ទោសពីបទសម្លាប់សមាជិកកងកម្លាំងសន្តិសុខពីរនាក់។ នេះជាការប្រហារជីវិតជាលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ពិសេសក្នុងចំណោមមនុស្សដែលចូលរួមការតវ៉ាប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅអ៊ីរ៉ង់។
បើក្រឡេកមើលកាលពី៣ខែមុនវិញ មានភាពចលាចលនៅទូទាំងប្រទេសបានផ្ទុះឡើងបន្ទាប់ពីមានការស្លាប់របស់អ្នកស្រី Mahsa Amini វ័យ២២ឆ្នាំ ជនជាតិអ៊ីរ៉ង់ បន្ទាប់ពីការឃុំខ្លួន ដោយសារការស្លៀកសំលៀកបំពាក់របស់អ្នកស្រី។
ទោះជាយ៉ាងណា បាតុកម្មនេះបានប្រែក្លាយទៅជាការបះបោរដ៏វឹកវរមួយក្នុងប្រទេសអ៊ីរ៉ង់ ដោយជនជាតិអ៊ីរ៉ង់គ្រប់ស្រទាប់បានខឹងសម្បារយ៉ាងខ្លាំង។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានបោះឆ្នោតកាលពីខែមុន ដើម្បីស៊ើបអង្កេតឯករាជ្យមួយលើការគាបសង្កត់ការតវ៉ារបស់ប្រទេសអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានចោទប្រកាន់លោកខាងលិចថា បានប្រើប្រាស់ក្រុមប្រឹក្សានេះដើម្បីរឹតបន្តឹងសកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ ហើយវាជារឿងគួរឱ្យភ័យតក់ស្លត់ និងជាភាពអាម៉ាស់មួយ៕
ប្រភព៖ Reuters ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២