en     km
en     km

ថ្ងៃនេះជាខួបលើកទី៣០ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

Share

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)។

ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងក្រសួងវប្បធម៌ ចាត់ទុកថ្ងៃរំលឹកខួបនេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌ។ ជាពិសេសជាងនេះការរំលឹកខួបនេះទៀតសោតក៏ជាការសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និង ការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរ វត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេ សកម្ពុជា ។ សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក ។

តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូលក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ៕

Share

Image
Image
Image