យោងតាម ហ្វេសប៊ុករបស់ADB Cambodia នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ADB បានផ្ដល់កញ្ចប់ថវិកា ៦២.៩ លានដុល្លា សម្រាប់គាំទ្រអនុវិស័យបុសត្វនៅកម្ពុជា ជាការលើកកម្ពស់ សន្ដិសុខស្បៀង និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផល បសុសត្វ។
លោក Srinivasan Ancha អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា «អនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាម Website របស់ADB ដោយបន្ថែមសំណេរលោក Srinivansan ថា វិស័យអនុបសុសត្វ ផ្តល់ឱកាសជាច្រើនសម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។
អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB រូបនេះ បញ្ជាក់ថា ជំនួយរបស់ ADB នឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយកសក្តានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ។
សូមជម្រាបថា កញ្ចប់ថវិកានេះចំនួន ៥0 លានដុល្លារជាកម្ចីពីធនធានសម្បទានរបស់ADB ចំនួន១២លានដុល្លារ ជាជំនួយមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) និង ចំនួន ៩០០,០០០ដុល្លារ ជាជំនួយឥតសំណងពីមូលនិធិបំរែបំរួលអាកាសធាតុ(CCF)។
យ៉ាងណាបើតាមADB ដដែលថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)នឹងផ្តល់ប្រាក់កម្ចីចំនួន ៤៣ លានដុល្លារដល់ គម្រោងនេះ ដែលចំនួននេះនឹងត្រូវគ្រប់គ្រងដោយ ADB។ គម្រោងនេះគឺស្របតាមផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រភាពជាដៃគូរប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣៕