en     km
en     km

កងកម្លាំងមួកខៀវកម្ពុជា៧៣នាក់មានស្ត្រី៣៤នាក់ ត្រូវបានប្តូរវេនទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង

Share

ភ្នំពេញ៖ កម្ពុជាបានបន្តបញ្ជូនកងរាជអាវុធហត្ថលេខ ១៧១ ចំនួន ៧៣នាក់ ក្នុងនោះមានស្ត្រី៣៤នាក់ ដែលជាកងទី១១ ទៅបំពេញបេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង។ ប្រមុខកងទ័ពមួកខៀវកម្ពុជា បានក្រើនរំឮកដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេសឱ្យរក្សាសាមគ្គីគ្នាជាធ្លុងមួយ តាមពាក្យដែលថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។ លោក គីម ចាន់ចាវ រាយការណ៍

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជាទាំង ៧៣នាក់នេះ បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ។

សម្រាប់កងរាជអាវុធហត្ថលេខ ១៧១ ដែលបានបញ្ជូនទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនេះ គឺជាឆ្នាំទី១១ហើយ ដែលទទួលបានការទុកចិត្តពីអង្គការសហប្រជាជាតិ ក្នុងការចូលរួមចំណែកស្វែករកសន្តិភាពជូនប្រទេសដែលរងដោយជម្លោះដូចបណ្តាកងមុនៗដែរ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរំឮកដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេសដែលកំពុងរងគ្រោះដោយសារភ្លើងសង្គ្រាមត្រូវរក្សាសាមគ្គីគ្នាជាធ្លុងមួយ តាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។ កងកម្លាំងទាំងអស់ត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ។

ប្រមុខកងទ័ពមួកខៀវកម្ពុជាបានណែនាំថា វត្តមានរបស់កងកម្លាំងយើងនីមួយៗ មិនត្រឹមតែតំណាងអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ឬមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ គ្រប់សកម្មភាពទាំងក្នុង និងក្រៅម៉ោងធ្វើការត្រូវតម្កល់កិត្តិយសជាតិជាចម្បង។

កងកម្លាំងមួកខៀវកម្ពុជា ជាកងទ័ពដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជូនកងកម្លាំងមួកខៀវទាំងបុរស និងស្រ្តី ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ម៉ាលី អាហ្រ្វិកកណ្តាល យ៉េមែន ស៊ីរី និងឆាត គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ មានចំនួន៨៤៧៥នាក់។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ កំពុងបំពេញបេសកកម្មនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល៕

Share

Image
Image
Image