បាត់ដំបង៖ នៅថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បាននិងកំពុងប្រារព្ធធ្វើសន្និសីទនិងពិពណ៌ បច្ចេកទេសឌីជីថលធុរកិច្ចទិសពាយ័ព្យ“Barcamp Digitech 2022”។
ពិពណ៌នេះគេសង្កេតឃើញថាមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមានទាំងអាជីវករ អ្នកជំនួញ អ្នកបច្ចេក ទេសនិងសិស្សានុសិស្ស និស្សិតពីសាកល វិទ្យាល័យផ្សេងៗជាច្រើននាក់។
បើយោងតាមការធ្វើសេចក្តីរាយការណ៍ និងការធ្វើសង្ខេបកាលពីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ របស់លោក ជី សុផាត ប្រធានក្រុមការងារ BarCamp DigiTech “BarCamp 2022 បានឱ្យដឹងថា សន្និសីទនិងពិពណ៌បច្ចេកទេសឌីជីថលមានវាគ្មិនចំនួន ៣៨រូប ពោរពេញទៅដោយទេពកោសល្យ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ចែករំលែកជូនទៅកាន់សិក្ខាកាមទាំងអស់។
ជាងនេះកម្មវិធីនេះមានប្រធានបទចំនួន ៤៥ ប្រធានបទ ទាក់ទងជាមួយអាជីវកម្ម មានបទបង្ហាញខ្លី T-note ចំនួន ៣ កិច្ចពិភាក្សាចំនួន ១ និងមានស្តង់ពិពណ៌ចំនួន ២៣ ជាធុរកិច្ចថ្មីផងដែរ។ក្រៅពីនោះពិពណ៌មានកម្មវិធី Start up និង Digitech ក្នុងនោះផងដែរ ដើម្បីចែកជូនសម្រាប់អាជីវករជួបជុំដើម្បីពិភាក្សារកដំណោះស្រាយសម្រាប់អាជីវកម្មនានា។
បើតាមអ្នករៀបចំកម្មវិធីឱ្យដឹងថា សន្និសីទ និងពិពណ៌ បច្ចេកទេសឌីជីថល ធុរកិច្ចទិសពាយ័ព្យ “Barcamp Digitech 2022” មានគោលបំណង ដើម្បីផ្សព្វផ្សាយ ចែករំលែក ប្រមូលផ្តុំអ្នកនិយមចូលចិត្តបច្ចេកវិទ្យា ធុរកិច្ច មកជួបជុំគ្នាដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ថ្មីៗ ការច្នៃប្រឌិត និងគំនិតអាជីវកម្មបែបទំនើប។ ហើយកម្មវិធីនេះមានការតាំងពិពណ៌ផលិតផល និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗទៀត ជាកត្តាចម្បងក្នុងការពង្រឹងការប្រកួតប្រជែងរបស់សេដ្ឋកិច្ច និងអាជីវកម្មក្នុងតំបន់។
ដោយឡែកនៅព្រឹកមិញថ្ងៃនេះ មានសិក្ខាកាមចូលរួមប្រហែលជាង ៦០០នាក់ ក្នុងការចូលមកទស្សនាការដាក់តាំងពិពណ៌តាមស្តង់នីមួយៗ ហើយក៏ដើម្បីនឹងមកចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិនទៅតាមបន្ទប់ដែលខ្លួនពេញចិត្តផងដែរ៕
អត្ថបទខ្លីនេះសរសេរដោយ រ៉ា រតនា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។