en     km
en     km

កម្ពុជាគ្រោងសាងសង់ស្ពាន៣ ទីតាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

Share

រដ្ឋាភិបាលកម្ពុជាបាននិយាយថាកម្ពុជាគ្រោងកសាងស្ពាន៣ទីតាំងឆ្លងកាត់ទន្លេ ដើម្បីសម្រួលចរាចរណ៍ និងការធ្វើដំណើរបស់ប្រជាពលរដ្ឋ។ បើតាមរដ្ឋាភិបាលការសាងសងស្ពានទាំងនេះ បានកម្ចីពីប្រទេសជាមិត្ត មានចិន កូរ៉េ និងថវិការដ្ឋាភិបាល។ តែសង្គមស៊ីវិលធ្លាប់បានទាមទារឱ្យរដ្ឋាភិបាលគិតគូរពីបំណុលដែលជំពាក់បរទេស ទោះបីរដ្ឋាភិបាលអះអាងថា ទំហំបំណុលបច្ចុប្បន្នមានសុខភាពល្អក៏ដោយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

កម្ពុជាគ្រោងសាងសងស្ពាន ៣ ទីតាំងសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ រួមមានស្ពាននៅខេត្តក្រចេះ ,ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះបើតាមការឱ្យដឹងពីនាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២២ ខណៈជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់។

បើតាមការឱ្យដឹងបន្ថែមពី សម្ដេច ហ៊ុន សែន  បានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី ២ ឬ ៦ ខែមករា ២០២៣ ខាងមុខ ដើម្បីកាត់បន្ថយការចំណាយប្រជាពលរដ្ឋ។ បើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនថា ស្ពានឆ្លងកាត់ទន្លេមេគង្គ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម បានប្រាក់កម្ចីពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងតម្លៃ ១១១ លានដុល្លា ។

យ៉ាងណាកាលពីពេលថ្មីៗនេះ ចំពោះស្ពានកាត់ទន្លេមួយទៀតពីពីភ្នំពេញទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅតំបន់អរិយ្សក្សត្រ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចុះហត្ថលេខាទទួលកម្ចីជាង ២៤៥លានដុល្លា ពីសាធារណរដ្ឋកូរ៉េខាងត្បូង ដើម្បីសាងសង់។

បើតាមរដ្ឋាភិបាលដដែល ចំពោះស្ពាននៅតំបន់ល្វាឯមវិញ គឺជាស្ពានធំមួយ តភា្ជប់ផ្លូវជាតិលេខមួយទៅល្វាឯមជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ រដ្ឋាភិបាលបានបញ្ជាក់ថា ផ្លូវនេះចំណាយ២០០លានដុល្លា និងមាន៤គន្លង ២គន្លងទៅ និង២គន្លងមក។

យ៉ាងណាគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ ទំហំបំណុលសាធារណៈដែលកម្ពុជាកំពុងជំពាក់បរទេសបានកើនឡើងដល់៩,៨ពាន់លានដុល្លារ ឬស្មើប្រមាណជាង២៣%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងនោះបំណុលជាង ៤០% កម្ពុជាជំពាក់ប្រទេសចិន ហើយបំណុលជាង៣០%ផ្សេងទៀត កម្ពុជាជំពាក់ជាមួយដៃគូរអភិវឌ្ឍន៍នានា។ ក្រៅពីនោះ កម្ពុជាជំពាក់បណ្តាប្រទេសមួយចំនួន ក៏ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។ កន្លងមកក៏មានសង្គមស៊ីវិលមួយមួយចំនួន បានបង្ហាញក្ដីព្រួយបារម្ភលើបញ្ហាបំណុលនេះ និងទាមទារឱ្យរដ្ឋាភិបាល បន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះទំហំកើនឡើងនៃបំណុលសាធារណៈដែលកម្ពុជាកំពុងជំពាក់បរទេស បើទោះបីទំហំបំណុលបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលអះអាងថា នៅមានសុខភាពល្អយ៉ាងណាក្តី។

កាលពីឆ្នាំ២០២០ រដ្ឋាភិបាលបានសងកម្ចីទៅកាន់ដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៦០,៣០លានដុល្លារ។ ហើយចាប់ពីឆ្នាំ១៩៩៣ រហូតដល់ចុងឆ្នាំ២០២០ រដ្ឋាភិបាលបានសងបំណុលសរុបចំនួន ២,១១ពាន់លានដុល្លារ។

ទោះបីបែបនេះក្ដី រដ្ឋាភិបាលកម្ពុជាអះអាងដដែលថា ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ  គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយតម្រូវឱ្យមានទឹក មានផ្លូវ មានភ្លើង មានធនធនាមនុស្ស ទើបអភិវឌ្ឍន៍ប្រទេសជាតិបាន៕

Share

ព័ត៌មានទាក់ទង

Image