en     km
en     km

សម្ដេច ហ៊ុន សែន ណែនាំក្រសួងពាណិជ្ជកម្ម ទប់ស្កាត់ការតម្លើងថ្លៃប្រេងនៅកម្ពុជា

Share

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានណែនាំទៅកាន់ក្រសួងពាណិជ្ជកម្ម ត្រូវមានយន្ដការច្បាស់លាស់ ដើម្បីទប់ស្កាត់ការតម្លើងថ្លៃប្រេងនៅក្នុងប្រទេសកម្ពុជា។ ការណែនាំបែបនេះ កើតមានឡើងនៅពេលនាយករដ្ឋមន្រ្តីកម្ពុជាជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឱ្យដឹងបន្ថែមលើទំព័រហ្វេសប៊ុកទៀតថា បើទោះបីកម្ពុជាអនុវត្ដនូវយន្ដការសេដ្ឋកិច្ចទីផ្សារសេរីយ៉ាងណាក្ដី ប៉ុន្ដែការទប់ស្កាត់នេះគឺដើម្បីជៀសវាងការឆ្លៀតឱកាសលួចតម្លើងថ្លៃ។

«ក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួល អត់មានឲ្យអ្នកឯងតម្លើងថ្លៃប្រេងតាមអំពើចិត្តនោះទេ គឺអត់ទេ លើកនេះរាជរដ្ឋាភិបាលបើទោះបីសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្ដែត្រូវតែមានការណែនាំមួយ បើមិនអញ្ចឹងឆ្លៀតឱកាសប្រេងឡើងថ្លៃ ប្រេងចុះថ្លៃ គឺនាំគ្នាតម្លើង»។

 

សម្តេច ហ៊ុន សែន នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ រួបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី។

 

ជាការកត់សម្គាល់ កន្លងមកនៅពេលដែលតម្លៃប្រេងឥន្ធនៈលើទីផ្សារពិភពលោកបានធ្លាក់ថ្លៃជាបន្តបន្ទាប់ នៅទីផ្សារកម្ពុជាឯនេះវិញ តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះតិចតួចបំផុត។ កត្តានេះបានជំរុញឱ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកយកបញ្ហានេះមកថ្លែងក្នុងវេទិកាសាធារណៈ ហើយជំរុញឲ្យក្រសួងពាក់ព័ន្ធដោះស្រាយបញ្ហានេះធ្វើយ៉ាងណាឱ្យតម្លៃឥន្ធនៈស្របតាមទីផ្សារអន្តរជាតិ។

តាមការបញ្ជារបស់នាយករដ្ឋមន្ត្រីទៅក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ឱ្យពិនិត្យលើបញ្ហានេះ ដើម្បីធ្វើយ៉ាងណាបញ្ចុះតម្លៃប្រេងឥន្ធនៈឱ្យស្របទៅតាមតម្លៃទីផ្សារអន្តរជាតិ។ មិនតែប៉ុណ្ណោះក្រសួងពាណិជ្ជកម្មតែងចេញសេចក្ដីជូនដំណឹងរៀងរាល់ ១០ថ្ងៃម្ដងអំពីតម្លៃកំណត់នៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា សម្រាប់ជាការកំហិតឱ្យគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈទូទាំងប្រទេសលក់តាមតម្លៃស្ដង់ដា។

បើតាមសេចក្តីជូនដំណឹងចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ។ ការជូនដំណឹងនេះ បានបង្ហាញថា តម្លៃប្រេងសាំងចុះ១០០រៀល និងប្រេងម៉ាស៊ូត ចុះ២០០រៀល បើធៀបនឹង១០ថ្ងៃមុន។

តម្លៃប្រេងប្រែប្រួលបែបនេះ ត្រូវបានកើតឡើង នៅទូទាំងសកលលោកទាំងមូល ដោយបញ្ហាចម្បង ត្រូវបានគេចាត់ទុកថាមកពីឥទ្ធិពលសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ បើតាមអ្វីដែលសម្ដេចបានសាកសួរទៅកាន់ប្រជាពលរដ្ឋរស់នៅប្រទេសបារាំង តម្លៃប្រេងនៅទីនោះ ១.៨អឺរ៉ូ ស្មើនឹងប្រមាណ៧,៥០០រៀល ក្នុងមួយលីត្រ៕

Share

Image
Image
Image