en     km
en     km

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

Share

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័នពាក់ព័ន្ធបានលើកឡើងនូវការតស៊ូមតិចំពោះស្រ្តីគួរឱ្យចាប់អារម្មណ៍គឺ «ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»។ តើស្ថាប័នទាំងនោះបានលើកឡើងអ្វីខ្លះទាក់ទងការលើកកម្ពស់សិទ្ធិស្រ្តីជាពិសេស។

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០២២នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៧៤ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។ កម្ពុជាដែលជាសមាជិកនៃអនុសញ្ញានិងសន្ធិសញ្ញានានាស្តីពីសិទ្ធិមនុស្សតែងប្រារព្ធទិវានេះមិនសូវដែលខាននោះទេ។

ជាទិដ្ឋភាពទូទៅគេសង្កេតឃើញថា ទាំងស្ថាប័នរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលសេចសេចក្តីប្រកាសនិងសេចក្តីថ្លែងការណ៍នានាអបអរសាទរថ្ងៃទិវាសិទ្ធិមនុស្សនេះ ដោយភ្ជាប់ជាមួយយុទ្ធនាការ ១៦ ថ្ងៃ។

សម្រាប់រដ្ឋាភិបាលតាមរយៈក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍រួមមួយរួមជាមួយអង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មានចំនួនជាង ១០ អង្គភាពក្នុងនោះមានអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាផងដែរ ដែលស្ថាប័ននិងអង្គភាពមានរាយនាមក្នុងសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើ ការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយចំពោះសេចក្តីរាយការណ៍ព័ត៌មានជំរុញលើកកម្ពស់សិទ្ធិស្រ្តីនិងជំរុញទប់ស្កាត់អំពើហិង្សាលើស្ត្រី។ តែសេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ឃើញមានអត្ថបទព័ត៌មាននិងសេចក្តីរាយការណ៍ដែលផ្សាយមិនបានគោរពក្រមប្រតិបត្តិក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងអំពើហិង្សាលើស្រ្តីផងដែរ។

ទាក់ទងយុទ្ធនាការ ១៦ថ្ងៃនេះដែរ អ្នកធ្វើការងារផ្នែកសង្គមនិងលើកកម្ពស់សិទ្ធិនារី យេឌ័រក៏បានចេញសេចក្តីថ្លែងការណ៍រូមគ្នាផងដែរ ដោយអង្គការលីកាដូបានបង្ហោះមតិស្រ្តីៗចំនួន៦រូបសុទ្ធសឹងជាស្រ្តីដែលបានប្រឡូកក្នុងការងារសង្គមនិងស្រ្តីដែលងាយរងគ្រោះដោយហឹង្សរាងកាយនិងផ្លូវភេទ។

មតិចាប់អារម្មណ៍របស់លោកស្រី អ៊ុក  ឆាយយ៉ាវី ប្រធានសមាគមគ្រូបបង្រៀនកម្ពុជាឯករាជ្យ(CITA)ក្នុងវីដេអូឃ្លីបដោយលើកឡើងពីបញ្ហាប្រឈមនានាដែលស្រ្តីធ្វើការងារផ្នែកតស៊ូមតិតែងជួបប្រទះ។ សកម្មជនតស៊ូមតិជាស្រ្តីរូបនេះមិនដែលរុញរាឡើយក្នុងការតស៊ូមតិជួយអ្នកងាយរងគ្រោះ ជនទន់ខ្សោយដើម្បីលក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ​និង​ការបញ្ឈប់​អំពើ​ហិង្សា​​ផ្អែកលើ​យេ​ន​ឌ័​រ​នៅកន្លែង​ការងារ។​ ជាពិសេស​សកម្មជនជាស្រ្តី ដែលតែងជួបបញ្ហាប្រឈមរបស់ខ្លួនក្នុងវិស័យការងារផ្សេងៗគ្នា។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបបង្រៀនកម្ពុជាឯករាជ្យ(CITA) រូភាព៖ អង្គការលីកាដូ

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «អ្វីដែលខ្ញុំសម្រេចចិត្តហើយទោះបីជាគំរាមគំហែងមួយពាន់មួយម៉ឺនដងក៏ខ្ញុំមិនដែលរាថយដែល ខ្ញុំស៊ូដល់ទីបញ្ចប់។ ក្នុងនាមខ្ញុំជាស្ត្រីជាសមាគមន៍ប្រធានគ្រូបង្រៀនកម្ពុជាឯករាជ្យខ្ញុំត្រូវតែមាន​ភាពក្លាហាក្នុងការចូលរួមជួយដល់ស្រ្តីជាពិសេសអ្នកគ្រូដែលគាត់កំពុងតែប្រឈមការរំលោភបំពានទាំងការបៀតបៀនកេរ្តិ៍ខ្មាស់គាត់ដែល។ការស្រមៃរបស់ខ្ញុំគឺចង់ឱ្យលោកគ្រូអ្នកគ្រូទទួលបាននូវការរស់រានហើយឱ្យសេចក្តីថ្លៃថ្នូរ ប្រាក់បៀត្សពួកគាត់គ្រប់គ្រាន់សមល្មនឹងផ្ទេរចំណេះដឹងឱ្យសិស្សានុសិស្សដើម្បីឱ្យគាត់ទទួលបានចំណេះដឹងសម្រាប់ទាំងអស់គ្នា អត់មានការផ័យខ្លាច អត់មានការគំរាមកំហែង»។

សម្រាបក្រុមអង្គការសង្គមស៊ីវិល យុទ្ធនាការ ១៦ថ្ងៃ ឆ្នានេះផ្តោតជាសំខាន់ភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»ដែលសាកលលោកកំណត់យករួមគ្នា។

ចំណែកអ្នកស្រី សុខ ស្រីលាភ ជាបុគ្គលិកយុទ្ធនាកានៃអង្គការបណ្តាញការងារស្ត្រីរួមគ្នា(WNU) ដែលនិយាយនៅក្នុងវិដេអូឃ្លីបរយៈពេលជាងមួយនាទីចេញផ្សាយ​លើទំព័រហ្វេសប៊ុកអង្គការ​ ​លី​កា​ដូ ដែលនោះបានលើកនូវបញ្ហា រើសអើងមិនទទួលស្គាល់អ្នកប្រកបរបរផ្លូវភេទមកចោទជាចំណោមឱ្យមានដំណោះស្រាយ។ អ្នកស្រី សុខ ស្រីលាភ បានទាមទារឱ្យបញ្ឈប់នូវរាល់ការរើសអើង អំពើហិង្សា និងការរំលោភបំពានទៅលើអ្នកប្រកបរបរផ្លូវភេទ និងសេវាកំសាន្តនានា។

អ្នកស្រី សុខ ស្រីលាភ ជាបុគ្គលិកយុទ្ធនាកានៃអង្គការបណ្តាញការងារស្ត្រីរួមគ្នា(WNU) រូភាព៖ អង្គការលីកាដូ

អ្នកស្រី សុខ ស្រីលាភ៖ «​ ខាងនរគបាលដែលគេហៅថាអាជ្ញាធរពេលគាត់ចុះបង្រ្គាបទៅលើសណ្តាប់ធ្នាប់សាធារណហ្នឹង គឺគាត់មានការចាប់ខ្លួនស្រ្តីហ្នឹងមានប្រើអំពើហិង្សា ​និងការរើសអើងនៅក្នុងហ្នឹង។ អ្នកស្រលាញ់ភេទដូចគ្នាដែរ នៅពេលគាត់មានHIV(ជំងឺះអេដស៍) ពេលដែលគាត់ធ្វើចំណាក់ស្រុកទៅធ្វើការកន្លែងផ្សេងតែដល់ពេលគាត់ដាច់ថ្នាំរយៈពេល១ខែហើយ គាត់អត់ហ៊ានទៅរកសេវាទៀតទេ ព្រោះតែការរើសអើងហ្នឹងឯង។ ការដែលមិនទទួល(មិនបម្រើសេវា)គឺមានន័យថាចោលជីវិតយើងហើយ អញ្ចឹងមានន័យថាគាត់អត់ទៅយកគ្រាន់តែពាក្យថារើសអើង»។

ចំណែកស្រ្តីជាសហជីបសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី សារិន សុវណ្ណនី ដែលអ្នកចងក្រងកម្មករនៅក្នុងខេត្តកំពង់ស្ពឺ ក៏បានបង្ហាញប្រាប់នូវការស្នើរសុំទៅកាន់ក្រុមហ៊ុនមួយចំនួនរួមមានផងដែរក្នុងនោះមាន YTC  Gap Old Navy និង Walmart ក្នុងឱ្យការយុទ្ធនាការ១៦ថ្ងៃ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»នេះផងដែរ។ ស្រ្តីជាសហជីបរូបនេះ សូមឱ្យភាគីរោងចក្រកុំបន្តសកម្មភាពបញ្ឈប់កម្មករដោយអយុត្តិធម៌ ដោយអ្នកស្រីយល់ថានេះជាទង្វើកើតចេញពីចេតនា។ អ្នកស្រីតាមរយៈទំព័រហ្វេសប៊ុកលីកាដូ បានស្នើសូមជាដំណោះស្រាយដើម្បីបញ្ឈប់សកម្មភាពកេងប្រវ័ញ្ចលើរូបរាងកាយ ដោយអ្នកស្រីឃើញថាមានការបៀតបៀនផ្លូវភេទទៅកាន់សមាជិករបស់CATU។

អ្នកស្រី សារិន សុវណ្ណនី ជាសហជីបសហព័ន្ធសហជីពកម្ពុជា (CATU) ដែលចងក្រងកម្មករនៅក្នុងខេត្តកំពង់ស្ពឺ រូបភាព៖ អង្គការលីកាដូ

អ្នកស្រី សារិន សុវណ្ណនី៖ «ខ្ញុំគិតថាជាចេតនាក្រុមហ៊ុនមួយដែរ ដែលបញ្ឈប់ខ្ញុំ ដោយសារតែខ្ញុំជាសកម្មជនសហជីពនៅក្នុងរោងចក្រគែសហជីពដែលឯករាជ្យជួយការពារសិទ្ធិ និងបញ្ហាប្រឈមរបស់បងប្អូនកម្មករគាត់ចង់ឱ្យនិយោជក ខាងថៅកែក្រុមហ៊ុនអីហ្នឹង គោរពច្បាប់គោរពសិទ្ធិសហជីព។ សមាជិកCATUមានគេបៀតបៀនភ្លូវភេទទៅលើគាត់។ ខ្ញុំសូមសំណូមពរទៅខាងរាជរដ្ឋាភិបាលចង់ឱ្យបិទភាពបៀតបៀនលើស្ត្រី កុំឱ្យមានប្រៀបថាជាមេឬក៏ជាំកូនចៅ។ គាត់ជាមេ គាត់អាងអំណាចទៅបៀតពៀនលើស្ត្រី»។

ជាក់ស្តែងរបាយការណ៍សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (អង្គការលីកាដូ) បានឱ្យដឹងនៅថ្ងៃទីមួយនៃការប្រារព្ធ «យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ» ឆ្នាំ២០២១ថា   ស្ត្រីត្រូវបានដាក់គោលដៅជាញឹកញាប់ ពាក់ព័ន្ធការរើសអើង និងបៀតបៀនផ្អែកលើយេនឌ័រ តាមប្រព័ន្ធអនឡាញ ហើយជាលទ្ធផលពួកគេជាច្រើនតែងបង្ខំចិត្តនៅស្ងៀមស្ងាត់ ។

 ក្នុងវីដេអូរបស់អង្គការលីកាដូដដែលក៏បានបង្ហាញមតិ អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) អ្នកស្រី ឃ្លាំង សុបិន្ត ផងដែរ ដោយអ្នកស្រីយល់ឃើញថា រឿងអយុត្តិធម៌ពិតជាកើតមានឡើងមែន ដោយអ្នកស្រីមើលឃើញនូវរូបភាពដែលអជ្ញាធរបានប្រើហិង្សា និងការកេងបន្លំប៉ះពាល់រូបរាងកាយទៅលើស្ត្រីដែលជាសមាជិកសហជីព នៅអំឡុងពេលធ្វើកូដកម្ម។ បើទោះបីជាអ្នកស្រីត្រូវបានគេបញ្ឈប់ពីការងារយ៉ាងណាក្តីប៉ុន្តែអ្នកស្រីនៅតែបន្តការពារសិទ្ធិបុគ្គលិកកាស៊ីណូ។

ជាក់ស្តែងអ្នកស្រីឃ្លាំង សុបិន្ត បាត់បង់ការងារ ហើយត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារអស់រយៈពេលជាង ពីរខែ ជាមួយនឹងសមាជិកសហជីពផ្សេងទៀតបន្ទាប់បានចាប់ផ្តើមធ្វើកូដកម្ម។

អ្នកស្រី ឃ្លាំង សុបិន្ត អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) រូភាព៖ អង្គការលីកាដូ

អ្នកស្រីឃ្លាំង សុបិន្ត៖ «យើងក៏ដូចជាថ្នាក់ដឹកនាំគឺចង់ឃើញបុគ្គលិកកម្មករខ្មែរយើងទទួលបានសេរីភាពការងារ យើងជាកម្មករមិនមែនជាទាសករទេ ខ្ញុំចង់ឱ្យបងប្អូនបុគ្គលិកកម្មករទាំងអស់ត្រូវហ៊ានប្រើប្រាស់សិទ្ធិមូលដ្ឋានរបស់ខ្លួនឯងពីព្រោះយើង(បុគ្គលិកកម្មករ)ធ្វើការយើងលក់តែកម្លាំងទេ យើងមិនបានលក់សេរីភាព»។

១៦ ថ្ងៃនៃយុទ្ធនាការក្នុងទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទ គឺចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ដល់ថ្ងៃទិវាអន្តរជាតិសិទ្ធិមនុស្សតែម្តង។ ទិវានេះនឹងគ្រោងមានការចូលរួមពីសំណាក់ក្រុមសកម្មជន ស្រ្តីនិយម សហជីព និងអង្គការសង្គមស៊ីវិល ដែលបាននឹងកំពុងបំពេញបេសកកម្មដើម្បីលើកកម្ពស់សិទ្ធិស្រ្តីនិង សមភាពយេនឌ័រជាច្រើន។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលជាង ២០ ស្ថាប័នដែលវិទ្យុស្រ្តីទទួលបាន មានវត្ថុបំណងស្នើទៅដល់រាជរដ្ឋាភិបាលកម្ពុជា ចាត់នូវវិធានការចាំបាច់ដើម្បីអនុវត្តសេចក្តីសង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ីដ។ ក្រុមសង្គមស៊ីវិល

គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (NGO-CEDAW) និងអង្គការសង្គមស៊ីវិលជាដៃគូរ បានចេញផ្សាយនូវរបាយការណ៍តាមដានការអនុវត្តអនុសញ្ញា ស៊ីដ សម្រាប់ឆ្នាំ ២០២១ ។ របាយការណ៍នេះបានលើកយកនូវចំនុចជោគជ័យ និងបញ្ហាកង្វះចន្លោះ របស់រាជរដ្ឋាភិបាល ចំពោះការអនុវត្តអនុសញ្ញាលប់បំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (អនុសញ្ញាស៊ីដ) ។ របាយការណ៍នេះផងដែរក៏បានលើកឡើង នូវរបាយការណ៍វឌ្ឍនភាពមួយស្តីពីជំហ៊ាននានាដែលបានអនុវត្តកន្លងមក ក្នុងការអនុវត្តអនុសាសន៍ដែលមានចែងនៅក្នុងសេចក្តីសង្កេតសន្និដ្ឋានចុងក្រោយ របស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ីដ ឆ្នាំ ២០១៩ ។

សេចក្តីថ្លែងការណ៍បានស្នើឱ្យរដ្ឋាភិបាលអនុវត្តនូវចំណុចមួយចំនួនដើម្បីធានាបានការការពារចំពោះសិទ្ធិស្រ្តីឱ្យបានពេញលេញ។ក្នុងនោះស្នើដល់រដ្ឋាភិបាលឱ្យដំណើរការការសិក្សាវិភាគជាប្រចាំអំពីយេនឌ័រនៅគ្រប់សេចក្តីព្រៀងច្បាប់ ឬគោលនយោបាយ។មួយទៀត សូមឱ្យមានការបម្រុងថវិកាជំនួយរយៈពេលវែងចេញពីថវិកាជាតិសម្រាប់អនុវត្តការងារបញ្ជ្រាបយេនឌ័រ។ រដ្ឋាភិបាល ចាំបាច់ចាត់វិធានការច្បាស់លាស់ក្នុងការពង្រឹងច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ដើម្បីឆ្លុះបញ្ចាំងថា សិទ្ធិនៃអ្នកនៅរស់រានពីអំពើហិង្សា គឹស្របតាមជម្រើសរបស់ពួកគេក្នុងការទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ស្នើដល់រដ្ឋាភិបាល សូមឱ្យផ្តល់សច្ចាប័នលើអនុសញ្ញា លេខ ១៩០ នៃអង្គការអន្តរជាតិខាងផ្នែកការងារ ស្តីពីអំពើហិង្សានៅក្នុងកន្លែងធ្វើការ និងផ្តល់និយមន័យ និងដំណោះស្រាយច្បាស់លាស់សម្រាប់គ្រប់ទម្រង់នៃការបៀតបៀន។ ស្នើបណ្តុះបណ្តាលដល់ភ្នាក់ងារសន្តិសុខទាំងអស់ដែលជួលដោយរដ្ឋ ឫរដ្ឋបាលរាជធានី ខេត្ត រួមមានអ្នកគ្រប់គ្រង និងអ្នកចាត់ចែងផ្ទាល់របស់ពួកគេ អំពីរបៀបនៃការប្រាស្រ័យទាក់ទងជាមួយសាធារណៈជន និងជាពិសេសស្រ្តីក្រុមអ្នកតវ៉ា តាមបែបអហឹង្សា និងប្រកបដោយឥរិយាបថគិតគូរអំពីយេនឌ័រ។និងចុងក្រោយ ស្នើឱ្យផ្តល់ធនធានចេញពីថវិកាជាតិ ដើម្បីធានាថាស្រ្តី  និងបុគ្គលមិនកំណត់ដោយភេទណាមួយ ទទួលបានការថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជបានត្រឹមត្រូវ រួមមានការថែទាំសុខភាពមុនពេលសម្រាល និងយុទ្ធនាការចាក់វ៉ាក់សាំងដល់ស្រ្តីមានផ្ទៃពោះទាំងអស់ និងដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក៕

Share

ព័ត៌មានទាក់ទង

Image