en     km
en     km

សម្ដេច ហ៊ុន សែន ចេញទៅប្រជុំនៅអឺរ៉ុបស្របពេលលោក សម រង្ស៊ី អំពាវនាវឱ្យជនជាតិខ្មែរនៅទីនោះធ្វើបាតុកម្ម

Share

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានដឹកនាំក្រុមការងារទៅចូលរួមប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះនៅតំបន់អឺរ៉ុប។ ជុំវិញដំណើរមកកាន់ទឹកដីអឺរ៉ុបនេះលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យប្រជាពរដ្ឋខ្មែរនៅទីក្រុងព្រុសសែលដែលជាកន្លែងនៃកិច្ចប្រជុំនេះ ត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានសម្ដេច ហ៊ុន សែន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

តាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានឱ្យដឹងថា ការធ្វើដំណើរទៅកាន់ប្រទេសតំបន់អឺរ៉ុបនេះ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប អបអរសាទរខួប ៥៤ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។

ក្រសួងបន្ថែមថា ថ្នាក់ដឹកនាំរំពឹងថា នឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួមផងដែរ។

យ៉ាងណាមុនការចាកចេញមួយថ្ងៃរបស់នាយករដ្ឋមន្ដ្រីកម្ពុជា លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិកំពុងរស់នៅនិរទេសខ្លួនបានអំពាវនាវឱ្យជនជាតិខ្មែរដែលរស់នៅទ្វីបអឺរ៉ុប ចូលរូមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេច ហ៊ុន សែន។ លោក សម រង្ស៊ី បញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថា ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជានៅទ្វីបអឺរ៉ុបឆ្នាំ២០២២នេះ ជាលើកចុងក្រោយហើយ ពីព្រោះចាប់ពីឆ្នាំ ២០២៣ទៅសម្តេច ហ៊ុន សែន នឹងចុះចេញពីតំណែង។

បន្ថែមលើសពីនេះលោក សម រង្ស៊ី អះអាងថា សម្ដេច ហ៊ុន សែន នឹងត្រូវប៉ូលីសអន្តរជាតិ Interpol តាមចាប់ខ្លួន ព្រោះបានប្រព្រឹត្តបទឧក្រិដ្ឋនិងអំពើឃាតកម្មជាច្រើននៅប្រទេសកម្ពុជា។

យ៉ាងណាបើតាមវីដេអូដែល សម្ដេច ហ៊ុន សែន បង្ហោះកន្លងមក ថាមានប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាច្រើនចាំស្វាគមន៍សម្ដេចពេលទៅចូលរួមកិច្ចប្រជុំកំពូលនេះ។

សូមរម្លឹកដែរថា កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅសម្ដេច ហ៊ុន សែន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិកធ្លាប់ត្រូវបានជនជាតិខ្មែរម្នាក់បានគប់ស្បែកជើងលើរូបសម្ដេចផងដែរ ខណៈជួបជាមួយប្រជាពលរដ្ឋខ្មែរនៅទីសាធារណៈ៕

Share

Image
Image
Image