en     km
en     km

គម្រោង«សំឡេងយុវជនមានសារៈសំខាន់»បិទបញ្ចប់ដោយទទួលបានការសាទរពីអ្នកពាក់ព័ន្ធ

Share

ភ្នំពេញ៖ ស្ថាប័នម្ចាស់ជំនួយនិងអង្គការដៃគូដែលបានអនុវត្តគម្រោងឈ្មោះថា«សំឡេងយុវជនមានសារៈសំខាន់»បានសាទរចំពោះសមិទ្ធផលរយៈពេលបីឆ្នាំ ដែលទើបបានបិទបញ្ចប់នៅថ្ងៃនេះថា បានជួយឱ្យយុវជនស្ថិតក្នុងគម្រោងទទួលចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងអាចបើកឱកាសដល់យុវជនលើកឡើងបញ្ហាក្នុងមូលដ្ឋានមកផ្សព្វផ្សាយឈានទៅរកដំណោះស្រាយសមរម្យ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

ស្ថាប័នម្ចាស់ជំនួយមានសហភាពអឺរ៉ុបប្រចាំកម្ពុជា ដៃគូអភិវឌ្ឍមានស្ថាប័ន DW Akademie អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) សមាគមយុវជនខ្មែរ(KYA) ក្រុមប្រឹក្សាយុវជនកម្ពុជា(YCC)និងស្ថាប័នមួយចំនួនទៀត បានសាទរដោយទទួលស្គាល់ពីលទ្ធផលសម្រេចបានរយៈពេលបីឆ្នាំក្នុងការអនុវត្តគម្រោង«សំឡេងយុវជនមានសារៈសំខាន់»។

វាគ្មិនមកពីស្ថាប័នព័ត៌មានWMC,CCIM, Thmey Thmey.com. បង្ហាញចំណាប់អារម្មណ៍ពីសារប្រយោជន៍នៃយុវជនក្នុងប្រព័ន្ធផ្សព្វផ្សាយ។រូបភាព ឆេង ឡាយ CCIM។

 

ស្ថាប័នខាងលើបានលើកយកចំណុចល្អៗដែលគម្រោងសម្រេចបាន ពោលគឺគម្រោងនេះបានជំរុញឱ្យយុវជនគោលដៅក្នុងខេត្តកំពង់ធំ សៀមរាប និងខេត្តបាត់ដំបង ចំនួន ៩១ នាក់បានយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលកើតមានក្នុងសហគមមកអង្គការដៃគូជួយផ្សព្វផ្សាយ ឈានទៅរកដំណោះស្រាយទាន់ពេលវេលា។

ការដាក់បង្ហាញសមិទ្ធផលជាផ្លែផ្កានេះ ធ្វើឡើងក្នុងកម្មវិធីបិទគម្រោង«សំឡេងយុវជនមានសារៈសំខាន់»នៅថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២២នេះ នៅសណ្ឋាគារ ហ៊ីយ៉ាត រាជធានីភ្នំពេញ។

អ្នកចូលរួមក្នុងកម្មវិធីបិទគម្រោងសំឡេងយុជនមានសារៈសំខាន់។

 

លោក ទីហាមើ ស៊ីកា(Tihamer Czika) អនុប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាថ្លែងមតិចាប់អារម្មណ៍ផ្តោតទៅលើសារៈសំខាន់នៃការចូលរួមចំណែករបស់យុវជនក្នុងសកម្មភាពសង្គម ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែលអ្នកព័ន្ធពាក់ត្រូវជំរុញឱ្យយុវជនមានឱកាសបញ្ចេញសំឡេងរបស់ពួកគេ។ លោកថាគម្រោង«សំឡេងយុវជនមានសារៈសំខាន់»នេះជាវេទិកាមួយដែលជាទីលានសម្រាប់យុវជនអាចលើកឡើងនូវក្តីកង្វល់ បញ្ហាអសកម្មក្នុងសហគមន៍មកជជែកលើកឡើងជាមួយអ្នកពាក់ព័ន្ធ ជំរុញឱ្យមានការចូលរួមដោះស្រាយ ដែលនេះជាអ្វីដែលសហគមន៍អឺរ៉ុបចង់ឃើញពីគម្រោង។

លោក ទីហាមើ ស៊ីកា(Tihamer Czika) អនុប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។

 

ដោយឡែកលោក មៃខល កាហូសិន(Michael Karhausen)ប្រធានផ្នែកទទួលបន្ទុកអាស៊ីនិងអឺរ៉ុបនៃស្ថាប័ន DW Akademie លើកឡើងថា តាមរយៈគម្រោងនេះអ្នកពាក់ព័ន្ធបានដាក់បញ្ចូលនូវមេរៀនកម្រិតមូលដ្ឋានផ្នែកព័ត៌មាន ឬ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលអាចឱ្យយុវជនតាមបណ្តាលខេត្តអាចទទួលបាននិងយល់ដឹងពីព័ត៌មាន។ លោកបានថ្លែងអំណរគុណដល់អង្គការដៃគូដូចជា WMC,CCIM,YCCនិងKYAដែលបានសហការជាមួយ DW ផ្តល់នូវបេសសកម្មចុះបង្រៀនយុវជនតាមខេត្តគោលដៅមួយចំនួនប្រកប ដោយផ្លែផ្កា។

លោក មៃខល កាហូសិន(Michael Karhausen)ប្រធានផ្នែកទទួលបន្ទុកអាស៊ីនិងអឺរ៉ុបនៃស្ថាប័ន DW Akademie ។

 

ក្នុងពិធីនោះដែរលោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)លើកឡើងដោយក្តីមោទនថា លោកស្រីពិតជាមានចិត្តសប្បាយរីករាយដែលការអនុវត្តគម្រោងនេះប្រព្រឹត្តិទៅដោយភាពជោគជ័យបានយ៉ាងពេញលេញ ខណៈលទ្ធផលដែលទទួលបានក៏ឆ្លើយតបនឹងចក្ខុវិស័យរបស់WMCផងដែរ គឺការលើកកម្ពស់ការចូលរួមរបស់ស្រ្តីពិសេសយុវតី។ លោកស្រីនាយិកបន្ថែមថា លោកស្រីសង្កេតឃើញបម្លាស់ប្តូរជាវិជ្ជមានដ៏ល្អប្រសើរមួយគឺ យុវជន ពិសេសយុវតី ដែលជាសិក្ខាកាមនៃគម្រោងបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានពីសហគមន៍របស់ពួកគេ ដោយហ៊ានបញ្ចេញមតិពួកគេរាយការណ៍ដល់អាជ្ញាធរបានដឹងលឺ ឈានទៅរកដំណោះស្រាយជូនពលរដ្ឋក្នុងសហគមន៍។

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

 

តាមសេចក្តីរាយការណ៍របស់លោក អេនទ្រេល ហ្គ្រីហ្គូល(Andreas Grigo)ប្រធានគម្រោង DW Akademie បានឱ្យដឹងថា គម្រោង«សំឡេងយុវជនមានសារៈសំខាន់»មានយុវជនដែលទទួលផលពីគម្រោងចំនួន ៩១នាក់ នៅខេត្តកំពង់ធំ បាត់ដំបង និងសៀមរាប ដែលមានស្រ្តីជាង ៥០% ភាគរយផងដែរដែលបានចូលរួម។ ក្នុងនោះគម្រោងក៏បានបណ្តុះបណ្តាលយុវជនអ្នកសារព័ត៌មានជំនាញចំនួន ២២ នាក់ឱ្យធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមទូរស័ព្ទផងដែរ។ លោកបន្ថែមថា គម្រោងបានដាក់បញ្ចូលមេរៀននិងល្បែងកំសាន្តនានាដើម្បីឱ្យយុវជនងាយស្រួលយល់ពីការសរសេរព័ត៌មាននិងអាចឱ្យយុវជនមានសមត្ថភាពធ្វើសេចក្តីរាយការណ៍ព័ត៌មានបានពីសហគមន៍របស់ពួកគេរស់នៅ។

លោក អេនទ្រេល ហ្គ្រីហ្គូល(Andreas Grigo)ប្រធានគម្រោង DW Akademie។

 

សូមជម្រាបថា គម្រោង«សំឡេងយុវជនមានសារៈសំខាន់»​អង្គការដៃគូបានសហការគ្នាផលិតពីវីដេអូអប់រំពីចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ ការធ្វើកម្មវិធីវិទ្យុអប់រំ ការចុះបណ្តុះបណ្តាលយុវជនដល់សហគមន៍ដោយក្រុមគ្រូបង្គោលនៅ WMC និង CCIM បានបង្ហាត់បង្រៀនពីរបៀបសរសេរព័ត៌មានខ្លី ការថតរូបនិងវីដេអូ។ ក្នុងផងដែរក៏មានការដាក់បញ្ចូលមេរៀនស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានពិតឬក្លែងក្លាយ របៀបចុះសម្ភាសន៍ប្រភព និងគុណភាពនៃសារព័ត៌មានដែលមានវិជ្ជាជីវៈ និងប្រជាពលរដ្ឋធម្មតា។

សកម្មភាពនៃវគ្គបណ្តុះបណ្តាលនៅខេត្តបាត់ដំបង។

 

ជាការកត់សម្គាល់ យុវជនដែលបានចូលរួមវគ្គបណ្តុះបណ្តាលបានលើកឡើងថា ពូកសប្បាយរីករាយដែលបានទទួលចំណេះថ្មីៗស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងអាចមានលទ្ធភាពធ្វើការរាយការណ៍ព័ត៌មានដែលកើតមានក្នុងសហគមន៍ផ្សព្វផ្សាយជាសាធារណៈ ដើម្បីឱ្យអាជ្ញាធរឆ្លើយតបរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

ជាការគត់សម្គាល់ដាច់ដោយឡែកមួយទៀតនោះ គម្រោងនេះបានផ្សាភ្ជាប់យុវជនក្នុងសហគមន៍ជាមួយអាជ្ញាធរដែលអាចធ្វើឱ្យយុវជនមានភាពកាន់តែស្និតស្នាលនិងអាចជជែកគ្នាស្វែងរកដំណោះស្រាយរួមធ្វើយ៉ាងណាឱ្យសហគមន៍មានការអភិវឌ្ឍកាន់តែល្អប្រសើរ៕

 

Share

ព័ត៌មានទាក់ទង

Image