បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា ក្មេងស្រីជាច្រើននាក់នៅក្នុងប្រទេសឥណ្ឌាត្រូវបានមាតាបិតានិងអាណាព្យាបាល ចិញ្ចឹមបីបាច់ពួកគេតាមទំនៀមទម្លាប់ប្រពៃណីឥណ្ឌាដោយរំពឹងថា ថ្ងៃអនាគតទៅស្រ្តីទាំងនេះនឹងក្លាយជាប្រពន្ធល្អ និងជាម្តាយគំរូ។ ជាពិសេសគោលដៅជីវិតដ៏សំខាន់បំផុតរបស់ស្រ្តីឥណ្ឌានោះ គឺការរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែស្រ្តីឥណ្ឌាមួយចំនួនកំពុងកំណត់ផ្លូវជីវិតគូរបស់ខ្លួនដោយការនៅលីវ។
(ព័ត៌មាននេះប្រែប្រួលសម្រួលដោយកញ្ញា កែវ សុជាតា)
អ្នកស្រី Sreemoyee Piu Kundu អ្នកនិពន្ធ និងជាស្ថាបនិកសហគមន៍ស្រ្តីនៅលីវក្នុងបណ្តាញសង្គមហ្វេសប៊ុកបានប្រាប់សារព័ត៌មាន BBC នៅថ្ងៃអាទិត្យក្នុងជំនួបរវាងស្រ្តីឥណ្ឌាក្នុងសហគមន៍នៅភាគខាងត្បូងក្រុងដេលី ថា ស្រ្តីត្រូវតែបញ្ឈប់ការពិពណ៌នាខ្លួនថាជាស្ត្រីមេម៉ាយ ស្រ្តីលែងលះជាមួយដៃគូ ឬមិនទាន់រៀបការ ហើយស្រ្តីគួរចាប់ផ្តើមបង្ហាញមោទនភាពក្នុងការនៅលីវ។
ទោះបីជាស្រ្តីមានផ្នត់គំនិតបែបនេះក្តី ក៏ប៉ុន្តែចរិកលក្ខណៈសង្គមក្នុងប្រទេសឥណ្ឌានៅតែមានៈនិងរឹតត្បិតលើស្រ្តីជានិច្ចជាកាល។
អ្នកស្រី Kundu បន្តថា ការនៅលីវមិនងាយស្រួលនោះទេ សូម្បីតែអ្នកមានទ្រព្យសម្បត្តិក៏មានមនុស្សក្នុងសង្គមគិតមិនល្អមកលើស្រ្តីគ្រប់ពេលវេលាផងដែរ។ អ្នកស្រីថា អ្នកស្រីបានប្រឈមនឹងការរើសអើង និងភាពអាម៉ាស់ក្នុងនាមជាស្ត្រីនៅលីវក្នុងប្រទេសឥណ្ឌា។មានពេលមួយ អ្នកស្រីចង់ស្វែងរកជួលអគារស្នាក់នៅមួយនៅទីក្រុងបុមបៃ អ្នកនៅទីនោះបានសួរអ្នកស្រីថា តើអ្នកផឹកស្រាទេ? តើអ្នកមានសកម្មភាពផ្លូវភេទដែរឬទេ?
បើក្រឡេកទៅមើលនៅតាមជនបទក្នុងប្រទេសឥណ្ឌាវិញ ស្ត្រីដែលនៅលីវតែងតែត្រូវបានក្រុមគ្រួសារមើលឃើញថាជាបន្ទុកក្នុងគ្រួសារ ពោលគឺស្ត្រីដែលមិនទាន់រៀបការមានសិទ្ធិជ្រើសរើសតិចតួចបំផុត។ រីឯស្ត្រីមេម៉ាយរាប់ម៉ឺននាក់ត្រូវបានបណ្តេញចេញពីទីក្រុងដ៍ពិសិដ្ឋ។
បើសិនជាស្រ្តីមកពីមជ្ឈដ្ឋានវណ្ណៈមធ្យមវិញ ស្រ្តីអាចមានមុខរបរជាគ្រូបង្រៀន វេជ្ជបណ្ឌិត មេធាវី អ្នកជំនួញ សហគ្រិន សកម្មជន អ្នកនិពន្ធ និងអ្នកកាសែត។ ស្រ្តីមួយចំនួនបានបែកបាក់គ្នា លែងលះ ជាមួយស្វាមី រីឯស្រ្តីខ្លះទៀតមិនទាន់រៀបការនៅឡើយ។
ជាធម្មតា ស្រ្តីទាំងនេះមានប្រាក់កាក់ច្រើនដាក់ទុកក្នុងធនាគារ ហើយអាចជាអ្នកផលិតគ្រឿងអលង្ការ ធ្វើការក្នុងក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ និងភ្នាក់ងារទេសចរណ៍។
បើយោងតាមជំរឿនឆ្នាំ២០១១ ស្ត្រីនៅលីវមានចំនួន ៧១.៤ លាននាក់ ដែលចំនួននេះច្រើនជាងចំនួនប្រជាជនទាំងមូលក្នុងចក្រភពអង់គ្លេស ឬប្រទេសបារាំង។ ចំនួននេះបានកើនឡើង ៣៩% ពោលគឺកើន ៥១.២លាននាក់ បើធៀបទៅនឹងជំរឿនក្នុងឆ្នាំ២០០១។
បន្ថែមពីនេះ ជំរឿនក្នុងឆ្នាំ២០២១ វិញ ត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាត Covid-19 ប៉ុន្តែអ្នកស្រី Kundu និយាយថា មកដល់ពេលនេះ ចំនួនស្រ្តីដែលនៅលីវក្នុងប្រទេសឥណ្ឌាអាចនឹងលើសពី ១00លាននាក់។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន BBC។
សូមគូសបញ្ជាក់ថា ភាគច្រើនស្រ្តីក្នុងវ័យជំទង់ ឬវ័យជាង២០ឆ្នាំ សុទ្ធតែជាស្រ្តីនៅលីវ ដោយមិនទាន់មានចំណងអាពាហ៍ពិពាហ៍ទេ។ ទិន្នន័យខាងលើនេះ ក៏រាប់បញ្ចូលទាំងស្ត្រីមេម៉ាយមួយចំនួនធំផងដែរ ដែលគេអាចសន្មត់ថា ស្ត្រីមានទំនោររស់នៅបានយូរជាងបុរស៕
ប្រភព៖ BBC ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២