ហាណូយ៖ យោងតាមរ៉យទ័របានផ្សាយថានាវាដឹកប្រេងវៀតណាមមួយគ្រឿងបានជួយសង្គ្រោះជនជាតិរ៉ូហីយ៉ា ១៥៤នាក់ ពីទូកដែលលិចនៅសមុទ្រ Andaman ហើយបានបញ្ជូនពួកគេទៅកាន់កងទ័ពជើងទឹកមីយ៉ាន់ម៉ាវិញ។
សារព័ត៌មានVTCNews បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កប៉ាល់ឈ្មោះ Hai Duong 29 កំពុងតែធ្វើដំណើរពីប្រទេសសិង្ហបុរីទៅកាន់ប្រទេសមីយ៉ាន់ម៉ា បានប្រទះឃើញទូកជនភៀសខ្លួនស្ថិតនៅចម្ងាយ 459គីឡូម៉ែត្រភាគខាងត្បូងនៃឆ្នេរសមុទ្រមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ។ VTCNews បានរាយការណ៍ថា ម៉ាស៊ីនទូកបានខូច និងទឹកបានលេចធ្លាយចូល ហើយបានលិចមួយម៉ោងបន្ទាប់ពីអ្នកនៅលើទូកទាំងនោះត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមមនុស្ស ១៥៤ នាក់ដែលត្រូវបានគេជួយសង្គ្រោះ មាន ៤០ នាក់ជាស្ត្រី និង ៣១ នាក់ជាកុមារ។
របាយការណ៍បានឱ្យដឹងបន្ថែមថា ជនភៀសខ្លួនទាំងនោះត្រូវបានប្រគល់ទៅឱ្យកងទ័ពជើងទឹកមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍។ មិនមានការបញ្ជាក់ភ្លាមៗថានឹងមានអ្វីកើតឡើងចំពោះជនជាតិភាគតិចរ៉ូហីងយ៉ាទាំងនោះទេ ហើយReuters ក៍មិនទាន់អាចទាក់ទង អ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ាបានភ្លាមៗដែរ ។ចំណែកក្រសួងការបរទេសវៀតណាម និងម្ចាស់នាវាវៀតណាម ក៍មិនទាន់អាចសុំការអត្ថាធិប្បាយបានដែរ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) កាលពីសប្តាហ៍មុនបាននិយាយថា មានការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សដែលប៉ុនប៉ងឆ្លងសមុទ្រ Andaman រវាងមីយ៉ាន់ម៉ា និងបង់ក្លាដែសនៅឆ្នាំនេះ។យ៉ាងហោចណាស់មានជនភៀសខ្លួនចំនួន 1,900 នាក់បានរត់ឆ្លងកាត់តាមច្រកសមុទ្រនេះក្នុងឆ្នាំ 2022 ពោលគឺកើកឡើង 6 ដងច្រើនជាងឆ្នាំ 2020 ក្នុងនោះមានអ្នកស្លាប់យ៉ាងហោចណាស់ 119 នាក់នៅឆ្នាំនេះ។
ជនជាតិរ៉ូហ៊ីងយ៉ាគឺជាជនជាតិភាគតិចដែលត្រូវបានធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំ ហើយមនុស្សជាច្រើនបានប្រថុយជីវិតក្នុងការព្យាយាមរត់គេចទៅប្រទេសកាន់សាសនាឥស្លាមផ្សេងទៀត ដែលភាគច្រើនបំផុតភៀសខ្លួនតាមទូកដ៏គ្រោះថ្នាក់ទៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
ការភៀសខ្លួនរបស់ពួកគេចេញពីប្រទេសមីយ៉ាន់ម៉ា និងពីជំរុំជនភៀសខ្លួននៅក្នុងប្រទេសបង់ក្លាដែស បានកើនឡើងបន្ទាប់ពីការបង្រ្កាបដ៏សាហាវកាលពីឆ្នាំ 2017 ដោយពេលនេះរបបយោធាកំពុងគ្រប់គ្រង ប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីធ្វើរដ្ឋប្រហារឆ្នាំ 2021 ។
ប្រភព៖ Reuters ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២