en     km
en     km

កម្ពុជាទទួលប្រាក់កម្ចីជិត២ពាន់លានដុល្លារអាមេរិកបន្ថែមពីកូរ៉េខាងត្បូង

Share

រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២២នេះ បានទទួលប្រាក់កម្ចីសរុបជិត២ពាន់លានដុល្លារអាមេរិកបន្ថែម ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខាប្រគល់-ទទួលប្រាក់កម្ចីនេះ ធ្វើឡើងក្រោមវត្ដមានដឹងលឺពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្ដិភាព។ លោក គីម ចាន់ចាវ រាយការណ៍

 

ពិធីចុះហត្ថលេខាប្រគល់-ទទួលកញ្ចប់ប្រាក់កម្ចីនេះមានចំនួនពីរចំណុចគឺទី១លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាប្រគល់-ទទួលកម្ចីធ្វើនៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី។

 

កម្ចីទី២ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងចំនួនពីរទៀតដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។ ក្នុងនោះមានដូចជា៖ គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០,០០០,០០០(70លាន)ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០(២៤៥លាន ៩០ម៉ឹន៩ពាន់)ដុល្លារអាមេរិក។

 

 

ពិធីចុះហត្ថលេខាប្រគល់-ទទួលកម្ចីធ្វើនៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី។

 

គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ ទំហំបំណុលសាធារណៈដែលកម្ពុជាកំពុងជំពាក់បរទេសបានកើនឡើងដល់៩,៨ពាន់លានដុល្លារ ឬស្មើប្រមាណជាង២៣%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។​ ក្នុងនោះបំណុលជាង ៤០% កម្ពុជាជំពាក់ប្រទេសចិន ហើយបំណុលជាង៣០%ផ្សេងទៀត កម្ពុជាជំពាក់ជាមួយដៃគូរអភិវឌ្ឍន៍នានា។ ក្រៅពីនោះ កម្ពុជាជំពាក់បណ្តាប្រទេសមួយចំនួន ក៏ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។ កន្លងមកក៏មានសង្គមស៊ីវិលមួយមួយចំនួន បានបង្ហាញក្ដីព្រួយបារម្ភលើបញ្ហាបំណុលនេះ និងទាមទារឱ្យរដ្ឋាភិបាល បន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះទំហំកើនឡើងនៃបំណុលសាធារណៈ​ដែលកម្ពុជាកំពុងជំពាក់បរទេស បើទោះបីទំហំបំណុលបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលអះអាងថា នៅមានសុខភាពល្អយ៉ាងណាក្តី។

កាលពីឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​សង​កម្ចី​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍​ សរុប​ចំនួន ៣៦០,៣០​លាន​ដុល្លារ។ ហើយចាប់​ពី​ឆ្នាំ១៩៩៣ រហូត​ដល់​ចុង​ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​សងបំណុល​សរុប​ចំនួន ២,១១​ពាន់​លាន​ដុល្លារ។

បើតាមក្រសួងការបរទេស ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕

 

 

Share

Image
Image
Image