អ្នកជំនាញវេជ្ជសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ផ្នែកដែលប៉ះពាល់ខ្លាំងជាងគេគឺលើវិស័យរោងចក្រ និងផ្នែកបំរើការលើទេសចរណ៍ និងសេវាកម្សាន្ត។ លោក គីម ចាន់ចាវ រាយការណ៍
ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ហើយការកើនឡើងនៃវិបត្តិនេះបានប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍មិនត្រឹមតែទៅលើភាពអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដល់ប្រទេសទាំងនោះយ៉ាងធ្ងន់ធ្ងរផងដែរ។ ដោយឡែកនៅប្រទេសកម្ពុជា បើតាមលោកបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា វិបត្តិកូវីដ១៩ បានប៉ះពាល់ធ្ងន់លើអ្នកដែលប្រកបរបរវិជ្ជាជីវៈ ដូចជាកម្មកររោងចក្រ ត្បិតការបិទខ្ទប់ការប្រមូលផ្ដុំ ធ្វើឱ្យបាត់បង់ដំណើរការអាជីវកម្ម ដែលធ្វើឱ្យកម្មកររោងចក្រ មិនអាចទៅធ្វើការជុំគ្នានៅរោងចក្របាន ដែលជាកក្តាធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូល។ អ្នកដែលប៉ះពាល់ខ្លាំងមួយទៀតដោយសារជំងឺកូវីដ១៩ គឺឧស្សាហកម្មទេសចរណ៍កម្សាន្ត ដូចជាសេវាកម្មម៉ាស្សា ខារ៉ាអូខេ បៀហ្គាឌិន ដែលមិនអាចរកប្រាក់ចំណូលបានសោះឡើយក្នុងអំឡុងពេលនៃវិបត្តិ ដែលជំរុញឱ្យមានការបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺឆ្លងជាសកលនេះ។
ទោះយ៉ាងណាលោកបញ្ជាក់អំពីការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ ដែលពេលនោះឧបត្ថម្ភថវិកា និងស្បៀងអាហារ។ អ្នកជំនាញដដែលនេះក៏បានរំលឹកពីយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង របស់រាជរដ្ឋាភិបាល ជាយុទ្ធសាស្ត្រទី១ ដែលបានចំណាយអស់ប្រមាណជាង៣កោដដុល្លារ ដោយលោកបញ្ជាក់ថាកូវីដ១៩ ដែលជាវីរុស គឺមិនអាចមានថ្នាំព្យាបាលទេ ជម្រើសចម្បងគឺមានតែការចាក់វ៉ាក់សាំង។
យុទ្ធសាស្ត្រទី២ ដែលលោកបានកត់សម្គាល់នោះគឺ ការគ្រប់គ្រងព្យាបាលអ្នកជំងឺ ដោយបង្កើតនូវក្រុមគ្រូពេទ្យ និងតំបន់ព្យាបាលភ្លាមៗ ដោយមានការបែងចែកម្រិតធ្ងន់ និងកម្រិតស្រាល។ ចំណែកយុទ្ធសាស្ត្រទី៣គឺ ការដោះស្រាយគោលនយោបាយសេដ្ឋកិច្ច ដែលលោកចាត់ទុកថាកម្ពុជាជោគជ័យលើការដោះស្រាយវិបត្តិកូវីដ១៩។
បើតាមអង្គការទិន្នន័យអំពីការអភិវឌ្ឍ ជំងឺកូវីដ-១៩ បានគម្រាមកំហែងយ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ចទៅលើវិស័យផ្សេងៗនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលវិស័យទេសចរណ៏ ផលិតកម្មសម្រាប់ការនាំចេញ និងវិស័យសំណង់ត្រូវបានគេមើលឃើញថាជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងបំផុត៕