បុណ្យសមុទ្រឆ្នាំនេះ កម្ពុជានឹងរៀបចំឡើងនៅថ្ងៃទី៩ -១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា មានប្រតិភូអន្ដរជាតិជាង១៣០រូប មកពីបណ្ដាប្រទេសជុំវិញពិភពលោក នឹងចូលរួមបុណ្យសមុទ្រនេះ។ ដំណាលគ្នានៃពិធីបុណ្យសមុទ្រ ក្រសួងទេសចរណ៍ក៏រៀបចំសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកផងដែរ ចាប់ពីថ្ងៃទី៨ ខែធ្នូនេះ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា នៅសល់ការងារតិចតួចប៉ុណ្ណោះដែលត្រូវរៀបចំបន្ថែមទៀត សម្រាប់បង្កឱ្យមានភាពរីករាយ និងសុវត្ថិភាពដល់គណៈប្រតិភូដែលចូលរូម។
ក្នុងព្រឹត្តិការណ៍ធំៗទាំងពីរ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន បាននិយាយថា នឹងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា ព្រោះក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោក គឺមានសមាជិក និងប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់។
លោក រដ្ឋមន្ដ្រីថា ព្រឹត្តិការណ៍នេះជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ អាចបង្ហាញទៅកាន់ភ្ញៀវអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរក្រៅស្រុកឱ្យបានឃើញពីផលិតផលទេសចរណ៍នៅខេត្តតំបន់ឆ្នេរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ប្រតិភូអន្តរជាតិដែលចូលរួមព្រឹត្តិការណ៍ទាំងពីរខាងលើ គឺតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ាទីនិក ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងកម្ពុជាជាម្ចាស់ផ្ទះ។
នេះជាព្រឹត្តិការណ៍មួយសម្រាប់ទាក់ទាញទេសចរ ខណៈក្នុងឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ដាក់គោលដៅទាក់ទាញទេសចរបរទេសឲ្យបាន១លាន ៥សែននាក់ ទៅ២លាននាក់។ យ៉ាងណាបើផ្អែមតាមរបាយការណ៍ទេសចរណ៍ពីក្រសួងដដែល ថាត្រឹមរយៈពេល៩ ខែ ឆ្នាំ២០២២ មានទេសចរអន្ដរជាតិជាង១លាន ២សែននាក់ហើយ៕