លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំទោសប្រជាពលរដ្ឋ ក្រោយពីមានការរិះគន់នៅលើបណ្ដាញសង្គម ចំពោះវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះដោយ ទំព័រហ្វេសប៊ុក ផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ទាក់ទងទៅនឹងកាយវិការ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់លើផ្ទះ ហើយមិនដោះទ្រនាប់ជើង។
ក្រោយពីមានការរិះគន់លើបណ្ដាញសង្គមហ្វេសប៊ុក ពីករណីលោកនាយករដ្ឋមន្ត្រីឡើងផ្ទះប្រជាពលរដ្ឋដោយមិនដោះស្បែកជើងរួចមក លោកនាយករដ្ឋមន្ត្រីបានចេញសារសុំទោសមួយនៅលើបណ្ដាញសង្គមផ្ទាល់របស់លោក។
លោកនាយករដ្ឋមន្ត្រីបាន បានសរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០១៥ ថា៖ «ទោះយ៉ាងណាខ្ញុំសុំទោសចំពោះកំហុសដោយអចេតនានេះ ដែលមិនបានដោះស្បែកជើងពេលឡើងផ្ទះប្រជាជន ដែលនោះសម្រាប់ខ្ញុំងងឹតផង និងគិតថាជាបេតុងផង។ ពេលដឹងថាជារនាប ខ្ញុំដោះស្បែកជើងហើយអង្គុយលេងជាមួយម្ចាស់ផ្ទះ និងមកពាក់ស្បែកជើងវិញនៅកាំទី២រាប់ពីខាងលើ។ សូមទោសចំពោះកំហុសដោយអចេតនានេះ»។
សូមជម្រាបថា សារសុំទោសរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង ក្រោយពីមានការរិះគន់ លើទំព័រហ្វេសប៊ុករបស់លោក ចំពោះវីដេអូមានរយៈពេល ២នាទី ៤៩វិនាទី អំពីការចុះសួរសុខទុក្ខដោយផ្ទាល់របស់លោកទៅកាន់ប្រជាជននៅខេត្តកំពងចាមកាលពីថ្ងៃ២ ធ្នូ កន្លងមក។
គួររំឭកផងដែរថា ការចុះសួរសុខទុក្ខនេះបន្ទាប់ពីនាយករដ្ឋមន្ត្រីទៅសម្ពោធ មណ្ឌលកីឡាហែលទឹកតេជោសែន នៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ ២០១៥៕