en     km
en     km

អង្គការសិទ្ធិមនុស្សស្នើសុំបិទមណ្ឌលព្រៃស្ពឺ ក្រោយអ្នកទោស១០នាក់បានស្លាប់នៅចន្លោះខែកក្កដា និងសីហា ឆ្នាំ២០២២

Share

ក្រោយរកឃើញអ្នកទោសស្រីប្រុសពីរនាក់បានស្លាប់បន្ថែមទៀត កាលពីខែសីហា ឆ្នាំ២០២២ អង្គការលីកាដូ ដែលសង្កេតការលើរឿងអ្នកទោសនៅមណ្ឌលព្រៃស្ពឺ បានស្នើបិទជាថ្មីមណ្ឌលជាថ្មីម្ដងទៀត ដោយ​សារ​អ្នកទោសនៅមន្ទីរឃុំឃាំងនេះបានស្លាប់ដោយគ្មានការអើពើ និងកង្វះអាហារបរិភោគ។ នេះបើយោងទៅតាមការស្នើសុំបិទមណ្ឌលឃុំឃាំងព្រៃស្ពឺ នៅថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០២២នេះ ពីអង្គការលីកាដូ។ តែក្រសួងសង្គមកិច្ចថា នឹងចុះពិនិត្យលើស្ថានភាពនៅក្នុងមណ្ឌលព្រៃស្ពឺនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា ចន្លោះពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២២ មានអ្នកទោសប្រមាណ១០នាក់បានស្លាប់។ អង្គការសិទ្ធិមនុស្សនេះថា មណ្ឌលព្រៃស្ពឺជាមណ្ឌលឃុំខ្លួនដោយមិនត្រឹមត្រូវ ដើម្បីលាក់បាំងរូបភាពពីប្រជាពលរដ្ឋដែលមិនត្រូវបានគេអើពើ និងអ្នកដែលប្រឈមនឹងហានិភ័យនៅរាជធានីភ្នំពេញ ខណៈពួកគេត្រូវបានបដិសេធសិទ្ធិទទួលបានការការពារផ្លូវច្បាប់ និងតម្រូវការចាំបាច់ ដូចជាអាហារបរិភោគ និងការថែទាំ ឬព្យាបាលជំងឺឱ្យបានគ្រប់គ្រាន់។

លីកាដូបានឱ្យដឹងថា អង្គការរបស់ខ្លួនធ្លាប់បានស្នើសុំបញ្ជូនក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត ដើម្បីវាយតម្លៃ និងព្យាបាលអ្នកទោសដែលមានជំងឺកាលពីខែតុលា ឆ្នាំ២០២២ តែមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារាជធានីភ្នំពេញ មិនទាន់ឆ្លើយតប និងមានការរឹតត្បឹតក្នុងការចូលទៅកាន់មណ្ឌលឃុំឃាំងនេះ។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា លោកមិនទាន់បានទទួលលិខិតពីអង្គការលីកាដូនៅឡើយទេ តែយ៉ាងណាលោកថា នឹងរៀបចំក្រុមការងារដើម្បីពិនិត្យមើលបញ្ហាទាំងនេះ។

សូមជម្រាបថា មណ្ឌលព្រៃស្ពឺ ជាមណ្ឌលសំចតបណ្ដោះអាស្ននសម្រាប់ដាក់អ្នកទោស ជនអាណាថា អ្នកគ្មានផ្ទះសម្បែង តែបើអ្នកទោសស្ម័គ្រចិត្តទទួលយកការបណ្ដុះបណ្ដាល មណ្ឌលនឹងមានកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។

យ៉ាងណា មណ្ឌលព្រៃស្ពឺ ត្រូវបានអង្គការសិទ្ធិមនុស្សលីការដូ ធ្លាប់បានស្នើឱ្យបិទម្ដងកាលពីឆ្នាំ២០០៨ ក្រោយដំណើរការបាន៤ឆ្នាំ ដោយសារ មានការរាយការណ៍ថា មានការរំលោភបំពាន។ អ្នកទោសនៅក្នុងមណ្ឌលព្រៃស្ពឺ ម្នាក់បានសរសេរលើជញ្ជាំងគុកថា “អនុស្សាវរីយ៍ដែលខ្ញុំរស់នៅក្នុងអំពើភេរវកម្មក្រោមការជិះជាន់” មានសារមួយទៀតសរសេរថា “ជីវិតដូចនរក” និងខ្លះសរសេរថា “អាណិតខ្លួនណាស់ ជួយផង”។ នេះបើយោងទៅតាមលិខិតសុំបិទមណ្ឌលព្រៃស្ពឺ របស់អង្គការលីកាដូ។

ក្រៅពីអង្គការសិទ្ធិមនុស្សលីកាដូ​ ក៏មានការិយាល័យឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR) ធ្លាប់បានចេញរបាយការណ៍ពីមណ្ឌលព្រៃស្ពឺនេះដែរ។ កាលពីឆ្នាំ២០១៥ OHCHR ថា កង្វះនៃការចុះបញ្ជីអ្នកជាប់ឃុំជាលក្ខណៈប្រព័ន្ធ មានន័យថាតួលេខនៃអ្នកទោសដែលត្រូវឃុំឃាំងនៃមណ្ឌលនេះ មិនត្រូវបានប្រាប់ឱ្យដឹងនោះទេ។ ចំណែក ឆ្នាំ២០១៧ តំណាងឧត្តមស្នងការសិទ្ធិមនុស្សUN ថា មណ្ឌលនេះខ្វះការគាំទ្រផ្នែកសុខាភិបាល តាមបែបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងមានបញ្ហានៃខ្យល់ចេញចូលគ្រប់គ្រាន់ កង្វះទឹកប្រើប្រាស់ និងអនាម័យ ព្រមទាំងបញ្ហាចង្អៀតណែនខ្លាំង។

ជាមួយគ្នានេះ នៅឆ្នាំ២០២០ អង្គការលើកលែងទោសអន្តរជាតិ ក៏បានចេញរបាយការណ៍ពីការរំលោភបំពានជាច្រើន ដូចជាការវាយដំ ការស្លាប់ ការធ្វើអត្តឃាត ភាពចង្អៀតណែនខ្លាំង កង្វះអាហារគ្រប់គ្រាន់ ព្រមទាំងការព្យាយាមរត់គេចរបស់អ្នកជាប់ឃុំជាដើម។

សូមជម្រាបថា មណ្ឌលព្រៃស្ពឺមានទីតាំងនៅភូមិស្រែជម្រៅ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

Share

Image
Image
Image