en     km
en     km

ស្រ្តីអ៊ុយក្រែនម្នាក់កំពុង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ហិង្សា​ផ្លូវ​ភេទ

Share

បើយោងតាមគេហទំព័រ United Nation បានឱ្យដឹងថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាវិបត្តិដ៏ធំមួយសម្រាប់ស្ត្រី និងក្មេងស្រី ជាពិសេសបង្កជាសន្ទុះក្នុងការប្រើប្រាស់អំពើហិង្សាផ្លូវភេទចំពោះជនទន់ខ្សោយនៅប្រទេសអ៊ុយក្រែន។ ក្នុងនោះ អ្នកស្រី Hrystyna Kit ជាសហស្ថាបនិកសមាគមមេធាវីស្រ្តីអ៊ុយក្រែន JurFem កំពុងឈរលើជំហរប្រឆាំងនឹងការកើនឡើងចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ។

 

នៅពេលរុស្ស៊ីបានលុកលុយឈ្លានពានប្រទេសអ៊ុយក្រែន សង្រ្គាមនេះបានបំផ្លិចបំផ្លាញសន្តិសុខរបស់ប្រជាជនអ៊ុយក្រែននៅទូទាំងប្រទេស ជាពិសេសបានបង្កើតជាហានិភ័យចំពោះស្ត្រី និងកុមារី។ ក្នុងនោះ ស្ត្រីនិងកុមារីទទួលបានការការពារតិចជាងពេលមុន លើករណីហិង្សាផ្អែកយេនឌ័រ រួមមានការរំលោភ​សេពសន្ថវៈ ការបង្ខិតបង្ខំផ្លូវភេទ និងការបៀតបៀនក្នុងទម្រង់​ផ្សេងទៀត។ ​ហេតុការណ៍ទាំងនេះ ​​អ្នកកាសែត អង្គការ​សិទ្ធិ​មនុស្ស និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់បាន​កត់ត្រាទុកយ៉ាងជាក់លាក់។

អ្នកស្រី Kit និយាយថា ទំហំពិតនៃអំពើហឹង្សានេះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្វីដែលជាក់ច្បាស់នោះគឺផលប៉ះពាល់យូរអង្វែង រួមទាំងត្រូវដោះស្រាយបញ្ហានានាក្នុងជម្លោះនេះនៅប៉ុន្មានឆ្នាំខាងមុខទៀត។

ជាមួយគ្នានេះដែរ ស្ត្រីនៅតែប្រឈមនឹងអំពើហឹង្សាជាអនាធិបតេយ្យក្នុងសង្គមដដែល។ អ្នក​ស្រី​កត់​សម្គាល់​ថាករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឬ​បៀតបៀនផ្លូវ​ភេទ​លើ​ស្ត្រី ជា​ពិសេស​នៅ​តាម​ទី​សាធារណៈ​មិន​បានលុបបំបាត់ទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ​អ្នក​ដែល​បំពាន​និងប្រើប្រាស់​ហិង្សា​ក្នុង​គ្រួសារនៅតែ​បន្ត​ប្រព្រឹត្ត​ដដែល​។

ទោះជាយ៉ាងនេះក្តី ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងបន្តភាពវឹកវរនៅឡើយ។ អ្នកស្រីសង្កត់ធ្ងន់ថា វាពិបាកក្នុងការឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី អំឡុងពេលដែលកំពុងរស់ក្នុងស្ថានភាពសង្រ្គាម ហើយព្យាយាមតស៊ូដើម្បីបន្តរស់រានមានជីវិតជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ បើក្រឡេកទៅមើលពីការចាប់ផ្តើមអាជីពជាមេធាវីរបស់អ្នកស្រី Hrystyna Kit វិញ អ្នកស្រីចាប់ផ្តើមតាំងពី​ឆ្នាំ២០០៧មកម្ល៉េះ។ ដោយអ្នកស្រីមានឆន្ទៈផ្ដល់ជំនួយខាង​ផ្នែក​ច្បាប់​សម្រាប់​អ្នក​រួច​រស់​ជីវិត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ អ្នកស្រីយល់ថា ​មិន​មាន​មេធាវី​ច្រើន​នាក់ទេ ​ដែល​មាន​ឆន្ទៈ​ធ្វើ​ការ​លើ​ករណី​បែប​នេះ​ ព្រោះថាជា​ញឹកញាប់​ករណីបែបនេះត្រូវបានលាក់បំបាំងពីជនរងគ្រោះឬជនបង្ក។

គួរបញ្ជាក់ថា អំពើហឹង្សាក្នុងគ្រួសារជាធម្មតាត្រូវបានចាត់ទុកថាជាបញ្ហាឯកជន ហើយប្រព័ន្ធច្បាប់មានទំនោរផ្លាស់ប្តូរទំនួលខុសត្រូវក្នុងការដោះស្រាយករណីបែបនេះទៅលើជនរងគ្រោះ។

អ្នកស្រីនិយាយថា អ្នកស្រីចង់ឱ្យខ្លួនផ្ទាល់ ក៏ដូចជាស្ត្រី និងក្មេងស្រីឯទៀតនៅក្នុងប្រទេសអ៊ុយក្រែន មានអារម្មណ៍សុវត្ថិភាព និងដឹងថាប្រសិនបើសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន ពួកគេនឹងទទួលបាននូវការការពារប្រកប​ដោយ​ប្រសិទ្ធភាព ដោយគ្មានការរើសអើង ឬការមាក់ងាយនោះទេ។

នៅក្នុងឆ្នាំ២០១៧ អ្នកស្រីបានបង្កើតសមាគមក្រុមមេធាវី JurFem។ ការងារនាពេលថ្មីនេះ ត្រូវបានកែប្រែដោយសារវិបត្តិដែលកំពុងកើតមាន ហើយបែរមកសហការជាមួយដៃគូ ដើម្បីធានាថាអ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទដែលបណ្តាលមកពីជម្លោះ ត្រូវទទួលបានការការពារ និងការគាំទ្រពីអ្នកអនុវត្តច្បាប់ និងអ្នកផ្តល់សេវាកម្មផ្សេងៗ។ ពួកគេទាំងនេះត្រូវផ្តល់ជំនួយផ្នែកច្បាប់ដោយផ្ទាល់ដល់អ្នកនៅរស់រានមានជីវិតក្នុងខែមេសា។

អ្នកស្រី Kit បន្តថា វាអាចទៅរួចក្នុងការផ្លាស់ប្តូរវិធីសាស្រ្ត ដើម្បីស៊ើបអង្កេតករណីដែលទាក់ទងនឹងអំពើហិង្សាផ្លូវភេទតាមរយៈបទពិសោធន៍ និងការអនុវត្តជាក់ស្តែងតែប៉ុណ្ណោះ។ សូម្បីតែការការពារផ្លូវច្បាប់ខ្លាំងបំផុតក៏មិនអាចបញ្ចុះបញ្ចូលប៉ូលីស ឬចៅក្រមឱ្យជឿជាក់ជនរងគ្រោះបានដែរ។

ប៉ុន្តែតាមរយៈការប្រាស្រ័យទាក់ទងជាមួយភ្នាក់ងារអនុវត្តច្បាប់និងតុលាការ ក្រុមមេធាវី JurFem អាចបំបែកគំរូដែលមានស្រាប់ និងធានាបាននូវសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះ។

ទោះបីជាការងារតស៊ូមតិដោយពឹងផ្អែកលើការបណ្តុះបណ្តាលផ្នែកច្បាប់ និងបទពិសោធន៍ជាច្រើនទស្សវត្សរបស់អ្នកស្រីក៏ដោយ អ្នកស្រីនៅតែសង្កត់ធ្ងន់ថា អ្នកមិនត្រូវការជំនាញ ឬចំណេះដឹងពិសេសដើម្បីចូលរួមក្នុងបុព្វហេតុមួយនេះឡើយ ប៉ុន្តែយើងម្នាក់ៗគួរតែធ្វើការដើម្បីការផ្លាស់ប្តូរអ្វីមួយឱ្យកាន់តែប្រសើរឡើង។

តាមប្រភពដដែលបានដឹងថា អ្នកស្រី​បន្តជំហរថា អ្វី​ដែលជាគោលដៅពិតជាក់ស្តែងនោះ ​គឺ​សហគមន៍​និង​ការ​យក​ចិត្ត​ទុក​ដាក់ រួបរួមសាមគ្គីគ្នា បញ្ចូល​ការ​គាំទ្រ​ពី​មនុស្ស​ដែល​មាន​គំនិត​ដូច​គ្នា និង​កម្លាំងកាយកម្លាំងចិត្ត ថែរក្សាសុវត្ថិភាព និងសុខភាពផ្លូវចិត្ត ហើយធ្វើអ្វីដែលពួកគេគិតថាត្រឹមត្រូវ។

​សព្វ​ថ្ងៃ​នេះ វា​ជា​ការ​លំបាកមួយ ​ជា​ពិសេស​រំពឹងថាពិភព​លោកទាំងមូល​​គ្មាន​អំពើ​ហិង្សា​លើ​យេនឌ័រ។ ជាពិសេស ប្រសិនបើមិនអាចទប់ស្កាត់សង្រ្គាមនេះបាន តើយើងអាចលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រនេះបានដែរឬទេ?

សូមបញ្ជាក់ថា អ្នកស្រីនៅតែជឿថា ករណីនេះអាចកាត់បន្ថយអត្រានៃជនរងគ្រោះបាន ដោយបង្កើតយន្តការឆ្លើយតបឱ្យកាន់តែប្រសើរឡើង និងនាំជនល្មើសមកដាក់ទោសទណ្ឌតាមបទឧក្រិដ្ឋរបស់ពួកគេ។ អ្នកស្រី​បន្ត​ថា ស្ត្រី និង​កុមារី​អ៊ុយក្រែននឹងមាន​អនាគត​ល្អ​ប្រសើរ លុះត្រាតែយុត្តិធម៌​​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ដូច្នេះ​រឿង​នេះ​មិន​កើត​ឡើង​ទៀត​នោះទេ៕

ប្រភពៈ គេហទំព័រ United Nation ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ​ ឆ្នាំ២០២២

Share

Image
Image
Image