en     km
en     km

មេធាវីកញ្ញា​ ឈឹម ស៊ីថរ បន្ដប្ដឹងឧទ្ទរណ៍ ដើម្បីទាមទារតុលាការដោះលែងកូនក្ដីខ្លួនឱ្យនៅក្រៅឃុំ

Share

សាលា​ដំបូង​រាជធានី​ភ្នំពេញសម្រេច​បដិសេដ មិន​អនុញ្ញាត​ឲ្យ​កញ្ញា ឈឹម​ ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃក្រុម​ហ៊ុនបនល្បែងណាហ្គាវើលដ៍​បាន​ស្ថិត​នៅ​ក្រៅ​ឃុំជាបណ្តោះ​អាសន្ន ក្រោម​ហេតុ​ផលថា​បារម្ភ​អំពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​សា​ជាថ្មី។ នេះជាការសម្រេចរបស់សាលា​ដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ទោះយ៉ាងណាមេធាវីកញ្ញា​ ឈឹម ស៊ីថរ បន្ដប្ដឹងឧទ្ទរណ៍ដើម្បី ទាមទារឱ្យតុលាការដោះលែងកូនក្ដីខ្លួនឱ្យនៅក្រៅឃុំ។លោក គីម​ ចាន់ចាវ រាយការណ៍

 

 

ក្រុម​មេធាវីការពារក្ដីឱ្យប្រធានសហជីពរូបនេះ បានអោយដឹងថា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​សំណើ​សុំ​នៅក្រៅ​ឃុំ​របស់​ ​កញ្ញា​ឈឹម ស៊ីថរ​ ដែលត្រូវបាន​ចាប់ខ្លួន​ ដោយសារ​តែ​បំពាន​លក្ខខណ្ឌ​មួយ​ចំនួន​ អំឡុងពេលកំពុង​ដាក់​ឲ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​។

 

 

កញ្ញា ឈឹម ស៊ីថរប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។

 

ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ទាំងពីរលើកកើតមាន​ឡើង ស្រប​ពេល​គ្មានដំណោះ​ស្រាយ​សម្រាប់​កូដកម្ម​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​ដែល​បាន​អូស​បន្លាយ​ពេល​មក​ជិត​មួយ​ឆ្នាំ ដែលក្រុមកូដករដទៃទៀតកំពុងតែធ្វើការតវ៉ាជាបន្តបន្ទាប់។ កញ្ញា​ ឈឹម ស៊ីថរ ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​លើក​ទីមួយ ​កាល​ពី​ខែ​មករា ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដោយ​សារ​សកម្មភាព​កូដកម្ម​របស់​សហជីព​ដែល​កញ្ញា​ដឹកនាំ។ ​ក្រោយមកត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ខែ​មីនា​ ឆ្នាំ២០២២ ហើយ​ត្រូវ​បាន​ ​ប៉ូលីស​អន្តោប្រវេសន្ត៍ចាប់​ខ្លួន​សា​ជាថ្មី​ នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ពីថ្ងៃទី២៦​ វិច្ឆិកា ​និង​បាន​បញ្ចូន​ទៅឃុំ​ខ្លួន​នៅពន្ធនាគារ​ព្រៃស ក្រោយពីមេដឹក​នាំ​សហជីព​រូបនេះ​ត្រឡប់​មក​ពីកិច្ចប្រជុំ​មួយ​នៅឯប្រទេស​អូស្ត្រាលី។

 

លើរឿងក្ដីមេសហជីព ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍នេះ​ ក្រុមមេធាវី​ការពារ​ក្តីកញ្ញា ​ឈឹម ស៊ីថរ​ បាន​សម្រេច​បឹ្តង​​ទៅ​សាលា​ឧទ្ធរណ៍​ ពាក់​ព័ន្ធ​នឹង​ការ​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក សំ ចំរើន មេធាវីការពារក្ដីឱ្យកញ្ញា​ ឈឹម ស៊ីថរ រំពឹងថាសាលាឧទ្ធរណ៍នឹងពន្លឿនការបើកសាវនាការលើសំណុំរឿងនេះក្នុងពេលដ៏ខ្លីខាងមុខ។

 

«យើងដាក់បណ្ដឹងហើយៗ… ប្រហែលមិនយូរទេព្រោះអីរឿងហ្នឹងយើងឆាប់រហ័ស ប្រហែលជាអាច១អាទិត្យ ឬ២អាទិត្យទៀត អាចសម្របសម្រួលរឿងហ្នឹងដាក់កម្មវិធីឱ្យគេ បើអញ្ចឹងត្រូវដោះលែងគេណា៎ ចឹងសាលាឧទ្ធរណ៍គេប្រយ័ត្នប្រយែងណាស់ មិនយូរទេ»។

 

អ្នកនាំពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ ​កាលពីថ្ងៃទី២៩​វិច្ឆិកា​​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយដោយ​បញ្ជាក់ថា​ មូល​ហេតុ​នាំឲ្យមាន​ការចាប់​ខ្លួនជាថ្មី​ កញ្ញា ឈឹម ស៊ីថរ​ ប្រធាន​សហជីព​កម្មករ​ណាហ្គាវើលដ៏ ​ដោយសារ​តែការចាកចេញ​ពីប្រទេស​កម្ពុជា ​ដោយគ្មាន​ការ​អនុញ្ញាត​ពីចៅក្រម​ស៊ើបសួរ​ ដែល​អំពើនេះ​ គឺបាន​បំពាន​លើកាតព្វកិច្ច​នៃការ​ត្រួតពិនិត្យ​តាម​ផ្លូវតុលាការ​។ ប៉ុន្តែ​សម្រាប់​សង្គមស៊ីវិល​ និង​បណ្ដាប្រទេស​មួយចំនួន​ បាន​ចាត់​ទុកការ​ចាប់ខ្លួននេះ ​គឺជាការ​គំរាមគំហែង​ និង​ធ្វើទុក្ខ​បុកម្នេញ ​ក៏ដូចជា​ការ​បំភិត​បំភ័យ​លើ​មេ​ដឹកនាំ​សហជីព​ និង​អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ដែល​កំពុង​ធ្វើការ​តវ៉ាទាមទារ​រកដំណោះស្រាយ​វិវាទការងារ។​

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពន្យល់ថា ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ សារជាថ្មីនេះ បន្ទាប់ពីចៅ​ក្រមស៊ើបសួរសម្រេចដោះលែងឲ្យនៅក្រៅឃុំ កន្លងមក គឺចៅក្រមស៊ើបសួរបានប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឲ្យបានម៉ឺងម៉ាត់។ បើយោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វ​ត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឲ្យឃុំខ្លួនជនត្រូវចោទបណ្ដោះ​អាសន្នបាន។

 

ទោះយ៉ាងណាលើករណីនេះនាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​កាពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែលតាមឃ្លាំមើលសំណុំរឿងនេះជាប្រចាំ គឺលោក អំ សំអាត​ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៧ ខែធ្នូ ​ថាកញ្ញា​ឈឹម ស៊ីថរ​ មិនដែល​ធ្លាប់​ទទួល​សេចក្តីជូន​ដំណឹង​អំពីការដាក់​ឱ្យ​ស្ថិត​ក្រោមការ​ត្រួតពិនិត្យ​របស់​តុលាការ​ នៅ​មុន​ពេល​កញ្ញា​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​នោះទេ។

 

 

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការកាពារសិទ្ធិមនុស្សលីកាដូ។

 

«ចាប់ពីកញ្ញា​ ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ណោះអាសន្នពីលើកទី១ហ្នឹងមក កញ្ញា ឈឹម ស៊ីថរ ក៏ដូចជាមេធាវីរបស់កញ្ញា ឈឹម ស៊ីថរ មិនដែលបានទទួលនូវការជូនដំណឹង ឬក៏ទទួលដីការដាក់ឱនៅក្រោមការត្រួតពិនិត្យរបស់តុលាការនោះទេ។ អញ្ចឹងបើសិនជាកញ្ញា ឈឹម ស៊ីថរ និងមេធាវី មិនបានទទួលដីការតុលាការ វាស្មើនឹងអត់ដឹង ស្មើនឹងអត់មានដីការដល់គាត់ អញ្ចឹងការដែលគាត់ចាកចេញទៅក្រៅប្រទេសដោយសារតែគាត់អត់ដឹងពីលក្ខខណ្ឌ នៃការដាក់ឱ្យក្រោមការត្រួតពិនិត្យរបស់តុលាការ អញ្ចឹងវាជាកំហុសនីតិវិធីរបស់តុលាការ មិនមែនជាកំហុសរបស់កញ្ញាឈឹម ស៊ីថរ នោះទេបាទ»។

លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ បានអោយដឹងថា ជនត្រូវចោទដែលត្រូវដោះលែងអោយនៅក្រៅឃុំ អាចជាប់លក្ខខណ្ឌ ឬមិនជាប់លក្ខខណ្ឌគឺអាស្រ័យលើតុលាការជាអ្នកកំណត់។ លោកបន្តថា បើការសម្រេចឱ្យនៅក្រៅឃុំនេះជាប់ជាមួយលក្ខខណ្ឌ តុលាការត្រូវផ្ដល់ដីការមួយបញ្ជាក់ពីលក្ខខណ្ឌជូនសមីខ្លួន ក៏ដូចជាមេធាវីការពារក្ដីឱ្យជនត្រូវចោទ។

 

លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ

«មិនមែនជនជាប់ចោទទេ ជនត្រូវចោទមានន័យថា គេចោទប្រកាន់ហើយ តែចោទប្រកាន់មិនទាន់ឆ្លង ស៊ើបអង្កេតចប់ជំនុំជំរះទេ យល់ទេ នេះគេហៅជនត្រូវចោទ។ ស៊ីសងតុលាការកំណត់ទេ ជួនណាគេអត់មានកំណត់អីសោះយើងទៅណាក៏ទៅចឹងហា៎ ជួនកាលគេកំណត់ថាមិនត្រូវធ្វើនេះ មិនត្រូវធ្វើនោះ មិនត្រូវទៅណាអីចឹងយើងធ្វើតាមកំណត់គេចឹងទៅ។ ហើយបើសិនជាយើងយល់ថាអាដែងលក្ខខណ្ឌហ្នឹងតឹងតែងពេក ដាក់ពាក្យស្នើសុំកែទៅ ហើយបើយើងចង់ចេញក្រៅប្រទេស យើងស្នើសុំចៅក្រមទៅ ព្រោះជួនកាលឧបមាថាយើងឈឺដឹកទៅផ្ទាល់ទៅក្រៅប្រទេសហើយមិនឱ្យទៅម៉េចកើត! យល់ហេ៎ចឹង?»

ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។​ ការតវ៉ារបស់កម្មករ​ជាង១០០​នាក់ ​ ​ បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២១ ​ដោយ​មាន​ការ​ចោទ​ប្រកាន់ក្រុមហ៊ុន​ថា​ ​បាន​បញ្ឈប់​កម្មករ​និយោជិត​ដោយ​បង្ខំ ​ហើយ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បញ្ឈប់​នោះ​គឺ​ជា​សមាជិក​សហជីព។ កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ក្រោយពេលដែលតុលាការសម្រេចបដិសេដសំណើរនៅក្រៅឃុំ កញ្ញា​ ឈឹម ស៊ីថរ កូដករមួយចំនួន ចេញមក ឈរនៅខាងក្រៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច និងពណ៌ខៀវ ដូចឯកសណ្ឋានអ្នកទោស ដើម្បីបង្ហាញការគាំទ្រកញ្ញា ឈឹម ស៊ីថរ។

 

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពីពេលថ្មីៗនេះ បាន​ចេញសេចក្ដីថ្លែងការណ៍ដោយឡែកពីគ្នា ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​កញ្ញា​ឈឹម ស៊ីថរ មេ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍ និង​ស្នើ​ឱ្យ​មាន​ការសម្របសម្រួល រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​កម្មករ​-​និយោជិត​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​។ ទាំងអាមេរិក និងអូស្ត្រាលី ​បាន​បង្ហាញ​ពី​ក្ដីបារម្ភ​ដូចគ្នាចំពោះ​ការចាប់ខ្លួន​កញ្ញា​ឈឹម ស៊ីថ​រ និង​​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្របសម្រួលរ​ក​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​សមធម៌ ចំពោះ​វិវាទ​ការងារ​ដ៏​ចម្រូងចម្រាស់​នៅ​ក្រុមហ៊ុន​កាស៊ីណូ​នេះ សម្ដៅ​ធានា​ការពារ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​របស់​សហជីព និង​កម្មករ​៕

Share

ព័ត៌មានទាក់ទង

Image