en     km
en     km

ជនភៀសខ្លួនហៃទីអាចស្នាក់នៅបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកបន្តទៀត

Share

 

SAN DIEGO៖ យោងតាមAP រដ្ឋបាលលោក Biden បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងពង្រីកលក្ខខណ្ឌផ្លូវច្បាប់ស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនជាតិហៃទីដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ដោយចាត់ទុកហៃទីជាប្រទេសក្នុងតំបន់ការាបៀនគឺមានគ្រោះថ្នាក់ខ្លាំងសម្រាប់ការចាប់បង្ខំជនភៀសខ្លួនឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ។

នាយកដ្ឋានសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបានថ្លែងនៅថ្ងៃទី 6 ខែវិច្ឆិកាថា ប្រជាជនហៃទីដែលរស់នៅសហរដ្ឋអាមេរិកអាចដាក់ពាក្យសុំសិទ្ធិជ្រកកោនបណ្តោះអាសន្ន ហើយអ្នកដែលទទួលបានសិទ្ធិជ្រកកោនកាលពីឆ្នាំមុនអាចបន្តស្នាក់នៅ18 ខែបន្ថែមទៀត រហូតដល់ថ្ងៃទី 3 ខែសីហា ឆ្នាំ 2024។

រដ្ឋបាលលោកបាយដិនបានពង្រីកស្ថានភាពស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រទេសមួយចំនួន ដូចជា៖ប្រទេសហៃទី អាហ្វហ្គានីស្ថាន អ៊ុយក្រែន មីយ៉ាន់ម៉ា កាមេរូន និងវេណេហ្ស៊ុយអេឡា។ជាធម្មតាប្រទេសដែលទទួលបានការអនុគ្រោះទាំងនេះដោយសារ គ្រោះមហន្តរាយធម្មជាតិ ឬសង្គ្រាមស៊ីវិល។

ប្រទេសហៃទីបានរងនូវភាពចលាចលកាន់តែខ្លាំងឡើងចាប់តាំងពីការធ្វើឃាតប្រធានាធិបតី Jovenel Moïse ខែកក្កដា ឆ្នាំ 2021។ ម្យ៉ាងទៀតការរាតត្បាតនៃជំងឺអាសន្នរោគដែលកំពុងកើតមានពាសពេញប្រទេសនិងកំពុងឆក់យកជីវិតកុមារកាន់តែច្រើន ស្របពេលមានការកើនឡើងនៃកង្វះអាហារូបត្ថម្ភ។

លោក Alejandro Mayorkas រដ្ឋលេខាធិការសន្តិសុខមាតុភូមិបាននិយាយថា “ស្ថានភាពនៅក្នុងប្រទេសហៃទី រួមទាំងបញ្ហាសេដ្ឋកិច្ចសង្គម អស្ថិរភាពនយោបាយ អំពើហឹង្សារបស់ក្រុមក្មេងទំនើង និងឧក្រិដ្ឋកម្ម កើតកាន់តែធ្ងន់ធ្ងរឡើង រួមទាំងគ្រោះមហន្តរាយបរិស្ថានបានបង្ខំឱ្យមានការកិច្ចការសង្គ្រោះមនុស្សនៅពេលនេះ” ។

ប្រភពដដែលមិនបានបញ្ជាក់ពីចំនួនជនជាតិហៃទីត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការពន្យាពេលស្នាក់នៅនេះទេ។ តាមការប៉ាន់ប្រមាណមានជនជាតិហៃទីចំនួន 40,000 (៤ម៉ឺននាក់)ត្រូវបានផ្តល់សិទ្ធិជ្រកកោនបណ្ដោះអាសន្ន(TPS) ក្នុងឆ្នាំ 2011 ។

បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសហៃទីកាលពីឆ្នាំមុន ជនជាតិហៃទីចំនួន 3,200 នាក់ផ្សេងទៀតទទួលបានសិទ្ធិជ្រកកោនបណ្ដោះអាសន្ន (TPS) ហើយត្រូវបានពន្យាពេលស្នាក់នៅ 18 ខែបន្ថែមទៀត។

ភាពវឹកវរក្នុងប្រទេសហៃទីបានជំរុញឱ្យមានជនភៀសខ្លួនទៅកាន់អាមេរិកខាងត្បូង ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានបញ្ជូនជនជាតិហៃទីជាច្រើននាក់ត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីពួកគេប្រមាណ 16,000 នាក់ ដែលភាគច្រើនពួកគេបានបោះជំរុំនៅទីក្រុង Del Rio នៅព្រំដែនរដ្ឋតិចសាស់ កាលពីខែកញ្ញាឆ្នាំ 2021 ។ រដ្ឋបាលលោក Trump បានផ្អាកការស្វែងរកសិទ្ធិជ្រកកោនដោយហេតុផលការពារការរីករាលដាលនៃជំងឺ COVID- ១៩។

ការនិរទេសជនជាតិហៃទី ទៅកាន់ប្រទេសកំណើតវិញ ហាក់បីដូចជាថយចុះ ខណៈដែលលក្ខខណ្ឌក្នុងប្រទេសហៃទីកាន់តែយ៉ាប់យ៉ឺន។ សាក្សីនៅព្រំដែនដែលជាក្រុមតស៊ូមតិតាមដានការនិរទេសខ្លួនបាននិយាយកាលពីថ្ងៃចន្ទថាមិនឃើញមានជើងហោះហើរដឹកជនភៀសខ្លួនទៅកាន់ប្រទេសហៃទីវិញនោះទេចាប់តាំងពីថ្ងៃទី 6 ខែកញ្ញាឆ្នាំនេះមក។ អាជ្ញាធរសហរដ្ឋអាមេរិកបានឃុំខ្លួនជនជាតិហៃទីប្រមាណ 6,700 នាក់នៅតាមព្រំដែនម៉ិកស៊ិកក្នុងខែតុលា ដែលជាចំនួនកើនឡើងជារៀងរាល់ខែចាប់តាំងពីខែកញ្ញា ឆ្នាំ 2021។  មេដឹកនាំព្រឹទ្ធសភាលោក Chuck Schumer ដែលបានស្នើឱ្យបន្តការស្នាក់នៅកាលពីសប្តាហ៍មុនបាននិយាយថាជនជាតិហៃទីជាង 100,000(១០ម៉ឺននាក់) នឹងមានសិទ្ធិទទួលបានឋានៈស្នាក់នៅបណ្តោះអាសន្នតាមសេចក្ដីប្រកាសកាលពីថ្ងៃចន្ទ។លោកបាននិយាយថា “ការផ្តល់ការការពារបណ្តោះអាសន្នដល់ជនជាតិហៃទីនៅសហរដ្ឋអាមេរិកគឺមានសារៈសំខាន់យ៉ាងខ្លាំងនៅពេលដែលប្រទេសហៃទីបន្តប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ និងមានអស្ថិរភាពនយោបាយកាន់តែយ៉ាប់យ៉ឺន” ។ លោក Guerline Jozef នាយកប្រតិបត្តិ Haitian Bridge Alliance បាននិយាយថា “យើងរីករាយ និងអបអរសាទរជាមួយជនជាតិហៃទីរបស់យើង ហើយឈរក្នុងសាមគ្គីភាពបន្តធ្វើការជាមួយសហគមន៍ Haitian និង Haitian-American” ។ វិទ្យាស្ថាន Cato ដែលជាអ្នកតស៊ូមតិសម្រាប់ច្បាប់អន្តោប្រវេសន៍ បាននិយាយកាលពីសប្តាហ៍មុនថាមនុស្សជិត 1 លាននាក់ទទួលបានសិទ្ធិជ្រកកោនបណ្ដោះអាសន្ន(TPS) ក្រោមរដ្ឋបាលលោក Biden គឺច្រើនជាងទ្វេដងបើប្រៀបនឹងរដ្ឋបាលលោក Trump ។

ប្រភព៖ AP ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២

Share

ព័ត៌មានទាក់ទង

Image