យុវជនចំនួន ៣០នាក់ បាននឹងកំពុងធ្វើយុទ្ធនាការជិះកង់ដើម្បីសិទ្ធិមនុស្ស ដោយជិះកង់ចេញពីតំបន់ប្រាសាទអង្គរ ឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យនៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៦-១០ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមបណ្ដាញយុវជនកម្ពុជា CYN។
លោក ហេង គីមហុង ប្រធានសមាគម CYN បានឱ្យដឹងថា ការជិះកង់របស់ក្រុមយុវជន មានគោលបំណង អបអរសាទរទិវាសិទ្ធិមនុស្សអន្ដរជាតិឆ្នាំ២០២២នេះ ដែលជាខួបលើកទី៧៤។ ក្រៅពីនេះ កម្មវិធីនេះជាផ្នែកមួយចង់ផ្ញើសារដល់រដ្ឋាភិបាល ជំរុញការបេ្ដជ្ញាចិត្តពង្រឹងការគោរពដោយផ្ដល់លំហប្រជាធិបតេយ្យឱ្យបានពេញលេញ និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិជាមូលដ្ឋានដែលកំណត់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។
លោកបន្ដថា កម្មវិធីនេះក៏ចង់ជំរុញឱ្យរដ្ឋាភិបាលផ្ដល់លំហសេរីភាពពេញលេញដល់សហគមន៍នៅមូលដ្ឋាន និងប្រជាពលរដ្ឋខ្មែរក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្មដោយសន្ដិវិធី សិទ្ធិជួបជុំ សិទ្ធិផ្នែកវិជ្ជាជីវៈការចូលរួមកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសសិទ្ធិសម្រេចចិត្តក្នុងការបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំគ្រប់ទម្រង់។
គោលបំណងធំចុងក្រោយប្រធានសមាគមន៍ CYN បានរំលេចថា កម្មវិធីធិះកង់នេះនឹងបញ្ជ្រាបការយល់ដឹងពីលំហសេរីភាព និងជាផ្នែកមួយជួយលើកទឹកចិត្តដល់យុវជនឱ្យមានជំនួបពិភាក្សា ការជជែកដេញដោលពីបញ្ហានយោបាយសង្គម និងការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចការសង្គមឱ្យកាន់តែប្រសើរលើគ្រប់វិស័យ។
សូមជម្រាបថា ការជិះកង់របស់ក្រុមយុវជននេះចែកចេញជាពីរព្រឹត្តិការណ៍ ទី១ ចេញពីខេត្តសៀមរាប មកទីលានប្រជាធិបតេយ្យភ្នំពេញ។ ចំណែកព្រឹត្តិការណ៍ទី២ គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នឹងមានព្រឹត្តិការណ៍ជិះកង់ ១០ធ្នូ ចម្ងាយ ៣០ គីឡូម៉ែត្រនៅរាជធានីភ្នំពេញ៕