ភ្នំពេញ៖ នៅរាត្រីពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចំនួន ២ កង ទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ដែលបានបញ្ចប់ភារកិច្ចរយៈ ១ ឆ្នាំ។ នេះបើតាមទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចុះផ្សាយនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ។
កងកម្លាំងទី១ គឺកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះមានចំនួន ១២៩ នាក់ក្នុងនោះមាននារី ១៦នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD មានចំនួនសរុប ១៤៤នាក់ មាននារី១៨នាក់។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនិយាយថា កម្ពុជាបានបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសនានា ដែលកំពុងប្រឈម និងរងគ្រោះដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជាងនេះកម្ពុជាបានចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះតាមតំបន់ឬប្រទេសគោលដៅដែលបានបញ្ជូនទ័ពមួកខៀវទៅផងដែរ។
មួយទៀតដែរ បេសសកម្មរបស់កងទ័ពមួកខៀវកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជួយដល់បណ្តាប្រទេសដែលរងការហែកហួរដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាមមិនចេះចបើមិនចេះហើយផងដែរ។ ជាងនេះទ័ពមួកខៀវកម្ពុជាមានទាំងប្រុសទាំងស្រី បានចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។ ពិសេសជាងនេះ កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនដទៃទៀតដែលរងផលប៉ះពាល់ដោយសង្គ្រាម។ នេះបើតាមការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដដែរ។
សូមបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់ឆ្នាំ ២០២២ កម្ពុជាបានសម្រេចបញ្ជូនកងកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពសរុបចំនួន ៨.៤៧៥នាក់ ទៅប្រទេសចំនួន៩ រួមមានៈ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
បច្ចុប្បន្ន កងកម្លាំងយោធាមួកខៀវកម្ពុជា ចំនួន ៨០១ នាក់បាននិងកំពុងបំពេញ កាតព្វកិច្ចរក្សាសន្តិភាព នៅប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕