រដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានលើកសរសើរការប្រឡងបាក់ឌុបថា រីកចម្រើនលើសការរំពឹងទុករបស់ក្រសួងអប់រំ ដោយមិនចាប់បានសំណៅឯកសារឬព្រីយ៉ុងច្រកទាំងការ៉ុងៗដូចកាលពីពេលប្រឡងមុនៗទៀតនោះឡើយ បើធៀបការប្រឡងដំបូង។ ក្រសួងចាត់ទុកថា ពីមួយឆ្នាំទៅមួយឆ្នាំបេក្ខជនប្រឡងគោរពវិន័យបានកាន់តែល្អ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ថ្ងៃបើកហឹបវិញ្ញាសាប្រឡងសញ្ញាប័ត្រទុតិយភូមិ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានដោយកត់សម្គាល់ឃើញថា បេក្ខភាពប្រឡងគោរពក្រឹត្យក្រមប្រឡងបានល្អ ដោយមិននាំវិញ្ញាសាឬព្រីយ៉ុងភ្ជាប់មកជាមួយខ្លួនឡើយ។ ក្រសួងចាត់ទុកថា នេះជាការវិវឌ្ឍន៍មួយល្អលើសការរំពឹងទុក និងពីមួយឆ្នាំទៅមួយឆ្នាំការគោរពវិន័យរបស់សិស្សបានកាន់តែល្អ ហើយសិស្សានុសិស្សខិតរៀនសូត្រជាងមុន។
លោករដ្ឋមន្ដ្រីបានលើកឡើងថា រយៈពេលជាង៦ឆ្នាំចុងក្រោយនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប មិនមានបាតុភាពពាក់ព័ន្ធជាមួយសំណៅឯកសារគួរឱ្យកត់ទេ មានតែកាលពីឆ្នាំដំបូងដែលអនុរក្សចាប់បានទាំងប៉ាវៗ។
ការលើកឡើងរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ ធ្វើឡើងនៅពេលលោកចូលរួមបើកហិបវិញ្ញាសានៅសាលាវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ។
បើតាមបទប្បញ្ញត្តិនៃការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងដាក់គោលជំហរថា ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
សូមជម្រាបថា ដំណើរការសំណេរនៅព្រឹកថ្ងៃចន្ទនេះ មាន ២ មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ ។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២ មុខវិជ្ជាដែរ គឺផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា។ នេះបើយោងតាមកាលវិភាគនៃការប្រឡងរបស់ក្រសួងអប់រំ។
ដោយឡែកវិញ្ញាសាចែកចេញជាពីរដែរ គឺមានការសេរលើក្ដារខៀន និងវិញ្ញាសាសន្លឹកក្រដាស ចែកដល់បេក្ខជននីមួយៗ។
សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ មានបេក្ខភាពចុះឈ្មោះប្រឡងសរុប ១២ម៉ឺន ៨ពាន់ ១៣៤នាក់ ស្រី ៦ម៉ឺន៨ពាន់ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀត៕