កាលពីថ្ងៃអាទិត្យទី៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញជាថ្ងៃដែលបេក្ខជនទូទាំងប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់មណ្ឌលរៀងៗខ្លួនដើម្បីផ្ទៀងផ្ទាត់ឈ្មោះ និងបន្ទប់សម្រាប់ត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគឺប្រព្រឹត្តទៅរយៈពេល ២ ចាប់ពីថ្ងៃទី ៥និងទី៦ខែធ្នូ ឆ្នាំ២០២២។
បើយើងក្រឡេកមកមើលមណ្ឌលប្រឡងនៅក្នុងខេត្តកំពង់ឆ្នាំងវិទ្យាល័យព្រះបាទសុរាម្រឹត បានចាប់ផ្តើមបិទឈ្មោះបេក្ខជន តាំងពីម៉ោង៨ នាទីព្រឹកមកម៉្លេះ ។ យើងសង្កេតឃើញថា មានបេក្ខជនសិស្សានុសិស្សមកបន្តគ្នាជាហូរហែរដើម្បីមកផ្ទៀងផ្ទាត់ឈ្មោះ និងទៅមើលបន្ទប់ដែលខ្លួនត្រូវប្រឡងឲ្យហើយ។ ក្នុងកំឡុងពេលមើលឈ្មោះនោះ យុវជនក្នុងគម្រោង«សំឡេងយុវជនមានសារៈសំខាន់»បានសាកសួរចំណាប់អារម្មណ៍របស់បេក្ខជនផ្ទាល់។
បេក្ខនារី គ្រុម ស៊ីនីត សិស្សវិទ្យាសាស្រ្តសង្គម និយាយថា ប្អូនមានការភ័យព្រួយតិចៗដែរជាមួយការប្រឡងនៅថ្ងៃស្អែក។ តែយ៉ាងណាប្អូនស្រី ថាបានត្រៀមខ្លួនរួចរាល់ហើយដោយបានតាំងចិត្តធ្វើឱ្យបានល្អនៅថ្ងៃប្រឡង។
ដំណាលគ្នានោះ ទិដ្ឋភាពក្នុងសាលាក៏មានគណៈគ្រប់គ្រងសាលាម្នាក់បានធ្វើសេចក្តីប្រកាសអំពីរបៀបនៃការមើលឈ្មោះ លេខតុ លេខបន្ទប់ លក្ខខណ្ឌ និងបទបញ្ញត្តិផ្សេងៗដល់បេក្ខជន។
មានបេក្ខជនខ្លះមកជាមួយអាណាព្យាបាល បេក្ខជនខ្លះយកផ្លែឈើមកសែននិងធ្វើការបន់ស្រន់ផងដែរ។ សូមបញ្ជាក់ថា បេក្ខភាពនៅនៅមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត មានសរុបទាំងអស់ ៦៥០នាក់ ក្នុងនោះស្រី ៣៤៦នាក់។ ចំណែកបន្ទប់សម្រាប់សិស្សប្រឡងមានចំនួន ២៦ បន្ទប់នៅអគារបណ្តោយថ្ងៃទិសខាងជើង។
បើយើងក្រឡេកមើលបរិវេណជុំវិញសាលាវិញ គេសង្កេតឃើញថាមានការរៀបចំមានរបៀបរៀបរយ តាមបន្ទប់នីមួយៗ និងមានសណ្តាប់ធ្នាប់ គ្មានសំរាម ឬក្រដាសអ្វីនោះឡើយពាសវាលពាសកាសឡើយ៕
អត្ថបទខ្លីនេះសរសេរដោយ រ៉ា រតនា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។